​ ​ ​ឆែកឆេរ​ផ្ទះ​លក់​ចាបហួយ​រកឃើញ​មាន​លាក់​បំណែក​សត្វព្រៃ​ច្រើន​ប្រភេទ​

1202
ចែករម្លែក

(​មណ្ឌលគិរី​)៖​សមត្ថកិច្ច​បានធ្វើការ​ហ៊ុមព័ទ្ធ​ឆែកឆេរ​ផ្ទះ​លក់​ចាបហួយ​មួយកន្លែង​រកឃើញ​មាន​លាក់​បំណែក​សត្វព្រៃ​ច្រើន​ប្រភេទ​ហើយ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ម្ចាស់ផ្ទះ​។​ក្នុង​ប្រតិបត្តិការ​មួយ​នេះ​បានធ្វើ​ឡើង​ស្ថិតនៅ​ក្នុងភូមិ​ពូ​រ៉ាង​ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង​កាលពី​ល្ងាច​ថ្ងៃទី​១៥ សីហា ២០១៧ ។

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សកម្មភាព​ខាងលើ​មានការ​បញ្ជា​ផ្ទា​ល់ពី​លោក​ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​ខេត្តមណ្ឌលគិរី​បាន ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​មួយកន្លែង ដែលមាន​យីហោ គីម ឡេង ។ ក្នុងការ​ឆែកឆេរ​នោះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយចំនួន រួមមាន ៖១/​រញី​ភ្លើង​៣​ក្បាល​ងាប់​១​។ ២/​ស្នែង​ប្រើស​តូច​៦​ស្នែង ៣/​ស្នែង​ប្រើស​ធំ​ជាប់​ក្បាល​៣​ក្បាល​។ ៤/​សាច់​ជាប់​ឆ្អឹង​ក្បាល​ប្រើស​ស្រស់​ចំនួន​១ ស្មើរ​១​គីឡូ​កន្លះ ។​៥/​ស្នែង​ឈ្លូស​ជាប់​ក្បាល​២​ក្បាល ៦/​ស្នែងទន្សោង​១​គូ ៧/​ស្នែង​កេះ​១​គូ ៨/​ស្រកាពង្រូល​និង​ឆ្អឹង​១​គីឡូក្រាម ៩/​ស្នែង​ប្រើស​បាក់​០២​កំណាត់​។

​ក្រោយ​រកឃើញ​នូវ​វត្ថុតាង​ជាច្រើន​ក្នុងផ្ទះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ឈ្មោះ គុយ លាង​ហួរ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បញ្ជូនទៅ​តុលាការខេត្ត​មណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។ រហូតមកដល់​ល្ងាច​ថ្ងៃ​១៦​សីហា​នេះ គេ​នៅ​មិនទាន់​ដឹងថា​ស្ត្រី​ខាងលើ​រូបនោះ អាច​និង​ប្រឈម​នូវ​ទោសទណ្ឌ​យ៉ាងណា​ឡើយ គ្រា​ដែល​ស្ត្រី​ដដែល​នេះ ត្រូវបាន​អ្នករស់នៅ​ក្បែរ​នោះ​ខ្សឹប​ថា ជា​ឈ្មួញ​ជួញដូរ​សត្វព្រៃ​យូរយារ​មកហើយ​នោះ​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

​ឆែកឆេរ​ផ្ទះ​លក់​ចាបហួយ​រកឃើញ​មាន​លាក់​បំណែក​សត្វព្រៃ​ច្រើន​ប្រភេទ​


ទីតាំងផ្សាយពាណិជ្ជកម្ម