យាន​រ៉ុក្កែត​របស់​ក្រុមហ៊ុន Virgin Galactic ហោះ​ទៅដល់​ដង​តារាវិថី​ជាថ្មី​ម្តងទៀត​ក្នុង​ការហោះ​សាកល្បង​ជា​លើក​ទី​ពីរ​

648
ចែករម្លែក
  • 1
    Share

​យាន​រ៉ុក្កែត​របស់​ក្រុមហ៊ុន Virgin Galactic បាន​ហោះចូល​ទី​អវកាស​ជា​លើក​ទី​២​នៅក្នុង​ការហោះហើរ​សាក​ល្បង​នៅលើ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កុម្ភៈ ដោយ​ហោះ​ឡើង​ខ្ពស់ជាង​មុន​និង​លឿន​ជាង​មុន ខណៈ​ដឹកជញ្ជូន​អវកាសយានិក​ដើម្បី​វាយតម្លៃ​បទពិសោធន៍​អ្នកដំណើរ​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​នោះ​។​

​ក្រុមហ៊ុន Virgin Galactic និយាយថា យាន​រ៉ុក្កែត​មាន​ស្លាប​នេះ​បាន​ហោះ​ឡើងលើ​មេឃ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​៣​ដង​គឺ​ដល់​កម្ពស់ ៨៩,៨ គីឡូម៉ែត្រ មុនពេល​ចុះចត​ដោយ​សុវត្ថិភាព​នៅ​កំពង់ផែ​អាកាស​និង​អវកាស Mojave នៅក្នុង​តំបន់​វាល​ខ្សាច់​ភាគ​ខាងជើង​នៃ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​។​

​ក្រៅពី​ប្រធាន​បើកបរ​យានអវកាស​លោ​ក​ដេវីត ម៉ាក​ខាយ និង​លោក​ម៉ៃ ម៉ា​ស៊ូ​ក​ស៊ី ក្រុម​អវកាសយានិក​នេះ​ក៏​រួមមាន​ទាំង​ប្រធាន​គ្រូបង្វឹក​អវកាសយានិក​របស់​ក្រុមហ៊ុន Virgin Galactic ផងដែរ គឺ​លោក បេ​ត ម៉ូ​ស​សេ​។​

​លោក​ម៉ូ​ស​សេ ដែល​គេ​ចាត់ទុកជា​អ្នកស្រាវជ្រាវ​ផ្នែក​អតិសុខុមប្រាណ​ដ៏​ជំនាញ​ម្នាក់​ដែល​ទទួលខុសត្រូវ​ក្នុងការ​វាយតម្លៃ​ប្រព័ន្ធ​ដឹក​អ្នកដំណើរ បាន​ហោះ​អណ្តែត​ដោយ​សេរី​ដើម្បី​សាកល្បង​ធាតុ​នានា​នៅ​ផ្ទៃ​ខាងក្នុង​យាន​។​

​ក្រុមហ៊ុន Virgin Galactic កំពុងធ្វើការ​ងារ​ឆ្ពោះទៅរក​ការធ្វើ​ពាណិជ្ជកម្ម ដែល​នឹង​ដឹក​អ្នកដំណើរ​ទៅ​ដង​តារាវិថី​ទាប​ក្បែរ​ស្រទាប់ផែនដី​រយៈពេល​ពី​រ​បី​នាទី​ដើម្បីឱ្យ​ស្គាល់​រសជាតិ​ការហោះ​អណ្តែត​លើ​សុញ្ញ​អាកាស​និង​គយគន់​ទេសភាព​ផែនដី​។​

​ក្រុមហ៊ុន​នេះ​មានបំណង​ធ្វើ​ប្រតិបត្តិការ​យានអវកាស​ជាច្រើន​ចេញពី​ស្ថានីយ Spaceport America ក្នុង​តំបន់​វាល​ខ្សាច់​ខ្ពស់​នៅ​ភាគខាងត្បូង​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ី​កូ​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ