ក្រុមប្រឹក្សាសន្តិសុខ​ច្រានចោល​សេចក្តីសម្រេចចិត្ត​របស់​អាមេរិក​និង​រុស្ស៊ី​អំពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

620
ចែករម្លែក
  • 94
    Shares

​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​បាន​ច្រានចោល​សេចក្តីសម្រេចចិត្ត​ប្រជែង​គ្នា​អំពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ធ្វើឡើង​ដោយ​សហរដ្ឋ​និង​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កុម្ភៈ ជាមួយ​រុស្ស៊ី​និង​ចិន​បាន​បោះឆ្នោត​វ៉េតូ​ការអំពាវនាវ​របស់​អា​មេ​រិ​ក​ឱ្យមាន​ការបោះឆ្នោត​ជាថ្មី និង​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បរាជ័យ​ក្នុង​ការទទួល​បានការ​គាំទ្រ​គ្រប់គ្រាន់​។​

​ការ​ឆ្នោត​វ៉េតូ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការបែកបាក់​នៅក្នុង​ស្ថាប័ន​ដ៏​មានអំណាច​បំផុត​របស់​អង្គការសហប្រជាជាតិ​ជុំវិញ​ជម្លោះ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រវាង​ប្រធានាធិបតី​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដែល​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​ប៉េកាំង​និង​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​ដទៃទៀត​ជាង ៥០ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​នេះ​។​

​ជម្លោះ​នយោបាយ​នេះ​បាន​បង្កឡើង​ដោយ​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​និង​ការដួលរលំ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ ដោយបាន​បង្ខំ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចំនួន​ប្រហែល​១​ភាគ​១០​ភៀសខ្លួន​ចេញពី​ប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ភ្លាមៗ​មុន​ការបោះឆ្នោត​វ៉េតូ ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​លោក​វ៉ាស​ស៊ី​លី ណេ​បិ​ន​ហ្សា បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​បាន​ចូលរួម​ក្នុង “​ការឃោសនា​ឥត​អៀនខ្មាស់​” ជាមួយ​គោលដៅ​នៃ “​ការផ្លាស់ប្តូរ​របប​”​។ គាត់​បាន​សម្តែង​ការបារម្ភ​ថា បរាជ័យ​នៃ​សេចក្តីសម្រេចចិត្ត​របស់​អាមេរិក​នេះ អាច​ត្រូវបាន​ប្រើ​ជា​លេស​សម្រាប់ “​អន្តរាគមន៍​ពិតប្រាកដ​” នៅក្នុង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​បេសកជន​អាមេរិក​ប្រចាំ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​អែល​ឡត អា​ប្រាំ​បាន​និយាយ​បន្ទាប់ពី​ការបោះឆ្នោត​នោះ​ថា “​ពេលវេលា​សម្រាប់​ការផ្លាស់ប្តូរ​ដោយ​សន្តិវិធី​ទៅរក​លទ្ធិប្រជាធិបតេយ្យ​គឺ​ពេល​ឥឡូវនេះ​” ដោយ​ចោទប្រកាន់​ក្រុម​អ្នកជំទាស់​នឹង​សេចក្តីសម្រេចចិត្ត​របស់​អាមេរិក​ថា​ព្យាយាម​អូសបន្លាយ​ពេល​នៃ​ទុក្ខវេទនា​របស់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​បន្ត “​ការពារ​លោក​ម៉ា​ឌូ​រ៉ូ​និង​បក្ខពួក​របស់គាត់​”​។​

​លោក​បាន​និយាយថា “​ដោយ​មិន​គិតពី​លទ្ធផល​នៃ​ការបោះឆ្នោត​នៅថ្ងៃនេះ សេចក្តីសម្រេច​នេះ​បង្ហាញថា ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក​ជាពិសេស​នៅ​អាមេរិក​ឡាទីន​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ពីក្រោយ​ប្រធានាធិបតី​បណ្តោះអាសន្ន​ក្វា​យ​ដូ​។ យើង​សង្ឃឹមថា​នឹងមាន​ការបោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​និង​រដ្ឋាភិបាល​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​និង​បំណងប្រាថ្នា​របស់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​”៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​១​ភាគ​១០​បាន​ចាក​ចេញពី​ប្រទេស​ដោយសារ​វិបត្តិ​មនុស្សធម៌​និង​ការដួលរលំ​សេដ្ឋកិច្ច

ទីតាំងផ្សាយពាណិជ្ជកម្ម