អាមេរិក​ព្រមាន​កុំអោយ​រារាំង​ការវិលត្រឡប់​របស់​មេ​ដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា​

761
ចែករម្លែក
  • 229
    Shares

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ច​ន បុល​ថុន កាលពី​ថ្ងៃអាទិត្យ​ទី​៣​មីនា​បាន​និយាយថា ការប៉ុនប៉ង​ណាមួយ​ដើម្បី​រារាំង​ការវិល​ត្រឡប់​ដោយ​សុវត្ថិភាព​របស់​ប្រធានាធិបតី​​បណ្តោះអាសន្ន ហ្ស័​ន ក្វាយ​ដូ នឹង​ជួប​«​ចម្លើយ​តប​ខ្លាំងក្លា​»​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា ហ្ស័​ន ក្វាយ​ដូ

​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា ហ្ស័​ន ក្វាយ​ដូ បានប្រកាស​វិល​ចូល​ស្រុក​ក្រោយពី​បាន​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​អាមេរិក​ឡាទីន ដោយ​ផ្គើន​នឹង​បំរាម​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​​ចេញ​ដោយ​តុលាការ​កំពូល​របស់​វេណ​ស៊ុយអេ​ឡា​។​លោក​ក៏​បាន​អំពាវនាវ​អោយ​មាន​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ចន្ទ​ទី​៤​មីនា​។​

ច​ន បុល​ថុន

​ច​ន បុល​ថុន បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ផែនការ​បង្កើត​ក្រុមចំរុះ​មួយ​សំរាប់ធ្វើ​ការផ្លាស់ប្តូ​ររដ្ឋាភិបាល​នៅវេ​ណេ​ស៊ុយអេ​ឡា​ចំពេ​លមាន​វិបត្តិនយោបាយ​ជា​​បន្ត​នៅក្នុង​ប្រទេស​នៅ​អាមេរិក​ឡាទីន​នេះ​។​

​លោក​បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​CNN​ថា​« យើង​ព្យាយាម​ស្វែងរក​ការគាំទ្រ​សំរាប់​អន្តរកាល​អំណាច​ដោយ​សន្តិវិធី​ពី​នី​កូឡាស ម៉ា​ឌូ​រ៉ូ ទៅ​លោក​ហ្ស័ន​​ក្វាយ​ដូ ដែល​យើង​ទទួល​ស្គាល់​ជា​ប្រធានាធិបតី​…»​។​

ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ

​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ ដែល​តែងតែ​ចាត់ទុកក្វា​យ​ដូ ជា​«​អាយ៉ង​របស់​អាមេរិក​»​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​មួយ​នៅ​​វេ​ណេ​ស៊ុយអេ​ឡា និង​ថា​មេដឹកនាំ​ប្រឆាំង​នឹង​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​បើសិនជា​វិល​ចូល​ប្រទេស​។​

​រំលឹកថា ក្វាយ​ដូ​ដែល​មាន​ការគាំទ្រ​ពី​អាមេរិក បាន​ឆ្លង​ព្រំដែន​ចូល​ក្នុងប្រទេស​កូឡុំប៊ី​កាលពី​ថ្ងៃ​២២​កុម្ភៈ​ដោយ​ផ្គើន​នឹង​បញ្ជា​តុលាការ​កំពូល​វេ​ណេ​ស៊ុយអេ​ឡា ដែល​ហាម​លោក​មិន​​អោយចេញ​ក្រៅ​ប្រទេស​ដោយសារ​លោក​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​។​លោក​បាន​ទៅ​ទស្សនកិច្ច ប្រេ​ស៊ីល អា​ហ្សង់​ទី​ន​និង​ប៉ា​រ៉ា​ហ្កា​យ​។​

​ក្រោយពី​បាន​ព្យាយាម​ដឹកនាំ​កម្លាំង​នាំ​ជំនួយ​មនុស្សធម៌​របស់​អាមេរិក​ចូល​ក្នុងប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​មិនបាន​សំរេច ក្វាយ​ដូ​បាន​និយាយថា​លោក​មាន​ផែនការ​វិល​ចូល​​ប្រទេស​វិញ​នៅ​ថ្ងៃ​ចន្ទ​អមដោយ​ការអំពាវនាវ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ទៀតផង​។​

​ចៅក្រម​វេ​ណេ​ស៊ុយអេ​ឡា​ម្នាក់​បាន​និយាយថា ក្វាយ​ដូ​អាច​ប្រឈម​ការជាប់គុក​៣០​ឆ្នាំ​ដោយ​សារ​រំលោភ​បំរាម​នេះ ទោះជា​យ៉ាងណា តំណាង​ពិសេស​អាមេរិក​ទទួល​ការងា​រវេ​ណេ​ស៊ុយ​​អេ​ឡា បាន​គំរាម​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​ថា​នឹង​ជួប​ប្រតិកម្ម​អន្តរជាតិ​ដ៏​ធំ​ក្នុងករណីក្វា​យ​ដូ​ត្រូវ​ចាប់ខ្លួន​។​

​ជុំវិញ​វិបត្តិ​នៅវេ​ណេ​ស៊ុយអេ​ឡានេះ​ដែរ រុស្ស៊ី​បាន​និយាយថា​ខ្លួន​ត្រៀម​ពិភាក្សា​ជាមួយ​អាមេរិក​។​

​ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២​មីនា​ថា សភាពការណ៍​នៅវេ​ណេ​ស៊ុយអេ​ឡា ជា​ប្រធានបទ​ធំ​នៅក្នុង​ការនិយាយ​ទាក់ទង​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​​សឺហ្គេ ឡាវ​រ៉ូវ និង​សម​ភាគី​អាមេរិក​ម៉ៃ ផ​ម​ផ​វ កាលពី​ថ្ងៃ​០២​មីនា​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​និង​អាមេរិក​កំពុង​ប្រទាញប្រទង់​គ្នា​អំពី​យុទ្ធនាការ​ដឹកនាំ​ដោយ​អាមេរិក​សំរាប់​ការទទួលស្គាល់​លោក​ក្វាយ​ដូ ជា​ប្រធានាធិបតី ជំនួស​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម