​ពុទ្ធ ឆាយ​រិទ្ធី ស្វាគមន៍​អ្នក​ប្រដាល់​ថៃ ចំណូល​ថ្មី​

755
ចែករម្លែក
  • 5
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​៣ ខែមីនា ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស នឹងជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ចំណូល​ថ្មី ឆ្លងដែន​មកពី​ស្រុកថៃ ឈ្មោះ មី ឈុ​ក (Mee Chhuok) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម​។​

​មិនមាន​នរណា​ដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង ឬ ខ្សោយ​នោះទេ ។ លោក​ថៃ អ៊ូ ដែលជា​អ្នក​នាំ​អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍ បាន​និយាយ ថា លោក​មិន​ធ្លាប់​បានឃើញ អ្នក​ប្រដាល់​ថៃ​រូបនេះ វ៉ៃ​នោះទេ តែ​ក្លិប និង គ្រូបង្វឹក​របស់គេ ប្រាប់​លោក​ថា គេ​មាន​សមត្ថភាព សមល្មម​នឹង​ប្រកួត ជាមួយ រិទ្ធី​។​

​សម្រាប់​រិទ្ធី គឺជា​អ្នក​ប្រដាល់ ដែលមាន​ឈ្មោះ បោះ​សម្លេង​គ្រាន់បើ​ដែរ នៅក្នុង​ស្រុក​ខ្មែរ​នេះ ។ គេ​វ៉ៃ​ដោយ​របៀប ខ្ជះខ្ជាយ​កម្លាំង​ណាស់ ព្រោះ​គេ​មាន​មហិច្ឆតា ផ្ដួល​គូ ប្រកួត ឲ្យ​បាន​លឿន ។ ពេលខ្លះ គេ​បំពាន​លើ​គូប្រកួត ដោយ​វាយ​បន្ថែម ក្នុងខណៈ ដែល​គូប្រកួត​ដួល ឬ ពេល​អាជ្ញាកណ្ដាល ឃាត់​ទៅហើយនោះ​។​

​រិទ្ធី មាន​ប្រវត្តិ​ប្រកួត ចំនួន​១១៦​ដង ឈ្នះ​៨៩​ដង ចាញ់​២៥​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ មី ឈុ​ក​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៩​ដង ឈ្នះ​៥៩​ដង និង​ចាញ់​១០​ដង ។ ជំនួប​មួយ​នេះ មិនដឹងថា នរណា​ឈ្នះ នរណា​ចាញ់​នោះទេ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង អេ ហនុមាន ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ សម្រាប់​អ្នក​ប្រដាល់ ទាំង​២​រូបនេះ គេ​មាន​កម្លាំង​ពេញ​ល្អ​ណាស់ ហើយ​នៅលើ​សង្វៀន គេ​ចាប់ផ្ដើម វាយប្រហារ​គ្នា តាំងពី​ទឹក​ទី​១​ទៅ​តែម្ដង ។ ជំនួប​រវាង​អ្នក​ប្រដាល់ វ័យក្មេង​ទាំង​២​រូបនេះ មិនដឹងថា នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ តែ​ទោះបី​នរណា​ចាញ់ នរណា​ឈ្នះ ក៏​គង់តែ​ទ្រមខ្លួន ដូចគ្នា​ដែរ​។​

​ធឿន វិ​ថា​ត់ ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។ អ៊ុយ សុខ​គង់ ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ភ័ក្ត្រ វាសនា មកពី​ក្លិប​នាគរាជ​ចតុមុខ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​៕v

ពុទ្ធ ឆាយ​រិទ្ធី និង មី ឈុ​ក​

ទីតាំងផ្សាយពាណិជ្ជកម្ម