បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់ គាំងបេះដូង​ស្លាប់ ក្នុង​ហាង​កាហ្វេ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១

645
ចែករម្លែក
  • 29
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​អង្គុយ​ស្លាប់ លើ​កៅអីអង្គុយ​ក្នុង​ហាង​ការ​ហ្វេ​មួយកន្លែង បន្ទាប់ពី​ឃើញ​បុរស​នោះ មក​ផឹក​កាហ្វេ​ពេលព្រឹក​ម្ដង​ហើយ រួច​ក៏​ចេញទៅ​វិញ​បាត់ ហើយ​ពេល​រសៀល​ក៏​មក​ផឹក​កាហ្វេ​ម្ដងទៀត រួច​គេង​សម្រាក​លើ​កៅអី ស្រាប់តែ​ម្ចាស់​ហាង​ចូលទៅ​ដាស់​ដល់​ម៉ោង​បិទទ្វារ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោឡើង រួច​រាយការណ៍​ប្រាប់​ឲ្យ​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​ភ្លាមៗ​តែម្ដង​។​

​ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ហាង​កាហ្វេ​មួយកន្លែង​យីហោ “​លុយ​ហុង កាហ្វេ​១៦៨” ផ្លូវ​បេតុង (​ជិត​សាលា​បារាំង​) ក្នុងភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា សព​មានឈ្មោះ សាត សុខា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ក្រោយ​ផ្ទះ​លក់​កាហ្វេ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ចា​រ៍ ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។

​តាម​ការបំភ្លឺ​របស់​អ្នកលក់​កាហ្វេ ស្ថិតនៅ​ផ្ទះកើតហេតុ​ខាងលើ​បានអោយដឹងថា នៅមុន​កើតហេតុ កាលពី​ព្រឹក​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក Honda Dream ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GC-3856 មក​ចូល​ហាង​កាហ្វេ រួច​សំរាល​លក់​លើ​កៅអីអង្គុយ​ហើយ លុះដល់​ម៉ោង​បាយ ជនរងគ្រោះ​ក៏​ងើប​ចេញទៅ​បាត់ លុះ​រសៀល​បន្តិច ជនរងគ្រោះ​ក៏បាន​ត្រលប់មក​ហាង​កាហ្វេ​វិញ រួច​ហៅ​ការ​ហ្វេ មួយ​កែវ​អង្គុយ​ផឹក​ទៀត បន្ទាប់មក​ជនរងគ្រោះ​អង្គុយ​ផឹក​ការ​ហ្វេ​បណ្តើរ និង​មើល​រឿង​វីដេអូ​បណ្តើរ រហូតដល់​ម៉ោង​ប្រហែល​ជិត​៥​ល្ងាច​ថ្ងៃខែ​ដដែល ម្ចាស់​ហាង​ក៏​រៀបចំ​កៅអី​តុ បិទ​ហាង ហើយក៏​បានឃើញ​ជនរ​ង​គ្រោះ​នៅតែ​ដេក បាន​ដាស់​ជនរងគ្រោះ​មិន​ភ្ញាក់ បាននាំគ្នា​មក​ដាស់​ទៀត​តែ​មិន​ភ្ញាក់ ទើប​ដឹងថា គាត់​បាន​ស្លាប់​បាត់ទៅហើយ តែ​មិនដឹងថា​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះទេ ទើប​ប្រញាប់​រាយការណ៍​ទៅ​សម​ត្ត​កិច្ច​មូលដ្ឋាន ចុះមក​ពិនិត្យមើល​ភ្លាមៗ​ផងដែរ​។

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​កន្លែងកើតហេតុ រួច​រាយ​ការ​ប្រាប់​ខាង​សមត្ថកិច្ច​ជំនាញ ចុះមក​ពិនិត្យ​និង​កោសល្យវិច័យ​។ បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ជំនាញ​បច្ចេកទេស និង​កោសល្យវិច័យ អាជ្ញាធរ​ដែល​ពាក់ព័ន្ធ បានធ្វើការ​ពិនិត្យ​និង​កោសល្យវិច័យ​រួចហើយ​បាន​សន្និដ្ឋានថា នៅលើ​ដងខ្លួន​សាកសព មិនមាន​ស្នាក​ស្នាម​អ្វី គួ​ឲ្យ​កត់សំគាល់​ឡើយ គឺ​ពិតជា​ស្លាប់​ដោយសារ គាំងបេះដូង ពិតប្រាកដ​មែន ។​

​ក្រោយ​ការពិនិត្យ​បាន​ចប់សព្វគ្រប់ សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត នៅ​ខេត្តព្រៃវែង​ទាំងយប់​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ