រុស្ស៊ី​រិះគន់​អាមេរិក​ចំពោះ​ការព្រមាន​អំពី​ការវាយប្រហារ​ដោយ​គីមី​ជាថ្មី​នៅ​ស៊ី​រី

1149
ចែករម្លែក

កាលពី​ថ្ងៃ​អង្គារ​ទី​២៧ មិថុនា រុស្ស៊ី បាន​រិះគន់​និង​ច្រានចោល​ការព្រមាន​របស់​អាមេរិក​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​
​អំពី​អ្វីដែល​ហៅថា​ការត្រៀម​វាយប្រហារ​ដោយ​គីមី​ជាថ្មី​។​

​កាលពី​ថ្ងៃ​ចន្ទ សេត​វិមាន បាន​ព្រមាន​ថា “​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាសាដ និង​កងទ័ព​របស់លោក នឹងត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ បើសិន ពួកគេ​វាយប្រហារ​ដោយ​អាវុធ​គីមី ដូច​ការវាយប្រហារ​គីមី​មួយ កាលពី​ថ្ងៃទី​៤​ខែមេសា​នោះ​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អះអាងថា ការវាយប្រហារ​ដ៏​បង្ហូរឈាម​នោះ ត្រូវបាន​ធ្វើឡើង ដោយ​រដ្ឋាភិបាល​ស៊ី​រី​។

​សេត​វិមាន បាន​និយាយថា ពួកគេ​មាន​ហេតុផល​ដែល​អាច​ជឿ​បាន​ថា ការត្រៀម​វាយប្រហារ​គីមី​បែបនេះ​កំពុង​រៀបចំ​ធ្វើឡើង​។​

​ប៉ុន្តែ លោក ឌី​មី​ទ្រី ប៉េ​ស្កូវ អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី បាន​បដិសេធ​ការលើកឡើង​នេះ ដោយ​និយាយថា​ “​ការ​គំរាម​បែបនេះ​ចំពោះ​ក្រុម​មេដឹកនាំ​ស្របច្បាប់​ស៊ី​រី​នោះ គឺ​មិនអាច​ទទួលយកបាន​នោះទេ​”​។​

​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​និយាយថា “​ខ្ញុំ​មិនដឹង​ព័ត៌មាន​ណាមួយ​អំពី​ការគំរាមកំហែង​ដែលថា អាវុធ​គីមី​អាច​នឹងត្រូវ​ប្រើប្រាស់​នោះទេ​”​។​

អ្នកនាំពាក្យ​រូបនេះ​ក៏បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ការប្រើ​ពាក្យសម្តី​ដែលថា “​នឹងមាន​ការវាយប្រហា​រ​គីមី​មួយទៀត​នោះដែរ​” ដោយ​លោក​បាន​និយាយថា មិនមាន​ការស៊ើបអង្កេត​ទៅលើ​ការវាយប្រហារ​ខែមេសា​នោះទេ ទោះបីជា​មានការ​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ពី​រុស្សី​ក៏ដោយ​។​

ការវាយប្រហារ​ដោយ​អាវុធ​គីមី​ដ៏​សង្ស័យ នៅ​ទីក្រុង​ខាន់​ស៊ី​ខួ​ន ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​កាលពី​ខែមេសា​នោះ បានសម្លាប់​មនុស្ស​ជាង​៨០​នាក់ និង​មនុស្ស​រាប់រយ​នាក់ បាន​ទទួលរង​សារធាតុ​វិទ្យុ​កម្ម​ពី​ការវាយប្រហារ​គីមី​នោះ​។​

ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាសាដ បានធ្វើ​ទស្សនកិច្ច​មួយ​នៅ​មូលដ្ឋាន​កងទ័ពអាកាស​ Hmaymim របស់​រុស្ស៊ី​នៅ​ទីក្រុង​ជែ​ប​ឡេ ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការព្រមាន​របស់​អាមេរិក​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​អំពី​អ្វីដែល​ហៅថា​ការត្រៀម​វាយប្រហារ​ដោយ​គីមី​ជាថ្មី​នោះ​៕

​លោក បា​សា អាល់​អាសាដ បានធ្វើ​ទស្សនកិច្ច​មួយ​នៅ​មូលដ្ឋាន​កងទ័ពអាកាស​ Hmaymim របស់​រុស្ស៊ី​នៅ​ទីក្រុង​ជែ​ប​ឡេ ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម