អ្នកទេសចរ​រាប់ពាន់នាក់​ជាប់គាំង ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways លុបចោល​ជើងហោះហើរ​រំលង​លើ​ប្រទេស​ប៉ា​គី​ស្ថាន​

559
ចែករម្លែក
  • 28
    Shares

​អ្នកទេសចរ​រាប់ពាន់នាក់​បាន​ជាប់គាំង​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កុម្ភៈ​នេះ បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​លុបចោល​ជើងហោះហើរ​ទាំងអស់​រំលង​លើ​ប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​បិទ​ដែនអាកាស​របស់ខ្លួន​ភ្លាមៗ​ដើម្បី​ឆ្លើយតប​នឹង​ភាព​តានតឹង​ខ្លាំង​ឡើង​ជាមួយ​ឥណ្ឌា​។​

​ក្រុមហ៊ុន​ថៃ​នេះ​បាន​និយាយថា ជើងហោះហើរ​ចំនួន ២៥ ដែល​ភាគច្រើន​ហោះ​ទៅមក​ឆ្លងកាត់​ផ្លូវ​ឆ្ពោះទៅកាន់​ទ្វីបអឺរ៉ុប ត្រូវបាន​លុបចោល ជាមួយ​យន្តហោះ​៣​គ្រឿង​បាន​បង្ខំចិត្ត​ហោះ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការលុបចោល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​វិបត្ដិ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​រវាង​ប្រទេសជិតខាង​មាន​អាវុធ​នុយក្លេអ៊ែរ​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា ដោយបាន​លើកឡើង​ពី​ការបារម្ភ​អំពី​ការផ្ទុះ​សង្គ្រាម​ពេញទំហឹង​។​

​ប៉ា​គី​ស្ថាន​បាន​អះអាងថា​ខ្លួន​បាន​បាញ់​យន្តហោះ​កងទ័ពអាកាស​ឥណ្ឌា​២​គ្រឿង​នៅក្នុង​ដែនអាកាស​របស់ខ្លួន ប៉ុន្តែ​ក្រោយមក​បាន​បញ្ជាក់ថា ចាប់ខ្លួន​អ្នកបើកបរ​យន្តហោះ​ឥណ្ឌា​បានតែ​ម្នាក់​ប៉ុណ្ណោះ​។​

​ឥណ្ឌា​បាន​និយាយថា​កងកម្លាំង​របស់ខ្លួន​ក៏បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ប៉ា​គី​ស្ថាន​បាន​មួយគ្រឿង​ដែរ ខណៈ​ប៉ា​គី​ស្ថាន​បាន​បិទ​លំហ​អាកាស​របស់ខ្លួន​ភ្លាមៗ​។​

​ក្រុមហ៊ុន Thai Airways បាន​និយាយថា អ្នកដំណើរ​ជិត ៥.០០០ នាក់​បាន​ជាប់​ទ្រឹង​ទៅណា​មិន​រួច នៅក្នុង​ការលុបចោល​ជើងហោះហើរ​នេះ​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Thai Airways បាន​និយាយថា “​មាន​មនុស្ស ៤.០០០ នាក់​មកពី​ជើងហោះហើរ​អឺរ៉ុប និង ពី ៧០០ ទៅ ៨០០ នាក់​មកពី​ជើងហោះហើរ​ទៅកាន់​ប៉ា​គី​ស្ថាន​”​។​

​នាង​បាន​និយាយថា “​យើង​កំពុង​រង់ចាំ​ការអនុញ្ញាត​ហោះហើរ​លើ​បណ្តា​ប្រទេស​ដទៃទៀត​” ដោយ​ពន្យល់ថា អ៊ីរ៉ង់​បាន​ច្រានចោល​ការស្នើសុំ​ហោះហើរ​លើ​ដែនអាកាស​របស់ខ្លួន​។​

​នាង​បាន​បន្ថែមថា “​ពេលនេះ​យើង​កំពុង​ទាក់ទង​ចិន​”​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បានឱ្យដឹងថា អ្នកដំណើរ​ដែល​ជាប់គាំង​ទាំងអស់នេះ​ត្រូវបាន​នាំទៅ​ស្នាក់នៅ​សណ្ឋាគារ​ដោយ​ក្រុមហ៊ុន​ជា​អ្នកចំណាយ​ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

អ្នកដំណើរ​ជិត​៥០០០​នាក់​ជាប់គាំង​នៅ​ថៃ ព្រោះ​ប៉ា​គី​ស្ថាន​បិទ​ដែនអាកាស​របស់ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម