ត្រាំ​និង​ស៊ី​អាច​ជួប​គ្នា​នៅ​ខែ​ក្រោយ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​

607
ចែករម្លែក
  • 12
    Shares

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយថា​លោក​អាច​ជួប​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​នៅ​ខែ​ក្រោយ ដើម្បី​សំរេច​ឡើង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​ទំនងជា​​នឹង​កើតមាន​ខ្លាំង​ជាង​អត់ និង​ថា​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​កំពុង​លេចឡើង​ស្ទុងៗ​ហើយ​។​

​ការចរចា​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​ជុំ​ចុង​ក្រោយ​នៅ​ក្រុង​វ៉ាស៊ីនតោន ត្រូវបាន​គ្រោង​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កុម្ភៈ តែ​វា​បាន​ដំណើរការ​ល្អ​រហូត​ដល់​គណៈប្រតិភូ​ចិន​ត្រូវ​ពន្យារ​​ពេល​ស្នាក់នៅ​របស់​ខ្លួន​។​នេះ​បើ​តាម​លោក​ត្រាំ​និង​រដ្ឋមន្ត្រី​រតនាគា​ររ​បស់​លោក​បាន​បញ្ជាក់​។​

​ពួក​អ្នក​ចរចា​ចិន​នឹង​បន្ត​ជួបប្រជុំ​ជាមួយ​សម​ភាគី​អាមេរិក​នៅ​ចុង​សប្តាហ៍​នេះ ហើយ​នឹង​ចាក​ចេញ​មក​ស្រុក​វិញ​នៅ​យប់​ថ្ងៃអាទិត្យ​ឬ ថ្ងៃ​ចន្ទ​។​

​ត្រាំ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​« ខ្ញុំ​សុំ​និយាយថា កិច្ចព្រមព្រៀង​មួយ​ទំនងជា​នឹង​កើតឡើង​។​ការពិត​ដែលថា​ពួកគេ​ស្នាក់​យូរ​បន្តិច វា​មាន​ន័យ​អ្វីមួយ​»​។​

​លោក​ត្រាំ​បាន​និយាយថា លោក​នៅតែ​បើកចំហ​សំរាប់​ពន្យារ​កាលកំណត់​ថ្ងៃ​០១​មីនា ដើម្បី​អោយ​ពួក​អ្នកចរចា​សំរេច​កិច្ចព្រមព្រៀង​មួយ ដើម្បី​កុំអោយ​អាមេរិក​យកពន្ធ​ពី​១០​ទៅ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ដុល្លារ ។​លោក​បាន​បន្ថែមថា ជំនួប​របស់លោក​ជាមួយ​សម​ភាគី​ចិន​ប្រហែលជា​នឹង​ត្រូវ​ធ្វើឡើង​នៅ​ភូមិគ្រឹះ​របស់​លោក​នៅ​រដ្ឋ​​ផ្លរីដា កន្លែង​ដែល​លោក​ក៏​បាន​ជួបប្រជុំ​ជាមួយ​លោក​ស៊ី​កាលពី​ឆ្នាំ​២០១៧​។​

​បើ​តាម​លោក​ត្រាំ ចិន​និង​អា​មេរិក៏​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​អំពី​រូបិយ​បណ្ណ តែ​លោក​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ទេ​។​

​សារព័ត៌មាន​CNBC បាន​រាយការណ៍​ថា ចិន​បាន​សន្យា​ទិញ​ទំនិញ​អាមេរិក​១,២​លាន​លាន​ដុល្លារ​ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដែល​អាមេរិក​មាន​ជាមួយ​ចិន និង​ជា​ការ​​ព្រួយបារម្ភ​មួយ​របស់​ត្រាំ​។​តែ​មិន​មាន​ទម្លុះ​ភាពទាល់ច្រក​អំពី​បញ្ហា​បតិបត្តិ​ជំនួញ​មិន​ត្រឹមត្រូវ ដូច​ជា​ការផ្ទេរ​បច្ចេក​វិទ្យា​ដោយ​បង្ខំ និង​ការ​ចូល​ក្នុង​ទីផ្សារ​មិន​ស្មើភាព​គ្នា​ទេ​។​

​ត្រាំ​បាន​និយាយថា «​នៅ​ទីបំផុត ខ្ញុំ​គិតថា ការសំរេចចិត្ត​តូចធំ​នឹង​ត្រូវ​ធ្វើឡើង​រវាង​ប្រធានាធិបតី​ស៊ី និង​ខ្លួន​ខ្ញុំ​ផ្ទាល់​។​យើង​សង្ឃឹម​មាន​ជំនួប​នៅ​ចំណុច​មួយ​នា​ពេលអនាគត​​មិន​ឆ្ងាយ ហើយ​ខ្ញុំ​គ្រាន់តែ​អាច​និយាយបាន​ថា​កិច្ច​ពិភាក្សា​បាន​ដំណើរការ​ល្អ តែ​យើង​ត្រូវ​រង់ចាំ​មើល​អ្វី​នឹង​កើតឡើង​»​។​

​សូមបញ្ជាក់​ថា អាមេរិក​និង​ចិន​បាន​និង​កំពុង​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​មួយ ដែល​ផ្តោត​លើ​ការចោទប្រកាន់​របស់​អា​មេរិក​ថា​ចិន​ធ្វើ​ជំនួញ​មិន​យុត្តិធម៌ រួម​​មាន​ការផ្ទេរ​បច្ចេកវិទ្យា​ដោយ​បង្ខំ និង​ការ​ចូល​ក្នុង​ទីផ្សារ បូក​រួម​ទាំង​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាមេរិក​ជាមួយ​ចិន​។​បើ​ការចរចា​មិន​អាច​សំរេចបាន​កិច្ចព្រមព្រៀង​ត្រឹម​​ថ្ងៃ​០១​មីនា​ទេ នោះ​អាមេរិក​នឹង​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ដុល្លារ តែ​ពេល​នេះ​លោក​ត្រាំ​បាន​ព្រលយ​ថា​អាច​មាន​ជំនួប​កំពូល​នៅ​ខែ​ក្រោយ​ហួស​ថ្ងៃ​០១​មីនា​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម