ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាញ់​គ្នា​នៅ​តំបន់​កា​ស្មៀ​រ​, អ្នកភូមិ​ភ័យ​នាំគ្នា​ភៀសខ្លួន​ចេញពីផ្ទះ​

721
ចែករម្លែក
  • 190
    Shares

​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​បាញ់​ដាក់គ្នា​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​រហូតដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​តំបន់​ជម្លោះ​កា​ស្មៀ​រ គឺ​មួយថ្ងៃ​គត់​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​និយាយថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា​ពីរ​គ្រឿង និង ចាប់បាន​អ្នកបើកបរ​យន្តហោះ​ម្នាក់​។​

​មិនមាន​របាយការណ៍​ភ្លាមៗ​អំពី​ការស្លាប់​និង​របួស​នោះទេ​បើទោះជា​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ហោះ​កាត់​តាម​តំបន់ភ្នំ​យ៉ាងណាក៏ដោយ ខណៈដែល​អ្នកភូមិ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​គេ​ហៅថា “​ខ្សែបន្ទាត់​កាន់កាប់​” បាន​រត់​ភៀសខ្លួន​ទៅរក​កន្លែង​សុវត្ថិភាព​។​

​ទន្ទឹមនឹង​នេះដែរ សមាជិក​នៃ​គណបក្ស​បារី​ទី​យ៉ា​ចា​ណា​តា​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ដ្រា ម៉ូ​ឌី​បាន​អំពាវនាវ​ឱ្យមាន​ចំណាត់ការ​យោធា​បន្ថែមទៀត ដោយ​លើកឡើងថា ជម្លោះ​នេះ​នៅតែ​អាច​កាន់តែ​អាក្រក់​ទៅៗ​។ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​ន់ ខាន់​បាន​អំពាវនាវ​ឱ្យមាន​ការចរចា​រវាង​គូប្រជែង​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ​នេះ​នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ ដោយ​និយាយថា “​ដោយ​ពិចារណា​លើ​ស្ថានភាព​នៃ​អាវុធ​ដែល​យើង​ទាំងពីរ​មាន តើ​យើង​អាច​លៃលក​ឱ្យមាន​ការប៉ាន់ស្មាន​ខុស​ដែរ​ឬ​យ៉ាងណា​?”​។​

​មហាអំណាច​ពិភពលោក​នានា​បាន​អំពាវនាវ​ឱ្យ​ប្រជាជាតិ​ទាំងពីរ​សម្រាល​ភាព​តានតឹង​ដែល​កំពុង​ញាំញី​តំបន់​ជម្លោះ​នេះ ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ថ្ងៃ​១៤​កុម្ភៈ​ដែល​បានសម្លាប់​កង​អាវុធហត្ថ​របស់​ឥណ្ឌា​ជាង ៤០ នាក់​។ ឥណ្ឌា​បាន​ឆ្លើយតប​ជាមួយ​ការវាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ទឹកដី​ប៉ា​គី​ស្ថាន ដែលជា​ការ​វាយឆ្មក់​លើកដំបូង​ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​នៅ​ឆ្នាំ ១៩៧១ រវាង​ប្រទេស​ទាំងពីរ​ជុំវិញ​ដែនដី​មួយ ដែល​ក្រោយមក​បានក្លាយ​ជា​ប្រទេស​បង់​ក្លា​ដែ​ស​។​

​ស្ថានការណ៍​បាន​ផ្ទុះឡើង​ខ្លាំង​ជាមួយនឹង​ការប៉ះទង្គិច​គ្នា​កាលពី​យប់​ថ្ងៃ​ពុធ ដែល​ក្នុង​នោះគេ​ឃើញ​ប៉ា​គី​ស្ថាន​និយាយថា ខ្លួន​បាន​បាញ់​យន្តហោះ​ឥណ្ឌា​ពីរ​គ្រឿង ដែល​មួយ​បាន​ធ្លាក់​ក្នុង​ផ្នែក​មួយ​នៃ​តំបន់​កា​ស្មៀ​កាន់កាប់​ដោយ​ប៉ា​គី​ស្ថាន​និង​មួយទៀត​ធ្លា​ក់នៅ​តំបន់​កា​ស្មៀ​រកា​ប់​កាប់​ដោយ​ឥណ្ឌា​។​

​ឥណ្ឌា​បាន​ទទួលស្គាល់ថា យន្តហោះ​ចម្បាំង​ប្រភេទ MiG-21 របស់ខ្លួន​មួយគ្រឿង​បាន​បាត់បង់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​ប៉ា​គី​ស្ថាន ហើយ​ថា​អាកាសយានិក​ម្នាក់​របស់​ខ្លួន​បាន​បាត់​ខ្លួន​នៅក្នុង​សកម្មភាព​នេះ​៕ ដោយ៖ កញ្ញាដាលីស

ពលរដ្ឋ​ប៉ា​គី​ស្ថាន​កំពុង​ជម្លៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម