នាយករដ្ឋមន្ត្រី​ជប៉ុន​៖ ការបោះ​ឆ្នោត​មិន​គាំទ្រ​របស់​កោះ​អូ​គី​ណា​វ៉ា នឹង​មិន​ពន្យារពេល​ការផ្លាស់ប្តូរ​មូលដ្ឋានទ័ព​អាមេរិក​

529
ចែករម្លែក
  • 27
    Shares

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​ខែ​កុម្ភៈ​ថា​ការផ្លាស់ប្តូរ​កន្លែង​មូលដ្ឋាន​កងទ័ព​អាមេរិក​នៅ​កោះ​អូ​គី​ណា​វ៉ា នឹង​មិន​ត្រូវ​បាន​ពន្យា​រ​ពេល​ទេ បើទោះបីជា​ការធ្វើប្រជាមតិ​ដែល​បង្ហាញ​ក្រុម​អ្នកបោះឆ្នោត​បដិសេធ​ចំណាត់ការ​នេះ​ក៏ដោយ​។​

​លោក ស៊ីន​ហ្សូ អាបេ បាន​និយាយថា “​វា​មាន​រយៈពេល​២០​ឆ្នាំ​មកហើយ​ចាប់តាំងពី​ជប៉ុន​និង​សហរដ្ឋអាមេរិក​បាន​ព្រមព្រៀង​ផ្លាស់ប្តូរ​ទីតាំង​មូលដ្ឋាន Futenma នេះ ។ យើង​មិន​​អាច​ពន្យារ​ពេល​តទៅទៀត​ទេ “​។​

​ការ​ធ្វើ​អត្ថាធិប្បាយ​បល់​របស់​លោក​បាន​កើតឡើ​ង​បន្ទាប់ពី​ក្រុម​អ្នកបោះឆ្នោត​នៅ​កោះ​អូ​គី​ណា​វ៉ា​បាន​ច្រាន​ចោល​ផែនការ​ផ្លាស់​ទីតាំង​ថ្មី​នៅក្នុង​ការធ្វើប្រជាមតិ​ដែល​មិន​តំរូវ​​អោយ​អនុវត្ត​អោយ​ខាន​តែ​បាន​មួយ​កាលពី​ចុង​សប្តាហ៍​។​

​ក្រុមមន្ត្រី​បាន​និយាយ​ថា​ជិត​៧២​ភាគរយ​បាន​បោះឆ្នោត​ប្រឆាំង​ចំណាត់ការ​នេះ​ដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ​១៩​ភាគរយ ក្នុងចំណោម​អ្នក​ចេញ​មក​បោះឆ្នោត ៥២​ភាគរយ​។​

​លោក ស៊ីន​ហ្សូ អាបេ បាន​និយាយថា​លោក​បាន​ទទួលយក​លទ្ធ​ផល​នេះ​ដោយ​ក្តី​ស្មោះត្រង់​ហើយ​នឹង​ស្វែងរក​ការយល់ដឹង​ពី​ក្រុម​អ្នករស់នៅ​កោះ​អូ​គី​ណា​វ៉ា​តាមរយៈ​ការសម្រេច​​ចិត្ត​របស់​ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការផ្លាស់​ទីតាំង​ថ្មី​នេះ​។​

​លោក ស៊ីន​ហ្សូ អាបេ បាន​និយាយថា “​យើង​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ប្រជាជន​នៅ​កោះ​នេះ​។ យើង​នឹង​បន្ត​ការចរចា​របស់​យើង​ដើម្បី​ឱ្យ​យើង​​អាច​យល់​គ្នា​បាន ។​ការកាត់បន្ថយ​បន្ទុក​នៃ​កោះ​អូ​គី​ណា​វ៉ា​គឺជា ការទទួលខុសត្រូវ​ដ៏​ធំ​មួយ​សម្រាប់​រដ្ឋាភិបាលកណ្តាល …​យើង​នឹង​បន្ត​ការ​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ឆ្ពោះទៅ​​រក​ការកាត់បន្ថយ​បន្ទុក​ទាក់ទង​នឹង​ការ​ធ្វើ​ជា​ម្ចាស់​មូលដ្ឋាន​នេះ​” ។

​កោះ​អូ​គី​ណា​វ៉ា គឺ​តំណាង​ឱ្យ​មិន​ដល់​១​ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​ជប៉ុន​ប៉ុន្តែ​កោះ​នេះ​ទទួល​ជាង​ពាក់កណ្តាល​នៃ​ចំនួន​កងទ័ព​អាមេរិក​៤៧.០០០​នាក់​។​

​វត្តមាន​យោធា​អាមេរិក​ច្រើន​នេះ​បាន​ធ្វើឱ្យ​អ្នកស្រុក​មាន​ការ​ខឹងសម្បា​រ​ដោយ​មាន​បញ្ហា​ជាច្រើន​ដែល​បណ្តាល​មក​ពី​សម្លេង​រំខាន​និង​ឧបទ្ទវហេតុ​យោធា​រហូត​ដល់​បទឧក្រិដ្ឋ​​ពាក់ព័ន្ធ​នឹង​ប្រជាជន​មូលដ្ឋាន​។​

​ដើម្បី​បន្ធូរ​ភាព​តានតឹង​អាមេរិក​និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ក្នុង​ឆ្នាំ​១៩៩៦​ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​មូលដ្ឋាន​Futenma នេះ​ទៅ​កាន់​តំបន់​ដាច់​ស្រាយា​ល​នៃ​កោះ​នេះ​៕​ដោយ​៖​សុខា​/sn

លោក ស៊ីន​ហ្សូ អាបេ បាន​ប្រតិកម្ម​នឹង​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​កាលពី​ថ្ងៃអាទិត្យ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ