​ដំណាំ​ស្វាយចន្ទី​ផ្តល់​ទិន្នផល​ល្អប្រសើរ​តែ​តម្លៃ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​

1268
ចែករម្លែក
  • 15
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ដំណាំ​ស្វាយចន្ទី​ដែល​ប្រជាកសិករ​ខេត្តកំពង់ចាម​បាន​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ប្រមាណ​ជាង​ពីរម៉ឺន​ហិកតា​នោះបាន​ចាប់​ប្រមូល​ផល​ជា​គ្រាប់​បណ្តើរៗ​គឺ​បង្ហាញ​ទិន្នផល​ប្រសើរ​ជាង​ឆ្នាំ​២០១៨​។ ប៉ុន្តែ​តម្លៃ​លក់​ចេញ​មួយ​គីឡូក្រាម​ទាប​ជាង​កាលពី​ឆ្នាំមុន​រាប់ពាន់​រៀល​បើ​ប្រៀបធៀប​រយ​:​ពេល​នៃ​ការផ្តល់​ផល​លើកដំបូង​ដូចគ្នានេះ​។​

​លោក ស៊ឹម វីរ​: ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៥ កុម្ភ​: នេះ​ថា​ពេលនេះ​កសិករ​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ស្វាយចន្ទី បាន​ប្រមូល​ផល​ជាទូទៅ​ពី​ពីរ​សប្តាហ៍ ទៅមួយ​ខែ​ហើយ​។​ទិន្នផល​លើកដំបូង​នេះ​ហាក់​ប្រសើរ​ជាង​ឆ្នាំមុន​២០១៨​គឺ​ដោយ​កត្តា​អាកាស​គ្មាន​ទឹកភ្លៀង​ធ្លាក់​ចំពេល​ដំណាំ​ឧស្សា​កម្ម​មួយ​នេះ ចេញ​ផ្កា និង​ចេញ​ក្តឹប​នោះ​។

​តែ​ប៉ះចំ​អាកាសធាតុ​ក្តៅ​ជ្រុល​ជាង​សព្វ​ដំណាំ​នេះ​ក៏​ធ្លាក់ចុះ​ទិន្នផល​ដែរ​។​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​បញ្ហា​តម្លៃ​គ្រាប់ស្វាយចន្ទី​ដល់​លើកដំបូង​នេះ​បាន​ធ្លាក់ចុះ​តម្លៃ​ច្រើន​បើ​បៀ​ប​ទៅ​ឆ្នាំមុន​គឺ​សម្រាប់​តម្លៃ​នៅ​ថ្ងៃទី​២៥​កុម្ភ​:​មួយ​គីឡូក្រាម​គ្រាប់ស្វាយចន្ទី​ទើប​ហើយ​ថ្មីៗ​តម្លៃ​៥.៨០០​រៀល​ហើយ​គ្រាប់​ដែល​ហាល​កម្តៅថ្ងៃ​ស្ងួត​តម្លៃ ៦.៨០០ រៀល​។ តម្លៃ​នេះ​បើ​ប្រៀបធៀប​ទៅ​កាលពី​ឆ្នាំមុន​ប្រមូល​លើកដំបូង​ដែរ គឺ​ខុសគ្នា​ពី ៣.០០០ ទៅជិត ៤.០០០ រៀល​។​

លោក វីរ​: បាន​បន្តថា សម្រាប់​តួលេខ​ចម្ការ​ស្វាយចន្ទី​ក្នុង​ខេត្តកំពង់ចាម​ឆ្នាំ​២០១៨ ទាំង​កំពុង​ប្រមូល​ផល និង​ទើបបាន​ដំ​ដុះ​ហើយ​សរុប​ចំនួន​២៤.៣៦៤​ហិកតា​។​ក្នុងនោះ​ស្រុក​ដែលមាន​ដំណាំ​ស្វាយចន្ទី​ច្រើនជាងគេ​មានស្រុក​ស្ទឹងត្រង់​,​ស្រុក​ចម្ការលើ​,​ស្រុក​ជើងព្រៃ​,​ស្រុក​កំពង់សៀម​,​ស្រុក​បាធាយ​គឺ​លើកលែងតែ​ក្រុង​កំពង់ចាម​មួយ​ប៉ុណ្ណោះ​គ្មាន​ចម្ការ​ស្វាយចន្ទី​។​

​លោក នួន វាសនា ម្ចាស់​ចម្ការ​ស្វាយចន្ទី​មួយកន្លែង​នៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម​បាន​បញ្ជាក់ថា ចម្ការ​ស្វាយចន្ទី​របស់​គ្រួសារ​លោក​មាន​ទំហំ​ជិត​ពីរ​ហិកតា​មាន​អាយុ​៦​ឆ្នាំ​គឺ​ចំនួន​ពីរ​ថ្ងៃ​បេះ​ប្រមូល​ផល​ម្តង​បាន​ពី​៦០០​ទៅ​៧០០​គី​គ​ឡូ​ក្រាម​។​ការប្រមូល​ផល​បាន​ជាង​មួយខែ​នេះ​គឺ​បានបង្ហាញ​ពី​ទិន្នផល​ស្វាយចន្ទី​ឆ្នាំនេះ​មាន​ផ្លែ​ច្រើនជាង​ឆ្នាំ​២០១៨​គឺអាច​ច្រើនជាង​ពីមួយ​ទៅ​ពីរ​តោន​បើសិនជា​អាកាសធាតុ​នៅតែ​បន្ត​អំណោយផល​ដូច​ពេល​កន្លងទៅនេះ​។​

​ម្ចាស់​ចម្ការ​បាន​ឲ្យ​ដឹង​ទៀតថា​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​តម្លៃ​លក់​ចេញ​សព្វថ្ងៃ​ដែល​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​មួយ​គីឡូក្រាម​ពី ៥.១០០ ទៅ ៥.៥០០ រៀល​។ តម្លៃ​នេះ​ធ្លាក់ចុះ​ជាង​កាលពី​ដល់​លើកដំបូង​ពី ១.០០០ ទៅ ២.០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​តម្លៃ​នេះ​រិត​តែ​ទាប​ជាង​កាលពី​ឆ្នាំ​២០១៨ ពី​ជាង​៣.០០០ ទៅ​ជាង ៤.០០០ រៀល​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ