សម្ញែង​ទ្រព្យសម្បត្តិ

762
ចែករម្លែក
  • 1
    Share

លទ្ធផល​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បានលើកឡើង​ក្នុង​កិច្ចប្រជុំ លើក​ទី​៤៣ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ បង្ហាញថា ករណី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល និង​លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី គឺ​ដូចគ្នា​។ អង្គភាព​ប្រឆាំង អំពើពុករលួយ ក៏បាន​ប្រកាស​ពី​ការស៊ើបអង្កេត​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​បំណុល​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទាំងពីរ ក្រោយពេល​អ្នក​ទាំងពីរ បាន​សម្ញែង​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់ខ្លួន​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បង្ហាញថា ការបើក​ការស្រាវជ្រាវ​ស៊ើបអង្កេត ទ្រព្យសម្បត្តិ និង​បំណុល​របស់លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី​បាន​ដំណើរ ការ​ជិត​ចប់សព្វគ្រប់​ហើយ​។ ជាមួយគ្នានេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ពិនិត្យ​ទ្រព្យ សម្បត្តិ និង​បំណុល​របស់លោក គឹម រស្មី ពិនិត្យ​ទ្រព្យសម្បត្តិ និង​បំណុល​ភរិយា​របស់លោក គឹម រស្មី និង​កូន បីនាក់​របស់លោក គឹម រស្មី រួចរាល់​ហើយ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​បំណុល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល ផងដែរ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា ករណី​របស់លោក​ស្នងកា​រ​រង ស្រេង សុខា ដូចគ្នា​នឹង​លោក គឹម រស្មី ដែរ​។

​ករណី​របស់លោក គឹម រស្មី អតីត​មេបញ្ជាការ​ប៉េអឹម ខេត្តរតនគិរី កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លុបឈ្មោះ​ចេញពី​ក្របខណ្ឌ កងយោធពល​ខេមរភូមិន្ទ​។ ការសម្រេច​លុបឈ្មោះ​នេះ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​រូបនេះ បាន​សម្ញែង​បង្អួត​ទ្រព្យសម្បត្តិ លើ​ឆាក ក្នុង​កម្មវិធី​ជួបជុំ​សប្បាយ​មួយ​។ លោក​ក៏បាន​ប្រកាស ឲ្យ​លុយ​ជា​សែក​សរុប​កន្លះ​លាន​ដុល្លារ ជា​កាដូ សម្រាប់​កូន​ប្រាំ​នាក់ របស់លោក​។​

​យូរ​ឆ្នាំ​មកហើយ​គេ​ល្បីល្បាញ ករណី​លោក គឹម រស្មី មេ​ប៉េអឹម​ខេត្តរតនគិរី​ពាក់ព័ន្ធ​នឹង​ករណី ការពារ​បទល្មើស​កាប់​ឈើ​។ ប៉ុន្តែ​ការពិត គឺ​មានការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ ទើប​អាច​បញ្ជាក់​ពី​ការលើកឡើង​នោះ តើ​ពិត ឬក៏​គ្រាន់តែ​ជាការ​មួលបង្កាច់​លោក គឹម រស្មី​?​។​

​ដោយឡែក ករណី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ជា​ស្នងការរង​នគរបាល​ខេត្តកណ្តាល គឺ​នៅ​ដើម​សប្តាហ៍​នេះ មានការ​ផ្សព្វផ្សាយ​នូវ​រូបថត​ភ្ជាប់​របស់លោក ហើយ​គ្រាន់តែ​ថ្លៃ​បណ្ណាការ ភ្ជាប់ពាក្យ គឺ​លោក បានផ្តល់​ឲ្យ​កូនក្រមុំ ១០​ម៉ឺន​ដុល្លារ ចិញ្ចៀនពេជ្រ ខ្សែក និង​ឡាន​ទំនើប មួយគ្រឿង តម្លៃ ២២​ម៉ឺន​ដុល្លារ​។​សរុប​ទៅជិត​កន្លះ​លាន​ដុល្លារ​ដែរ​។ ក្នុងនោះ​ក៏មាន​ការ​សម្ញែង ទ្រព្យសម្បត្តិ​របស់លោក​ស្នងការរង ស្រេង សុខា ដែលមាន​ចិ​ញ្ជៀ​ន​ពេជ្រ និង​ក្បាល​ខ្សែក្រវាត់ ដាំ​ពេជ្រ ជាដើម​។​

​ជា​ការពិតហើយ អ្នកមាន តែងតែ​ចង់បង្ហាញ សម្ញែង​ប្រាប់​មិត្តភក្តិ អ្នកជិតខាង និង​មនុស្សម្នា ទាំងអស់​ថា ខ្លួន​ជា​អ្នកមាន ដើម្បី​ឲ្យ​គេ​ស្ញើ​ចស​សើរ​។ ម្យ៉ាងទៀត ការបង្ហាញ​ទ្រព្យសម្បត្តិ ក៏​មិនជា​ការខុសច្បាប់​អ្វី​នោះទេ​។​

​ក៏ប៉ុន្តែ​ក្នុងករណី​របស់លោក ស្រេង សុខា ជា​ស្នងការរង​នគរបាល ខេត្តកណ្តាល និង​លោក គឹម រស្មី អតីត​មេ​ប៉េអឹម ខេត្តរតនគិរី គឺ​លោក​ទាំងពីរ ជា​មន្ត្រី​សាធារណៈ ទទួល​ប្រាក់ខែ​ពីរ​ដ្ឋ ដែល​ប្រាក់ខែ​នោះ បានមកពី​កម្លាំង​ញើស​ឈាម​របស់​រាស្ត្រ អ្នក​បង់ពន្ធ​។​

​មែនទែនទៅ លោក​មេ​រង​ប៉ូលិស និង​អតីត​មេ​ប៉េអឹម​ទាំងពីរ​នេះ បើ​ចង់​សម្ញែង​ទ្រព្យសម្បត្តិ ដែល​ខ្លួន​មាន ទោះជា​មិនមែន​បានមកពី​ការងារ​បុណ្យស័ក្តិ​ក្នុង​ក្របខណ្ឌ​ប៉ូលិស និង​ប៉េអឹម​ក៏ដោយ គឺ​លោក​ទាំងពីរ ត្រូវ​លាឈប់​ពី​ការងារ​ក្របខណ្ឌ​រដ្ឋ នោះ​ប្រហែលជា​មិន​បញ្ហា​អ្វី​ចោទ​ទេ​។

​ក៏ប៉ុន្តែ​ផ្ទុយទៅវិញ ទាំងពីរ​ករណីនេះ ចង់​មិន​ចង់ ការបង្ហាញ​សម្ញែង​បង្អួត​ទ្រព្យ​របស់លោក​ទាំងពីរ គឺ​ច្បាស់​ជា​ត្រូវ​មហាជន​ទូទៅ ក៏ដូចជា​ក្រុមប្រឆាំង យក​ជា​លេស ដើម្បី​ប្រហារ​ដល់​មន្ត្រី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ឯទៀត ក៏​ថា​បាន​។​

​គេ​អាច​លើកឡើងថា គ្រាន់តែ​មេ​ប៉េអឹម​ខេត្ត​មួយ​សោះ មានទ្រព្យ​សម្បត្តិ​ដ៏​មហាសាល ចែក​លុយ​ឲ្យ​កូន​ម្នាក់ ១០​ម៉ឺន​ដុល្លារៗ ដូច ១០​ម៉ឺន​រៀល ហើយ​ថែមទាំង​ប្រកាស​អួតអាង​ពី​ទ្រព្យ ពី​ផ្ទះ ដែល​ខ្លួន​មាន និង​ចែក​ឲ្យ​កូន បង្ហាញ​សម្ភារៈប្រើប្រាស់ ដែល​គ្រាន់តែ​អាវ​មួយ តម្លៃ​ដល់​ទៅ ២០០០ ដុល្លារ​។

​មិន​ខុសពី​អតីត​មេ​ប៉េអឹម ខេត្តរតនគិរី លោក គឹម​រស្មី ប៉ុន្មាន​ទេ គឺ​លោក​ផ្កាយ​មួយ ស្រេង សុខា ស្នងការរង​នគរបាល ខេត្តកណ្តាល ក៏បាន​បង្អួត ពី​លុយ​ថ្លៃទឹកដោះ ជូន​កូនក្រមុំ ១០​ម៉ឺន​ដុល្លារ ថែម​ឡាន ២២​ម៉ឺន​ដុល្លារ​ទៀត និង​ចិញ្ចៀន​ខ្សែក​ពេជ្រ តម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​ថែមទៀត​។ សូម្បីតែ​ខ្សែក្រវ៉ាត់​ពាក់​ឯកសណ្ឋាន​ប៉ូលិស​របស់លោក ស្រេង សុខា ក៏​ដាំ​ពេជ្រ ដែលមាន​តម្លៃ រាប់ម៉ឺន​ដុល្លារ​ថែម​ទៀតផង​។ ពោលគឺ​គ្រាន់តែ​ភ្ជាប់ពាក្យ ថ្លៃទឹកដោះ ក៏ត្រូវ​ចំណាយលុយ​ដល់ ទៅ​ប្រមាណ​កន្លះ​លាន​ដុល្លារ​ទៅហើយ ចុះ​ទម្រាំ​ពេល​ការ​ទៀត តើ​ចំណាយ​ប៉ុន្មាន​សិប​ម៉ឺន​ដុល្លារ ហើយ​ហៅភ្ញៀវ​ប៉ុន្មាន​ពាន់​នាក់​ទៅ​?

​ការ​សម្ញែង​បង្អួត​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់លោក​ទាំង​ពីរ​នេះ នាំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ បាន​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​រក​ការពិត​ថា តើ​ទ្រព្យសម្បត្តិ ទាំងនោះ លោក​ទាំងពីរ បានមកពី​ការលក់​ដី ការរកស៊ី​ដោយ​សុច្ចរិត ឬក៏​បានមកពី​ការកាប់​ឈើ ឬ​អំពើពុករលួយ ទុច្ចរិត​ណាមួយ ដោយ​ប្រើប្រាស់​តួនាទី​បុណ្យស័ក្តិ ក្នុងនាម​ជា​មេ​ប៉េអឹម ខេត្តរតនគិរី និង​ក្នុងនាម​ជា​មេ​រង​ប៉ូលិស​ខេត្តកណ្តាល​?​។ ដូច្នេះ​មានតែ​រង់​ចាំមើល​តទៅទៀត តើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា នឹងមាន​វាសនា​ដូច​លោក គឹម រស្មី ដែរឬទេ​? ហើយ​តើ​ក្រោយពី​អស់បុណ្យ​ស័ក្តិ​ទៅ តើ​នឹងត្រូវ​ប្រឈម​ការ​រឹបអូស​ទ្រព្យសម្បត្តិ ឬ​ទោសទណ្ឌ អ្វី​ទេ​?​។​

​បើសិនជា​លទ្ធផល​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បង្ហាញថា លោក​ទាំងពីរ មានបាន តាមរបៀប​សុច្ចរិត ដោយ​លក់​ដី ឬក៏​ដោយសារតែ​របរ​រកស៊ី​ត្រឹមត្រូវ នោះ​បញ្ជាក់ថា នៅ​ប្រទេស​កម្ពុជា​យើង សព្វថ្ងៃ កំណើន​មហាសេដ្ឋី អ្នកមាន កាន់​តែមាន​ច្រើន​ហើយ​។ នេះ​យើង​រាប់​ត្រឹមតែ​អតីត​មេ​ប៉េអឹម និង​មេ​រង​ប៉ូលិស​ខេត្ត​។ តែ​នៅ​កម្ពុជា ក៏មាន​មហាសេដ្ឋី អ្នករកស៊ី ដែលមាន​លុយ​រាល់​លាន​ដុល្លារ មិនតិច​នាក់​ឡើយ​៕ ដោយ​: ម៉េង​ឆៃ​