​វ៉ាន់ វឿន អាច​ប្រជែង​កៅអី សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ បាន​ឬទេ ?

670
ចែករម្លែក
  • 5
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សម្រាប់​ព្រឹត្តិការណ៍ ខ្សែក្រវាត់ ខា​រ៉ា​បាវ ទម្ងន់ ៥៧ គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ថ្ងៃទី ២ ខែមីនា ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា វ៉ាន់ វឿន ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ បាន់​ដា សាក់ (Banda Sak) ។​

៣ ប្រកួត​របស់ វ៉ាន់ វឿន គេ​ឈ្នះ​ទាំង ៣ ប្រកួត ដោយ​ផ្ដួល​គូប្រកួត បាន​មុន​ទឹក​ទី​៥ រហូត ។ ប្រកួត​លើក​ទី​១ គេ​ផ្ដួល​គូប្រកួត​បាន នៅ​ទឹក​ទី​៣ ប្រកួត​លើក​ទី​២ ផ្ដួល​គូប្រកួត​នៅ​ទឹក​ទី​១ និង​លើក​ទី​៣ គេ​ផ្ដួល​គូប្រកួត​បាន នៅ​ទឹក​ទី​៣ ដែរ ។ ៣ ប្រកួត​ត្រូវ​វ៉ៃ ១៥ ទឹក ព្រោះ​មួយ​ប្រកួត មាន ៥ ទឹក តែ វ៉ាន់ វឿន ៣ ប្រកួត​គេ​វ៉ៃ​តែ ៧ ទឹក ប៉ុណ្ណោះ ។​

វ៉ាន់ វឿន និង បាន់​ដា សាក់​

​កំណត់ត្រា​នេះ មិនល្អ​ដូច​កំណត់ត្រា របស់ លាប រដ្ឋា ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ​ឡើយ ដែល ៣ ប្រកួត​របស់គេ​វ៉ៃ ៦ ទឹក ។ ពេលនេះ កៅអី

សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កៀក​ជាមួយ លាប រដ្ឋា ជាង វ៉ាន់ វឿន ហេតុនេះ ការប្រកួត​ចុងក្រោយ​នេះ វ៉ាន់ វឿន ត្រូវខិតខំ​ផ្ដួល​គូប្រកួត ឲ្យ​បាន​លឿន​បំផុត​។​

​នេះ​ជាការ​ប្រកួត​ចុងក្រោយ ហើយ​ការប្រកួត​នេះ គេ​ជឿថា វ៉ាន់ វឿន នឹង​ឈ្នះ​អ្នក​ប្រដាល់​ថៃ បាន់​ដា សាក់ មុន​ទឹក​ទី​៥ មិន​ខាន តែ​មិនដឹងថា ទឹក​ណា​ឡើយ​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧២​ដង ឈ្នះ​៥៨​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២ ដង ។ ចំពោះ បាន់​ដា សាក់ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៩​ដង ឈ្នះ​៥០​ដង និង​ចាញ់​៩​ដង ។ វ៉ាន់ វឿន នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ជាមិនខាន​ឡើយ ។​

​សេន កុសល និង រ៉ុង សា​យ៉ា​ម​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​កម្ពុជា សេន កុសល ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ រ៉ុង សា​យ៉ា​ម (Roung Sayam ) ។​

​នេះ​គ្រាន់តែ​ជាការ​ប្រកួត​មួយ ដែល សេន កុសល ទោះបី​ចាញ់ ឬ​ឈ្នះ ក៏​គេ​បានទទួល ៣ ពិន្ទុ ក្នុងឋានៈ​ជា​អ្នកឈ្នះ​ដែរ ព្រោះ រ៉ុង សា​យ៉ា​ម មក​ប្រកួត​បង្គ្រប់កិច្ច ជំនួស​មិត្ត​រួម​ជាតិ​របស់គេ ដែល​បោះបង់ចោល​ការប្រកួត ដោយសារ​មាន​គ្រោះថ្នាក់​ចរាចរ តែប៉ុណ្ណោះ ។​

​កុសល ៣ ប្រកួត​របស់គេ ឈ្នះ​ទាំង ៣ ប្រកួត ដោយ​ពិន្ទុ​ទាំងអស់ ។ ការប្រកួត​មួយ​នេះ គេ​ជឿថា កុសល នឹង​ឈ្នះ​ទៀត​ជាមិនខាន ។ កុសល មិនមាន​សំណាង បាន​ឡើងទៅ​កាន់ វគ្គ​ផ្ដាច់ព្រ័ត្រ​នោះទេ ព្រោះ​កំណត់ត្រា​ប្រកួត របស់គេ មិនសូវ​ល្អ​នោះឡើយ ។​

​កុសល មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៦​ដង ឈ្នះ​៥២​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ រ៉ុង សា​យ៉ា​ម វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥០​ដង ឈ្នះ​៤១​ដង និង​ចាញ់​៩​ដង ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម