ដូ​ណា​ល់ ត្រាំ សរសើរ ការសម្រេចចិត្ត​ដោយ​គំនិត​ថ្លឹងថ្លែង​របស់​មេដឹកនាំ​កូរ៉េខាងជើង​ដោយ​បញ្ឈប់​ការបាញ់​មី​ស៊ី​ល​ទៅ​កោះ​ក្វាម​

1551
ចែករម្លែក

​កាលពី​ថ្ងៃ​ពុធ ទី​១៦ សីហា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​កោតសរសើរ​មេដឹកនាំ​កូរ៉េខាងជើង​ចំពោះ​ការបញ្ឈប់​ផែនការ​បាញ់​មី​ស៊ី​ល​ទៅ​កោះ​ក្វាម​របស់​អាមេរិក នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធើ (Twitter) ថា “​គីម ជុង អ៊ុន នៃ កូរ៉េខាងជើង បានធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​គំនិត​ថ្លឹងថ្លែង​និង​ប្រកបដោយ​ហេតុផល​ត្រឹមត្រូវ ។ ការជ្រើសរើស​ផ្សេង​ពីនេះ នឹង​នាំមក​នូវ​មហន្តរាយ​ទាំងសងខាង ហើយ​មិនអាច​ទទួលយកបាន​”​។​

​លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​ពិភពលោក​ព្រួយបារម្ភ​និង​ភ្ញាក់ផ្អើល​ខ្លាំង​កាលពី​សប្តាហ៍​មុន ដោយ​ការព្រមាន​កូរ៉េខាងជើង​ថា ខ្លួន​នឹង​ប្រឈម “​សង្គ្រាម​ខ្លាំងក្លា​” បើសិន​ខ្លួន​បន្ត​គំរាមកំហែង​សហរដ្ឋអាមេរិក​ឬ​សម្ព័ន្ធមិត្ត​របស់ខ្លួន ជាមួយនឹង​កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​នោះ ។

​កាលពី​ថ្ងៃ​អង្គារ មេដឹកនាំ​កូរ៉េ​ខាង​ជើ គីម ជុង អ៊ុន ត្រូវបាន​ពន្យល់​ប្រាប់ និង​ផ្តល់ដំណឹង​ដោយ​កងទ័ព​អង្គភាព​មី​ស៊ី​ល​របស់លោក អំពី​ផែនការ​វាយប្រហារ​ដែល​ត្រៀម​រួចរាល់​ហើយ​ក្នុងការ​បាញ់​មី​ស៊ី​ល​ទៅ​កោះ​ក្វាម ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េខាងជើង​។

​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​និយាយថា ប៉ុន្តែ​បន្ទាប់មក លោក គីម ជុង អ៊ុន បានសម្រេច​ចិត្ត​ផ្អាក​ប្រតិបត្តិការ​នេះ ដោយ​រង់​ចាំមើល​បន្តិច​ទៀត​សិន​អំពី​សកម្មភាព​ឆ្កួត​លីលា​របស់​អាមេរិក ហើយ​មិនទាន់​ចាប់ផ្តើម​តាម​ផែនការ​នោះទេ លុះត្រាតែ អាមេរិក​ប្រព្រឹត្ត​សកម្មភាព​ងាយ​បង្ក​គ្រោះថ្នាក់​បន្ថែមទៀត​”៕ ដោយ៖ សុខា

សារព័ត៌មាន​កូរ៉េខាងជើង បានបង្ហាញ​រូបថត​នៃ លោក គីម ជុង អ៊ុន ទំនងជា​កំពុង​ពិនិត្យមើល​ឯកសារ​យោធា
ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម