ក្រសួងការបរទេស​នឹង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​ពីថ្ងៃ​ទី​៥-៧ ខែមីនា​

580
ចែករម្លែក
  • 3
    Shares

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

សន្និបាត​នេះ​នឹងមាន​ការចូលរួម​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួង ក៏ដូចជា​ឯកអគ្គរាជទូត​/​តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ នេះ​។​

ក្រសួងការបរទេស​បាន​បញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​សន្និបាត នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩​។​

ក្នុង​ក្របខ័ណ្ឌ​នៃ​សន្និបាត​ប្រចាំ​ឆ្នាំនេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ពិនិត្យឡើងវិញ​ពី​សមិទ្ធិផល និង​ការ​ប្រឈម​នានា​នៅក្នុង​ឆ្នាំ​២០១៨ ព្រមទាំង​កំណត់​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៩​។

សន្និបាត​ប្រចាំ​ឆ្នាំនេះ គឺជា​កាលានុវត្តភាព​ស​ម្រា​ប់​អ្នកការទូត​កម្ពុជា ដើម្បី​ពង្រីក​ចំណេះ​​ដឹង​ឲ្យកាន់តែ​ទូលំទូលាយ ឧទ្ទេសនាម​ដោយ​វា​គ្មឹ​ន​សំខាន់ៗ លើ​បញ្ហា​ជា​សារ​វ័​ន្ត​ពាក់ព័ន្ធ​នឹង «​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​» «​ការ​ជម្រុញ​ការទូត​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​» និង «​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​» ដែល​នឹង​លើក​កំពស់​បន្ថែមទៀត​ដល់​ចំណេះដឹង​ជាក់ស្តែង ធ្វើ​ឲ្យ​ស៊ីជម្រៅ​កំរិត​វិភាគ និង​ការយល់ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​៕B/



ទីតាំងផ្សាយពាណិជ្ជកម្ម