​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

811
ចែករម្លែក
  • 33
    Shares

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ សម្រាប់​ឆ្នាំ​២០១៩ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​។ ក្នុង​កិច្ចប្រជុំ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​អនុសាសន៍ និង​គោ​លន​យោ​យ​បាយ​សំខាន់ៗ​មួយចំនួន ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​ស្ត្រី​នៅ​កម្ពុជា​។ ក្នុងនោះ ក៏មាន​ការបង្កើន​ការចំណាយ​ថវិកា​លើ​វិស័យ​អប់រំ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ស្ត្រី បាន​បន្ត​កា​សិក្សា​អោយបាន​ច្រើន និង​គម្រោង​បង្កើត​ក្រុម​មេធាវី​ការពា​ក្តី ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​សម្តេច​តេ​ជោ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដែលជា​ស្ត្រី​ក្រីក្រ ជាដើម​។

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោក ម៉ាត់​ធ្យូ អែន​តូ​នី ថា​យ​ល័​រ ប្រធាន​ក្រុមហ៊ុន​ច្បាប់ មកពី​សហរដ្ឋ​អាម​រិ​ក ចូលជួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក អែន​តូ​នី ថា​យ​ល័​រ និង​ប្រតិភូ​នៃ​ក្រុមហ៊ុន​ច្បាប់ ដន ម៉ូ​រី​ស អិ​ល​អិ​ល​ភី មក​កម្ពុជា នាពេលនេះ គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេធាវី​អាស៊ី ដែល​រៀបចំ ធ្វើ​នៅ​កម្ពុជា ហើយ​ក្រុម​ច្បាប់​អាមេរិក​នេះ ក៏​ស្វែងយល់​ពី​កម្ពុជា ដើម្បី​បើក​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្នែក​ច្បាប់ និង​ការពារ​អ្នកវិនិយោគ​បរទេស​នៅ​កម្ពុជា​ផងដែរ​។​

​កាលពី​ថ្ងៃ​១៥​កើត ខែមាឃ ត្រូវ​នឹង​ថ្ងៃទី​១៩​កុម្ភៈ ជា​ថ្ងៃបុណ្យ​មាឃបូជា​។ នៅតាម​វត្ត​អារាម​ទាំងអស់ នៅ​ទូទាំងប្រទេស បាន​ជួបជុំ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​យ៉ាង​អធិកអធម​។ ក្នុងនោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​មន្ត្រីរាជការ​ជាច្រើន អញ្ជើញ​ទៅ​ចូលរួម​ពិធីបុណ្យ​មាឃបូជា នៅ​ភ្នំ​ឧដុង្គ ដែល​នៅ​ទីនោះ ក៏មាន​ប្រជា​ពុទ្ធ​បិ​រិ​ស័​ទ​ពី​គ្រប់ទិសទី ចូលរួម​យ៉ាងច្រើន​កុះករ​។ ពិធីបុណ្យ​មាឃបូជា ត្រូវបាន​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ នៅ​ថៃ្ង​១៥​កើត ខែមាឃ ដើម្បី​ឧទ្ទិស​ដល់​ព្រឹត្តិការណ៍​ធំ​៣​យ៉ាង​។​គឺ ១.​ដើម្បី​ប្រារព្ធ​ដល់​ថ្ងៃ​នៃ​ការធ្វើ​ចតុរង្គសន្និបាត ប្រកបដោយ​អង្គ​បួន​, ២.​ដើម្បី​ប្រារព្ធ​ដល់​ថ្ងៃ ដែល​ព្រះពុទ្ធ ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ និង​៣.​ដើម្បី​ប្រារព្ធ​ដល់​ថ្ងៃ ដែល​ព្រះពុទ្ធ ទ្រង់​ដាក់​អាយុសង្ខារ​។​

​ដោយឡែក អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីថ្លែងការណ៍ ឆ្លើយតប​នូវ​ការអត្ថាធិប្បាយ​មួយ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​អាម៉េរិក ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ជុំវិញ​ករណី​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុង​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានប្រកាស​អំពាវនាវ​ដ៏​ទទូច​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ភ្នំពេញ សូម​បញ្ឈប់​ការបកស្រាយ​ដោយ​បំភ័ន្ត និង​លាប​ពណ៌​នយោបាយ ទៅលើ​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​តុលាការ ដោយ​សូម​ទុក​កិច្ចការ​នេះ ជូន​ស្ថាប័ន​តុលាការ​របស់​កម្ពុជា ចាត់ការ​តាមច្បាប់​របស់​កម្ពុជា ក្នុងឋានៈ​ជា​រដ្ឋ​អធិបតេយ្យ​។​

សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​ខណៈ​ជួប​ជាមួយ​កម្មករ កម្មការិនី​

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី ជាង មួយ​ម៉ឺន​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន ៣៤ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ វត្តមាន​របស់​សម្តេច​នាយករដ្ឋមន្ត្រី នាពេលនេះ បានរួម​ចំណែក​ដោះស្រាយ និង​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ក្នុងន័យ​គាំទ្រ​ដល់​ការរស់នៅ និង​ការបំពេញ​ការងារ កាន់តែ​ប្រសើរ​របស់​កម្មករ​កម្ម​ការិនី នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ស្រប​ពេលដែល​ប្រាក់​ឈ្នួល ត្រូវបាន​ដំឡើង និង​បើក​ប្រាក់ខែ រយៈពេល ២​សប្តាហ៍​ម្តង​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ត្រៀម​ថវិកា ៥០​ម៉ឺន​ដុល្លារ ក្នុងការ​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​ជូន​ស្ត្រី​ក្រីក្រ នៅ​ទូទាំងប្រទេស ដោយ​ឥតគិតថ្លៃ​។ សម្តេច ក៏បាន​ប្រកាស​កំណត់​យ​ក​ថ្ងៃទី​២៩ មីនា​ខាងមុខ ជួបប្រជុំ​ជាមួយ​វិស័យ​ឯកជន ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ផងដែរ​។​

​ក្នុង​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹក​ជា​សា​ធាណៈ​ទៅកាន់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​លុបបំបាត់​អន្តរាគមន៍ គ្រួសារ និង​បក្សពួកនិយម នៅតាម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាដាច់ខាត​។ ការណែនាំ​នេះ គឺ​បន្ទាប់ពី​សម្ដេច​ក្រឡាហោម ទើបតែ​បាន​ចុះហត្ថលេខា ផ្ទេរ​មន្ត្រី​ជាង ៦​ពាន់​នាក់ ទៅ​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​អភិបាល​រាជធានី​ខេត្ត​។

​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​អគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​កិច្ចពិភាក្សា​ស្ដីអំពី​ការផ្ដល់​ឥណទាន​សម្បទា​ន និង​ហិរញ្ញប្បទាន​ឥត​សំណង មាន​ទឹកប្រាក់​សរុប​ជាង ៤៣​លាន​ដុល្លារ​អាមេរិក​។ រាប់ទាំង​ជំនួយ​នេះ ជប៉ុន​បាន​ជួយ​កម្ពុជា​ក្នុង​ទឹកប្រាក់​ជាង ១៣៤ លាន​ដុល្លា​អាមេរិក​ហើយ នៅក្នុង​រយៈពេល​ប្រមាណ ១​ឆ្នាំ​ចុង​ក្រោយនេះ​។

​កាលពី​ថ្ងៃទី​២១​កុម្ភៈ ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីណែនាំ​ស្ដីពី​បែបបទ និង​នីតិវិធី នៃ​ការស្នើសុំ​នីតិសម្បទា ឬ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ការចេញ​សេចក្ដីណែនាំ​នេះ គឺធ្វើឡើង​ជាង​មួយខែ បន្ទាប់ពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ចូល​ជា​ធរមាន ហើយក៏​ធ្វើឡើង បន្ទាប់ពី​មាន​អ្នកនយោបាយ ២​រូប​រួចហើយ របស់​អតីត​គណបក្សប្រឆាំង គឺ​លោក គង់ គាំ និង​កូនប្រុស​របស់លោក គឺ​លោក គង់​បូរ៉ា បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ កាលពីដើម​ខែមករា​។

​ទោះបីជា​មានការ​វាយតម្លៃ​ថា សភាពការណ៍​រួម នា​ឆ្នាំ​២០១៨ កន្លងទៅ មាន​លក្ខណៈ​ល្អប្រសើរ ដែលជា​មូលដ្ឋាន​យ៉ាងរឹងមាំ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ លើ​គ្រប់​វិស័យ​យ៉ាងណាក្តី ក៏​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានកត់សម្គាល់​ការបំពុល​ព័ត៌មាន និង​បទល្មើស​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ជា​បញ្ហា​ប្រឈម​ស្មុគស្មាញ ក្នុង​ឆ្នាំ​២០១៨​។ ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​ទាំងអស់នេះ តម្រូវអោយ​កងកម្លាំង​នគរបាល​ទាំងអស់ ខិតខំ​ដោះស្រាយ​ឱ្យបាន​សម្រេច​សំដៅ​លើកស្ទួយ​ស្ថានភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សន្តិសុខ​សង្គម​ឱ្យ​កាន់តែ​ល្អប្រសើរ​។
​ចាប់តាំងពី​សប្តាហ៍​មុន ហើយ​បន្ត​ដល់​សប្តាហ៍​នេះ ប្រជាពលរដ្ឋ​កាន់តែច្រើន​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ បាន​សម្រុក មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅក្នុង​រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​កាន់តែច្រើន សម្រុក​មកចាក់​ថ្នាំ​បង្ការ​នេះ បន្ទាប់ពី​មាន​មនុស្ស ២​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ឆ្មារ និង​ឆ្កែ​ខាំ​។ ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ​ក្រសួងសុខាភិបាល​កម្ពុជា ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​នេះ ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ នៅតាម​ខេត្ត ដើម្បី​សម្រួលការ​លំបាក​របស់​ប្រជាពលរដ្ឋ ត្បិត អ្នកខ្លះ ត្រូវ​រង់ចាំ ៤ ឬ ៥​ថ្ងៃ ទៅហើយ នៅតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​នេះ​នៅឡើយ ព្រោះតែ​មនុស្ស​សម្រុក​មក​ច្រើន​។ ចំពោះ​ករណីនេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ចេញមុខ​សូមទោស​ប្រជាពលរដ្ឋ ហើយ​សន្យាថា នឹង​ខិតខំ​ព្យាយាម​ធ្វើ​ឲ្យ​ល្អ និង​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ក្នុងនោះ វិទ្យាស្ថាន​ស្ថាន​ប៉ាស្ទ័រ ក៏​នឹង​រៀបចំ​ផ្តល់​អាទិភាព​ពិគ្រោះ និង​ចាក់​វ៉ាក់សាំង ជូន​ដល់​អ្នក​ដែលមាន​មុខរបួស​ដោយ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ កុមារ​តូចៗ ព្រះសង្ឃ ជនពិការ មនុស្ស​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​។

​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ក្រសួង​ព័ត៌មាន បាន​ប្រារព្ធ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ ឆ្នាំ​២០១៩​។ ក្នុង​សន្និបាត​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើកឡើងថា ព័ត៌មាន​ក្លែងក្លាយ បំពុលសង្គម នៅតែ​ជា​បញ្ហា​ចោទ​ថ្មី​មួយ សម្រាប់​សង្គម​កម្ពុជា ដែល​ព័ត៌មាន​ក្លែងក្លាយ ឬ Fake News នេះ ភាគច្រើន ត្រូវ​បានឃើញ​ចែករំលែក​ពីមួយ​ទៅមួយ នៅតាម​បណ្តាញ​សង្គម Facebook ។ ជាការ​ទប់ស្កាត់ និង​បង្រួម​ឥទ្ធិពល​សាយភាយ​របស់​ព័ត៌មាន​ក្លែងក្លាយ បំពុលសង្គម​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំ​រុញអោយ​មន្ត្រី​ព័ត៌មាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​សកម្ម​រហ័ស ក្នុងការ​ផ្សព្វ​ផ្សាយដំណឹង ដើម្បី​ឆ្លើយតប​ភា្ល​មៗ ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ និង​បំពុលសង្គម​។

​ដោយឡែក ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បានប្រកាស នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​ថា ពលករ​ខ្មែរ ដែល​កំពុងធ្វើការ នៅ​ប្រទេស​ថៃ នឹង​ទទួលបាន​ការអនុគ្រោះ​ពី​រដ្ឋាភិបាល​ថៃ តាមរយៈ​ការអនុញ្ញាត​ឲ្យ​ចេញ និង​ចូល​ប្រទេស​ថៃ ដោយ​មិនមាន​ការបង់ប្រាក់ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ​។ នោះ​គឺ រាជរដ្ឋាភិបាល​ថៃ បាន​ឯកភាព​ជួយ​សម្រួល​ដល់​បងប្អូន​ពលករ​កម្ពុជា ដោយ​អនុគ្រោះ​មិន​គិតថ្លៃ​រក្សា​សិទ្ធិ​ទិដ្ឋាការ Re-Entry Visa ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។ តាម​ធម្មតា ការស្នើសុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ ប្រភេទ​ចេញចូល​មួយ​លើក តម្រូវ​ឲ្យ​បង់ប្រាក់ ១​ពាន់​បាត ប្រហាក់ប្រហែល​នឹង ១២​ម៉ឺន​រៀល និង​តម្លៃ ៣​ពាន់​៨​រយ​បាត សម្រាប់​ការស្នើសុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ​ចេញចូល​ច្រើនលើក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម