ត្រាំ​គ្រោង​នឹង​ពន្យារ​ពេល​កំណត់​ដំឡើង​ពន្ធ បន្ទាប់ពី​មាន​ភាព​រីកចម្រើន​ក្នុងការ​ចរចា​និង​រំពឹង​មាន​ដំណឹង​ធំ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ

554
ចែករម្លែក

ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​កុម្ភៈ​ថា​លោក​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​នឹងមាន​ភាព​អស្ចារ្យ​សម្រាប់​ទាំង​សហរដ្ឋអាមេរិក​និង​ចិន ហើយ​ថា​អាច​នឹងមាន “​ដំណឹង​ដ៏​ធំ​មួយ​នៅ​មួយ​ឬ​ពីរ​សប្តាហ៍​ទៀត​” ប្រសិនបើ​អ្វីៗ​ទាំងអស់​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អ​នៅក្នុង​ការចរចា​។​

​ថ្លែង​ទៅកាន់​អភិបាលរដ្ឋ​អាមេរិក​ជាច្រើនរូប​នៅ​សេត​វិមាន​គឺ​ទើបតែ ២ ម៉ោង​ក្រោយពី​លោក​បាន​និយាយថា​លោក​នឹង​ពន្យារពេល​កំណត់​ដែល​នឹង​មកដល់​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ លោក​ត្រាំ​បាន​និយាយថា “​ប្រទេស​ចិន​មាន​ភាព​អស្ចារ្យ​។ យើង​ចង់​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ដែល​ល្អ​សម្រាប់​ប្រទេស​ទាំងពីរ​ហើយ​នោះ​ជា​អ្វីដែល​យើង​កំពុង​ធ្វើ​”​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter ថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុងការ​រាយការណ៍​ថា​សហរដ្ឋអាមេរិក​បាន​ធ្វើឱ្យមាន​ការរីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​ប្រទេស​ចិន​លើ​បញ្ហា​រចនាសម្ព័ន្ធ​សំខាន់ៗ​រួមមាន​ការការពារ​កម្មសិទ្ធិបញ្ញា ការផ្ទេរ​បច្ចេកវិជ្ជា កសិកម្ម សេវាកម្ម រូបិយប័ណ្ណ និង​បញ្ហា​ជាច្រើន​ទៀត​”​។​

​លោក​ត្រាំ​ក៏បាន​និយាយ​ផងដែរ​ថា​លោក​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ជាមួយ​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​នៅ​រមណីយដ្ឋាន Mar-a-Lago របស់គាត់​នៅ​រដ្ឋ​ផ្លរីដា​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​មួយ ដោយ​សន្មត​ថា​ភាគី​ទាំងពីរ​បានធ្វើឱ្យ​មានកា​រ​រីកចម្រើន​បន្ថែមទៀត​។ កិច្ចប្រជុំ​នោះ​ត្រូវគេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ខែមីនា​។​

​លោក​និយាយថា “​ជា​លទ្ធផល​នៃ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ទាំងនេះ ខ្ញុំ​នឹង​ពន្យារពេល​នៃ​ការដំឡើងថ្លៃ​ពន្ធ​របស់​អាមេរិក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១ ខែមីនា​។ ដោយ​សន្មត​ថា​ភាគី​ទាំងពីរ​ធ្វើឱ្យមាន​ការរីកចម្រើន​បន្ថែមទៀត យើង​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​សម្រាប់​ប្រធានាធិបតី​ស៊ី​និង​ខ្លួន​ខ្ញុំ​ផ្ទាល់​នៅ Mar-a-Lago ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​មួយ​។ វា​ជា​ចុង​សប្តាហ៍​ដ៏​ល្អ​បំផុត​សម្រាប់​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​!”​។​

​ការពន្យារពេល​ដំឡើង​ពន្ធ​គឺជា​សញ្ញា​ច្បាស់លាស់​បំផុត​នៃ​ការ​បំបែក​ភាពទ័លច្រក​ដែល​ភាគី​ទាំង​ពីរបាន​ស្វែងរក​ចាប់តាំងពី​ការប្រកាស​ផ្អាក​ការដំឡើង​ពន្ធ​រយៈពេល ៩០ ថ្ងៃ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​កាលពី​ឆ្នាំមុន​។​

​វា​ទំនងជា​ត្រូវបាន​អបអរសាទរ​ដោយ​ទីផ្សារ​ថា​ជា​សញ្ញា​នៃ​ការបញ្ចប់​ជម្លោះ​ដែល​បាន​បង្អាក់​ពាណិជ្ជកម្ម​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​និង​បាន​ពន្យឺត​កំណើនសេដ្ឋកិច្ច​សកល​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​អំឡុងពេល​ប្រជុំ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លីវ ហឺ នៅ​វិមាន​ពងក្រពើ​កាលពី​ថ្ងៃទី​២២​កុម្ភៈ


ទីតាំងផ្សាយពាណិជ្ជកម្ម