គ្រោះថ្នាក់​ចរាចរ​ខែកុម្ភៈ​: ៣៦៣ លើក​បណ្តាល​ឲ្យ​ស្លាប់ ១៦២​នាក់ និង​របួស ៥៦០​នាក់​

562
ចែករម្លែក
  • 34
    Shares

ដោយៈ ម៉េង​ឆៃ​,​សាវ​រក្ស​/​ភ្នំពេញៈ​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា នៅ​ខែកុម្ភៈ ចាប់ពី​ថ្ងៃទី​១-២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស​បានកើត​ឡើង ៣៦២ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦២​នាក់ និង​របួស ៥៦០ នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ១៦២​នាក់​នោះ មាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ចំនួន ១២៨​នាក់ និង​មិន​ពាក់មួក ១០១​នាក់​។​

គ្រោះថ្នាក់ចរាចរនៅខេត្តព្រះសីហនុ


​ ​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ នៅ​ខែកុម្ភៈ ឆ្នាំនេះ កើតឡើង​ច្រើនជាងគេ​ដោយសារ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ មាន​ចំនួន ១៤៣​លើក មិន​គោរព​សិទ្ធិ ៧៥​លើក បើកបរ​មិន​ប្រកាន់​ស្តាំ ៤៩​លើក ប្រជែង ៣១​លើក បត់​គ្រោះថ្នាក់ ៣០​លើក ស្រវឹង ២១​លើក ងងុយដេក ៥​លើក កត្តា​យាន ៥​លើក និង​កត្តា​ផ្លូវ ៣​លើក​។​
​ ​ដោយឡែក​ខេត្ត​រាជធានី ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ នៅ​ខែកុម្ភៈ ក៏ត្រូវ​បាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ លើកឡើងថា គ្រោះថ្នាក់​ចរាចរ កើតឡើង ច្រើនជាងគេ នៅ​ភ្នំពេញ មាន​ចំនួន ៨៧ លើក ខេត្តកណ្តាល ២៤​លើក ក្រចេះ ២០​លើក កំពង់ស្ពឺ ១៥​លើក តាកែវ ១០​លើក កំពង់ចាម ១៤​លើក កោះកុង ៩​លើក និង​ខេត្តបន្ទាយមានជ័យ ១៦​លើក​។​

គ្រោះថ្នាក់ចរាចរនៅខេត្តព្រះសីហនុ


​ ​សូម​រម្លឹកថា កាលពី​ខែមករា​កន្លងទៅ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣៣១ លើក បណ្តាល​ឲ្យ​ស្លាប់ ១៤៨​នាក់ និង​របួស​សរុប ៥១៧​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ ចំនួន ១៤៨​នាក់ គឺមាន ១១៣ នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ុ​តូ និង​មិន​ពាក់មួក​សុវត្ថិភាព ៨៧​នាក់​។
​ដោយឡែក កាលពី​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បានសម្លាប់​មនុស្ស ១៧៦១ នាក់ និង​របួស ៤៧៧១​នាក់​។ ចំនួន​អ្នកស្លាប់ និង​របួស នៅក្នុង​ឆ្នាំ​២០១៨ បាន​ថយចុះ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១៧៨០ នាក់ និង​របួស ៥៥៣៩ នាក់​៕សរន


ទីតាំងផ្សាយពាណិជ្ជកម្ម