មន្ត្រី​ខណ្ឌចំការមន រំឭក​ប្រជាពលរដ្ឋ​ឱ្យ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​

550
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ អភិបាលរង ខណ្ឌចំការមន លោក ប៊ុន សុភ័ក្ត្រ បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌរ​ប​ស់លោក ដោយ​រួមទាំង​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ភ្នំពេញ និង ទូទាំងប្រទេស​អំពី​សំរាម​ថា ការ​ចោល​សំរាម​ពាសវាល​ពាសកាល ធ្វើឱ្យ​ខូច​បរិស្ថាន ប៉ះពាល់​ដល់​សុខភាព ខូច​សោភណភាព ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ និង កិត្តិយស​ជាតិ បុគ្គល គ្រួសារ និង សហគមន៍ ក៏​ជាហេតុ​ធ្វើឱ្យ​ងាយ​ស្ទះលូ និង ប្រឡាយ​ជាដើម ។ ហេតុនេះ សូម​បងប្អូន​សាធារណជន​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​វេច​ខ្ចប់ និង ទុកដាក់​សំរាម ឱ្យបាន​ត្រឹមត្រូវ និង មាន​សណ្តាប់ធ្នាប់ ចៀសវាង​ការ​ចោល​សំរាម​ពាសវាល​ពាសកាល


​លោក ប៊ុន សុភ័ក្ត្រ ក្រើន​រំ​ល​ឭក​យ៉ាង​ដូច្នេះ​នាឱកាស​លោក​ចុះ​ប្រារព្ធ​ពិធី​ទិវា​ទីក្រុង​ស្អាត និង ដឹកនាំ​ក្រុមការងារ​បោសសម្អាត​សំរាម​នៅ​ជុំវិញ​ផ្សារ​ឡាំ​ពិ​ក ដោយ​សហការ​ជាមួយ​គណៈកម្មការ ផ្សារ​អូឡាំពិក នា​ព្រឹក​ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។


​ដោយឡែក​ចំពោះ ផ្សារ​អូឡាំពិក វិញ កិច្ចការ​សម្អាត​សំរាម ក្នុង​ផ្សារ និង ជុំវិញ​ផ្សារ គឺជា​កិច្ចការ​ប្រចាំថ្ងៃ​របស់​ផ្សារ ហើយ​ត្រូវ​ន​បានកត់សម្គាល់​ឃើញថា លោក លឹម ចាន់​ដា​វុ​ធ ប្រធាន​គណៈកម្មការ​ផ្សារ​អូឡាំពិក តែងតែបាន​ដឹកនាំ​ក្រុមការងារ​ដើរ​រើស​សំរាម ប្រមូល​សំរាម សម្អាត​បរិស្ថាន និង អប់រំ ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ ក៏ដូចជា​អាជីវករ និង អ្នក​ដែល​ទៅ​ផ្សារ​អូឡាំពិក​ដោយផ្ទាល់​តែម្តង ។​


​ចំពោះ​ព្រឹត្តិការណ៍​ដើរ​រើស​សំរាម ដោយមាន​ការអាន​សារលិខិត​របស់​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ផង​នាពេលនេះ គឺធ្វើឡើង​តាម​ការដឹកនាំ​របស់លោក ឃួ​ង ស្រេង អភិបាល នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។​


​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ សាលា​រាជធានី​ភ្នំពេញ ក៏បាន​ដឹកនាំ​រៀបចំ​យុទ្ធនាការ​ទីក្រុង​ស្អាត​ដែរ ដោយ​ប្រព្រឹត្តទៅ​នៅលើ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ក្រោម​អធិបតីភាព​លោក ហួត ហៃ អភិបាលរង រាជធានី​ភ្នំពេញ តំណាង លោក ឃួ​ង ស្រេង អភិបាល នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​គេ​ដឹងថា មាន​យុទ្ធនាការ​ប្រហាក់ប្រហែលគ្នា​នេះ ដែលមាន​គោលដៅ​ដូចគ្នានេះ ត្រូវបានធ្វើ​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ដែរ ដូចជា​នៅតាម​សាលារៀន វត្ត​អារាម និង ទីផ្សារ ជាដើម ទូទាំង​រាជធានី​ភ្នំពេញ និង ទីក្រុង​សំខាន់ៗ​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស ។​


​កម្ពុជា​បង្កើតឱ្យមាន ទិវា​ទីក្រុង​ស្អាត ថ្ងៃទី ២៧ ខែ កុម្ភៈ ដែល​ឆ្នាំ​ទី ៧ នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ ” ទីក្រុង​ស្អាត ៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ ” ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្ញើ​សារលិខិត​មួយច្បាប់​ដោយបាន​ផ្តល់​អនុសាសន៍​ចំនួន ៦ ចំណុច ក្នុងនោះ​មាន​ជាអាទិ៍ សម្តេច​បាន​ណែនាំ​ឱ្យ​ខិតខំ​ចាប់យក​នូវ​កាលានុវត្តភាព នៃ ការអភិវឌ្ឍ​សេដ្ឋកិច្ច ឌីជីថល ដោយ​ត្រូវ​រួមគ្នា​ឆ្ពោះទៅ​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ភាព​វៃឆ្លាត ( Smart City ) និង ទេសចរណ៍​វៃឆ្លាត ( Smart Tourism ) ។​


​ជារួម ទិវា​ទីក្រុង​ស្អាត ត្រូវបាន​គេ​មើលឃើញថា ធ្វើឡើង​ក្នុង​បំណង​ថែរក្សា​បរិស្ថាន អនាម័យ និង សោ​ភណ​ភ​ទីក្រុង ដើម្បី សុខភាព​ដល់​អ្នករស់នៅ និង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផងដែរ ៕ Kh

សកម្មភាព នៃ ការ​ប្រារព្ធ​ពិធី​ទីក្រុង​ស្អាត​នៅ​ផ្សារ​អូឡាំពិក ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម