ក្លិប​ឆេ​ល​ស៊ី​ពិន័យ​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា ដោយ​កាត់​ប្រាក់​ឈ្នួល​មួយ​សប្តាហ៍​ដោយសារ បដិសេធ​មិន​ព្រម​ប្តូរ​ចេញ​

575
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​សង្ឃឹមថា រឿងរ៉ាវ​របស់​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) នឹង​ឈានដល់​ទីបញ្ចប់​ខណៈពេល​អ្នកចាំទី​រូបនេះ​បាន​សូម​អភ័យទោស និង​ទទួលពិន័យ​កាត់ ប្រាក់​ឈ្នួល ចំពោះ​សកម្មភាព​របស់ខ្លួន អំឡុងពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ។

​អ្នកចាំទី​រូបនេះ​ទំនង​ជាមាន​បញ្ហា​រមួល​សាច់ដុំ នៅ​ជិត​ចប់​ម៉ោង​បន្ថែម​អំឡុងពេល​ប្រកួត​ជាមួយ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ហើយ​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) សម្រេចចិត្ត​ប្តូរ កេ​ប៉ា ដាក់​អ្នកចាំទី វី​ល​លី កា​បា​ឡេ​រ៉ូ (Willy Caballero) ជំនួស​វិញ​។

​ទោះបីជា​យ៉ាងណា កេ​ប៉ា មិន​ព្រម​ចាក​ចេញពី​ទីលាន​ប្រកួត ដោយ​អះអាងថា ខ្លួន​ចង់​លេង​ទៀត​។ ការធ្វើ​បែបនេះ​បណ្តាល​ឲ្យ​លោក សារី ផ្ទុះ​កំហឹង​។ ក្លឹប​នេះ​បានចេញ​ផ្សាយ​សក្ខីកម្មរ​បស់ កេ​ប៉ា និង​លោក សារី បន្ទាប់ពី​អ្នកផ្សេង​រក្សា​ភាពស្ងប់ស្ងាត់​។

​កេ​ប៉ា បាន​និយាយថា “​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​កាល ពី​ម្សិលមិញ ហើយ​មាន​មោទនភាព​ចំពោះ​ការប្រឹងប្រែង​របស់​ក្រុម​។ ខ្ញុំ​គិត​ច្រើន​អំពី​ព្រឹត្តិការណ៍ កាលពី​ម្សិលមិញ​”​។

​កីឡាករ​រូបនេះ​បន្តថា “​ប៉ុន្តែ​មានការ​យល់ច្រឡំ​។ ខ្ញុំ​បាន​សាង​កំហុស​ធំ​ណាស់ ជាមួយនឹង​របៀប ដែល​ខ្ញុំ​ដោះស្រាយ​នឹង​ស្ថានការណ៍​។ ខ្ញុំ​ចង់​ឆ្លៀតពេល​ថ្ងៃនេះ ធ្វើការ​សូម​អភ័យទោស​ទាំងស្រុង និង​ដោយផ្ទាល់​ដល់​គ្រូបង្វឹក ចំពោះ វី​ល​លី មិត្ត​រួម​ក្រុម​និង​ក្លឹប​ទាំងមូល​”​។

​វី​ល​លី មានកេរ្តិ៍ឈ្មោះ ដោយសារ​ការសង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ហើយ​ក្រុម​ឆេ​ល​ស៊ី​បានបញ្ចប់ ដោយ​ចាញ់​ការ​ទាត់​ប៉េ​ណា​ល់​ទី​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។

​លោក សារី បាន​និយាយថា “​គាត់​បាន​សូម​អភ័យទោស​ចំពោះ​ខ្ញុំ មិត្ត​រួម​ក្រុម​និង​ក្លឹប​។​វា​អាស្រ័យ លើ​ក្លឹប ថា តើ​ពួកគេ​ចង់​ដាក់ពិន័យ​គាត់​ទៅតាម​ច្បាប់​របស់​ក្លឹប​ឬ​យ៉ាងណា ប៉ុន្តែ​សម្រាប់​ខ្ញុំ​បញ្ហា នេះ​គឺ​បញ្ចប់​ហើយ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga)​

ទីតាំងផ្សាយពាណិជ្ជកម្ម