នាវាចម្បាំង​អាមេរិក​២​គ្រឿង​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​

681
ចែករម្លែក
  • 45
    Shares

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​កុម្ភៈ​ថា​កងទ័ពជើងទឹក​អាមេរិក​បាន​បើក​នាវា​២​គ្រឿង​ឆ្លងកាត់ ច្រក​សមុទ្រ​តៃវ៉ាន់​នៅក្នុង​អ្វី​ដែល​កងទ័ព​អាមេរិក​បាន​ពណ៌នា​ថា​ជា “​ការឆ្លងកាត់​ជាប្រចាំ​” ដែល​ប្រាកដ​ជា​ធ្វើឱ្យ​ចិន​មានការ​ខឹងសម្បា ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ មន្ទីរ​បញ្ច​កោណ​បាន​និយាយថា​នាវា​ពិឃាត USS Stethem មួយ​គ្រឿង​និង​នាវា​ដឹក​ជញ្ជូន USNS Cesar Chavez មួយគ្រឿង បាន​ធ្វើដំណើរ​​រវាង​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត ដោយ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ កាលពី​ថ្ងៃអាទិត្យ​រហូត​ដល់​ថ្ងៃ​ចន្ទ​។​

​សេចក្តីថ្លែងការណ៍​នោះ​បាន​និយាយថា​”​ការឆ្លងកាត់​តាម​ទម្លាប់​កាត់​ដែនទឹក​អន្តរជាតិ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​តំបន់​​ឥ​ណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច​ដែល​មាន​ភាព​សេរី​និង​បើកចំហ​។ ក្រសួង​ការពារជាតិ​អាមេរិក នឹង​បន្ត​ហោះហើរ ធ្វើ​នាវាចរណ៍ និង​ធ្វើ​ប្រតិបត្តិការ​គ្រប់​ទីកន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​”​។​

​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ នាវាចម្បាំង​អាមេរិក​ច្រើន​គ្រឿង​បាន​បើក​ឆ្លងដែន​ទឹក​នេះ​ដែល​បែក​ចែក​ចិនដីគោក​ចេញពី​កោះ​តៃវ៉ាន់​នេះ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​រាល់​នាវា​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​គឺជា​ការរំលោភ​លើ​អធិបតេយ្យ​របស់ខ្លួន ខណៈ​ដែល​សហរដ្ឋអាមេរិក​និង​ប្រទេស​ជាច្រើន ទៀត​ចាត់​​ទុក​ផ្លូវ​នេះ​ថា​ជា​ដែនសមុទ្រ​អន្តរជាតិ​បើកចំហ​។​

​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ដែល​ត្រូវ​បាន​បង្រួបបង្រួម​ទោះបីជា​ភាគី​ទាំង​២​គ្រប់គ្រង​ដាច់ដោយឡែក​ពី​គ្នា​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​​ស៊ីវិល​នៅ​ដី​គោក​ក្នុង​ឆ្នាំ​១៩៤៩​ក៏ដោយ​៕ដោយ៖សុខា/sn

នាវា​ពិឃាត​អាមេរិក USS Stethem ត្រូវបាន​គេ​ឃើញ​ស្ថិតនៅ​កំពង់ផែ​មួយ​កាលពី​ឆ្នាំ​២០១៥​ក្នុងពេល​ទស្សនកិច្ច​នៅ​ទីក្រុង​Shanghai ប្រទេស​ចិន​