រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​២​នាក់​ស្លាប់​និង​២​នាក់​រងរបួស​

668
ចែករម្លែក
  • 350
    Shares

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាលឱ្យ​មនុស្ស​២​នាក់​ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត​រងរបួស នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០-៥១ ស្ថិតក្នុង​ភូមិ​ភ្នំ​ដី​សង្កាត់​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​៤​នាក់ ១.​ឈ្មោះ វ៉ា វ៉ាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២.​ឈ្មោះ អូន ភាស់ ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ជា​ប្រពន្ធ​។ ៣.​ឈ្មោះ វ៉ា វ៉ាន់​ថា ភេទ​ស្រី អាយុ​៧​ឆ្នាំ ៤.​ឈ្មោះ​វ៉ា សា ភេទ​ប្រុស​អាយុ​៩​ខែ អ្នក​ទាំង​៤ រស់នៅ​ភូមិ​តា​ម៉ោង ឃុំ​ព្រៃ​រន្ទះ ស្រុក​ពារាំង ខេត្តព្រៃវែង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១២​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រៃវែង 1F 2386 ឌុប​ប្រពន្ធ​កូន​បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​ពុ​យ​ស៊ូ​ពណ៌​លឿង ពាក់​ស្លា​លេខ ភ្នំពេញ 3A 6127 សណ្តោង​រឺ​ម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ 4A 0925 បើក​ពី​លិចទៅ​កើត​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង និង​កិន​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ភ្លាមៗ ចំណែក​កូន​ទាំង​២​រងរបួស​ស្រាល​។​

​ប្រភព​បាន​បន្តថា ក្រោយ​កើត​អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។ មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​។​

​សព​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ស្រុកកំណើត​វត្ថុតាង​រថយន្ត​បង្ក និង​ម៉ូតូ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ រង់ចាំ​ដោះ​នៅពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម