​ករណី​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ម្នាក់​ពលី​នៅ​សមរភូមិ​រក​មូលហេតុ​មិន​ច្បាស់លាស់​

1000
ចែករម្លែក

(​ស្ទឹងត្រែង​)៖​មន្ត្រីនគរបាល​ម្នាក់ ការពារ​ព្រំដែន​ឈរជើង នៅ​ចំណុច​ប៉ុស្តិ៍​កោះ​ប្ញ​ស្សី​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​បាន​ពលី​ជីវិត ក្រោយពេល​បណ្តេញ​កងទ័ព​ឡាវ​ចេញពី​ចំណុច​អូរ​អាឡៃ​ឃុំ​សន្តិភាព​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ស្ថិតក្នុង​មន្ទិល​រក​មូលហេតុ​ពិតប្រាកដ​ពុំទាន់​ច្បាស់លាស់​នៅឡើយ​។

​ករណី​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៧ ហើយ​រហូតមក​ទល់នឹង​ថ្ងៃទី​១៤​សីហា ទើប​ប្រទះឃើញ​សព អណ្តែត​នៅតាម​ដង​ទន្លេសេកុង​។​ជុំវិញ​ហេតុការណ៍​នោះ​កំពុង​ស្ថិតក្នុង​ភាពស្រពេចស្រពិល​ទៅលើ​មន្ត្រី​រូបនោះ​។​
​ ​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ម្នាក់​ដែល​ត្រូវគេ​ប្រទះឃើញ​សព​អណ្តែត​តាម​ដង​ទន្លេ​ឈ្មោះ​ប៊ូ​ន​នឿ​ង​មាន​តួនាទី​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​កោះ​ប្ញ​ស្សី​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១​។​បន្ទាប់ពី​រកឃើញ​សព​អណ្តែត​ទឹក​ក្នុង​រយះពេល​បី​ថ្ងៃ​ក្រោយមក ក្រុមគ្រួសារ ក៏​យកមក​ធ្វើបុណ្យ​នៅ​ភូមិ​ផា​បាំង​ឃុំ​ថ្មែ​កែវ​ស្រុក​សៀម​ប៉ាង​។​
​ ​
​ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃទី​១២​ក្រោយពី​កម្ពុជា​បណ្តេញ​កងទ័ព​ឡាវ​ចេញពី​ទឹកដី​កម្ពុជា​។​ចំពេល​នោះ មន្ត្រីនគរបាល​ឈ្មោះ ប៊ូ​ន នឿ​ង​ខាងលើនេះ​ឈរជើង​នៅ​ប៉ុស្តិ៍​កោះ​ប្ញ​ស្សី​ស្រុក​សៀម​ប៉ាង​ទេ​។​តែ​ក្រោយពី​ថ្នាក់លើ​ដាក់បទបញ្ជា​ក៏បាន​ចូលរួម​ទៅ​ជួយ​កម្លាំង​ជួរមុខ​នៅ​ចំណុច​អូរ​អាឡៃ​។​ក្រោយពី​ឡាវ​ដកទ័ព​នគរបាល​ម្នាក់នេះ​ក៏បាន​ធ្វើដំណើរ​តាម​ទូក​ចុះមក​កន្លែងចាស់​វិញ​នៅ​ចំណុច​ប៉ុស្តិ៍​កោះ​ប្ញ​ស្សី​។​

ពេល​កំពុងធ្វើដំណើរ​ជិះទូក​តែម្នាក់ឯង​ពី​កន្លែង​ឈរជើង​ជួរមុខ​ចំណុច​អូរ​អាឡៃ​មក​ប៉ុស្តិ៍​កោះ​ប្ញ​ស្សី​កន្លែង​ដើម​វិញ ក៏មាន​ហេតុការណ៍​កើតឡើង បាត់​ខ្លួន​ត្រូវគេ​រកឃើញ​តែ​ទូក​ប៉ុណ្ណោះ​។​បន្ទាប់ពី​បាត់​ខ្លួន​រយៈពេល​បី​ថ្ងៃ​ក្រោយមក​ទើប​គេ​ប្រទះឃើញ​សព​អណ្តែត​មក​តា​មដង​ទន្លេសេកុង​ហើយក៏​ត្រូវគេ​បញ្ជូនទៅ​ធ្វើបុណ្យ​នៅ​ស្រុក​សៀម​ប៉ាង​។​
​ ​
​បើតាម​ការឱ្យ​ដឹង​ពីស​ម​ត្ថ​កិច្ច​ថា សព​ពុំមាន​ស្លាក​ស្លាម ពាក់ព័ន្ធ​ទៅនឹង​អ្វី​ឡើយ​។​ហេតុដូចនេះ​សន​ត្ថ​កិច្ច​សន្និដ្ឋានថា មន្ត្រីនគរបាល​នោះបាន​ពលី​នៅក្នុង​ឧ​ប​ទ្ទេវ​ហេតុ​លិច​ទូក​ដោយ​ពិតប្រាកដ​។​លោក​ម៉ៅ​តារា​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៣​ខែសីហា​ថា​នគរបាល​បាត់​ខ្លួន​ដោយសារ​លិច​ទូក​នៅ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ឡើយ​។​

នេះ​ជាហេតុ​ការណ៍​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​នៃ​សព​។​រ​ហូ​ម​មកទល់នឹង​ថ្ងៃទី​១៦​ខែសីហា​នេះ សមត្ថកិច្ច​មិនមាន​ភស្តុតាង ណាមួយ​ច្បាស់លាស់​ដើម្បី​បញ្ជាក់​ពី​ការ​ពលី​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ម្នាក់​នោះ​នៅឡើយ​ទេ​។​គេ​នៅតែ​សន្និដ្ឋានថា​ពិតជា​ពលី​ដោយហេតុ​ការណ៍​លិច​ទូក​យ៉ាងពិត​ប្រាកដ​។​

ក្រោយពី​រកឃើញ​សព​យកមក​បូជា​គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព នៅ​ភូមិ​ផា​បាំង​ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​៕S/​ដោយៈ​សុខុម​