ម៉ា​ឌូ​រ៉ូ ចោទប្រកាន់​អាមេរិក​ថា​ព្យាយាម​ប្រឌិត​វិបត្តិ​ដើម្បី​បង្ក​សង្គ្រាម​នៅ​អាមេរិក​ខាងត្បូង​

1010
ចែករម្លែក
  • 66
    Shares

​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​ចោទប្រកាន់​អាមេរិក​ថា​ព្យាយាម​«​ប្រឌិត​វិបត្តិ​»​មួយ​ដើម្បី​ចាប់ផ្តើម​សង្គ្រាម​មួយ​នៅ​អាមេរិក​ខាងត្បូង​។​


លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អាមេរិក​ABC News នៅ​ក្រុង​កា​រ៉ា​កាស លោក​បាន​និយាយថា​« គ្រប់យ៉ាង​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ នឹង​ជួប​បរាជ័យ​…​ពួកគេ​​កំពុង​ព្យាយាម​ប្រឌិត​វិបត្តិ​មួយ​ដើម្បី​ធ្វើអោយ​មាន​ភាព​តានតឹង​នយោបាយ​ខ្លាំង​ឡើង​និង​ធ្វើអោយ​អន្តរាគមន៍​យោធា​នៅ​ក្នុងប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​មើល​ទៅ​មាន​ភាព​ត្រឹម​​ត្រូវ ដើម្បី​នាំ​សង្គ្រាម​មួយ​មក​កាន់​អាមេរិក​ខាងត្បូង​»​។​

​លោក​ម៉ា​ឌូ​រ៉ូ ក៏​បាន​រិះគន់​ជំនួប​នៃ​ក្រុម​Lima Group នៅ​ក្រុង​បូ​ហ្គោ​តា កាលពី​ពេល​ថ្មីៗ ដោយ​លោក​ចាត់​ទុក​វា​ជា​«​ផ្នែក​នៃ​នយោបាយ​នោះ​ដើម្បី​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​​រណប​មួយ​នៅក្នុង​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​»​និង​ថា «​អាមេរិក​ចង់បាន​ប្រេង​វេ​ណេ​ស៊ុយអេ​ឡា គឺ​ចង់​បង្កើត​សង្គ្រាម​ដើម្បី​ប្រេង​»​។​

​លោក​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា​បាន​ប្រាប់​ABC News ថា​ប្រធានាធិបតី​អាមេរិក ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​លោក​អំពី​វេ​ណេ​ស៊ុយអេ​ឡា និង​«​វេ​ណេ​ស៊ុយ​​អេ​ឡា មាន​សិទ្ធិ​ដើម្បី​សន្តិភាព វេ​ណេ​ស៊ុយអេ​ឡា មាន​ស្ថាប័ន​ស្របច្បាប់​។​ខ្ញុំ ក្នុងនាម​ជា​ប្រធានាធិបតី វេ​ណេ​ស៊ុយអេ​ឡា ត្រៀម​ចរចា​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​របស់​អ្នក​។​យើង​​ជា​អាមេរិក​ខាងត្បូង អ្នក​ជា​អាមេរិក​ខាងជើង សម្លឹង​រក​ដំណោះស្រាយ​សតវត្សរ៍​ទី​២១ មិនមែន​ដំណោះស្រាយ​សង្គ្រាមត្រជាក់​ទេ​។​សង្គ្រាមត្រជាក់​គួរ​ជា​អតីតកាល​»​។​

​កាលពី​ខែ​មុន លោក​ម៉ា​ឌូ​រ៉ូ​បានចោទប្រកាន់​រដ្ឋាភិបា​ល​ក្រុង​វ៉ាស៊ីនតោន​ថា ព្យាយាម​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ក្រោយពី​អាមេរិក​ប្រកាស​គាំទ្រ​មេដឹកនាំ​ប្រឆាំង ហ្ស័​ន ក្វាយ​ដូ ដែល​បាន​​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា បណ្តោះអាសន្ន​។​

​អាមេរិក​បន្ត​ដាក់​គំនាប​អោយ​លោក​ម៉ា​ឌូ​រ៉ូ ចុះចេញ​ពី​អំណាច ដោយ​ប្រកាស​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​លើ​ក្រុម​លោក​ម៉ា​ឌូ​រ៉ូ​។​

​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​កុម្ភៈ​អនុ​ប្រធានាធិបតី​អាមេរិក លោក​ម៉ៃ ផេន​បាន​ជំរុញ​ឱ្យ​ដៃគូ​ក្នុង​តំបន់​បង្កក​ទ្រព្យសម្បត្តិ​ប្រេង​ដែល​គ្រប់គ្រង​ដោយ​លោក​ម៉ា​ឌូ​រ៉ូ ផ្ទេរ​ប្រាក់​ឱ្យ​ទៅ​លោក​ក្វាយ​ដូ និង​រឹតបន្តឹង​លើ​ទិដ្ឋាការ​សម្រាប់​ក្រុម​មន្ត្រី​របស់​លោក​ម៉ា​ឌូ​រ៉ូ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម