លើក​ពេល​ប្រកាស​សាលដីកា​លើ​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​បរិស្ថាន​

1169
ចែករម្លែក

(​ភ្នំពេញ​) ៖ តុលាការ​កំពូល​បន្ត​លើក​ពេល​ប្រកាស​សាលដីកា លើ​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC)៤​រូប និង​បណ្ដឹងសាទុក្ខ​របស់​សកម្ម​ជន​ការពារ​បរិស្ថាន​តំបន់​អា​រ៉ែ​ង​១​រូប ទៅ​ថ្ងៃទី​៥ ខែកក្កដា​។​
​ ​
​អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក លោក សំ ច័ន្ទ​គា ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ មិថុនា ថា​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស​​អាដហុក អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់​ដា លោក នី សុខា និង​លោក យី សុខសាន្ត​ត្រូវបាន​តុលាការ​កំពូល​បន្ត​លើក​ពេល​ប្រកាស​​សាលដីកា​ជា​លើក​ទី​២ បន្ទាប់ពី​តុលាការ​នេះ​លើក​ពេល​ម្ដង​រួចហើយ​កាលពី​ថ្ងៃទី​២១ មិថុនា ថា នឹង​ប្រកាស​នៅ​ថ្ងៃទី​២៨ មិថុនា​។
​ ​
​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​៤​រូប ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី​នឹង​ឃុំខ្លួន​បណ្ដោះអាសន្ន​ជាង​១​ឆ្នាំ​ហើយ​។​
​ ​
​ចំណែក​សំណុំរឿង​មួយទៀត​នៅ​តុលាការ​កំពូល គឺ​ករណី​បណ្ដឹងសាទុក្ខ​ដែល​ប្ដឹង​ប្រឆាំង​ការសម្រេច​របស់​តុលាការខេត្ត​កោះកុង​រប​ស់​​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អា​រ៉ែ​ង និង​ជា​ប្រធាន​សហគមន៍​ជនជាតិដើម​ភាគតិច​ជង លោក វ៉ែន វ៉ន​ក៏​ត្រូវបាន​តុលាការ​​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃទី​៥ កក្កដា ដូចគ្នា​។​
​ ​
​លោក វ៉ែន វ៉ន ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ចាប់ខ្លួន​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកោះកុង កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ ក្រោម​បទ​ចោទ​ប្រមូល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត​៕

​សំរាប់​សំណុំរឿង​មួយទៀត តាម​គម្រោង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា​នេះ តុលាការ​កំពូល​នឹង​សម្រេច​ដោះលែង ឬ​មិន​ដោះលែង​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ ពាក់ព័ន្ធ​ករណី​លោក គឹម សុខ ប្តឹង​ទាមទារ​ឲ្យ​មានការ​ដោះលែង​រូបលោក ប៉ុន្តែ​តុលាការ​​កំពូល​បាន​លើក​ពេល​ប្រកាស​ទៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ខាងមុខនេះ​វិញ ។​

​ជាមួយគ្នានេះ​តុលាការ​កំពូល បាន​បន្ត​សវនាការ​រឿង​លោក គឹម សុខ មួយ​ករណី​ទៀត ដែល​ប្តឹង​សុំ​ឲ្យ​តុលាការ​កោះអញ្ជើញ​លោក គី តិច ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ មក​តទល់​គ្នា​។ ប៉ុន្តែ​តុលាការ​កំពូល​នឹង​សម្រេច​លើ​ការស្នើ​នេះ​នៅ​ថ្ងៃទី​៥ ខែកក្កដា​ខាងមុខ​ដូចគ្នា​៕ ​ដោយ ៖វិបុល-វាសនា

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​លោកគឹម សុខ(ស្តាំ)

ទីតាំងផ្សាយពាណិជ្ជកម្ម