ពិធីបុណ្យ​ខា​នី​វ៉​ល​ចាប់ផ្តើម​នៅ​ប្រេ​ស៊ី​ល​

591
ចែករម្លែក

​អ្នករាំ​និង​តន្ត្រីករ​អាជីព​ក្នុង​ឈុត​សម្លៀកបំពាក់​ចម្រុះ​ពណ៌​កំពុង​កំដរ​អារម្មណ៍​អ្នកស្រុក​និង​អ្នកទេសចរ​នៅក្នុង​ទីក្រុង​នានា​របស់​ប្រេ​ស៊ី​ល​ក្នុងអំឡុង​ពិធីបុណ្យ​ខា​នី​វ៉​ល ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី ១ ខែមីនា​។​

​ពិធីបុណ្យ​ខា​នី​វ៉​ល​របស់​ប្រេ​ស៊ី​ល​ត្រូវបាន​បែងចែក​ជា​ពីរ​ផ្នែក​គឺ​ខា​នី​វ៉​ល​ប្រជាប្រិយ ដែល​ចូលរួម​ដោយ​អ្នកស្ម័គ្រចិត្ត​ធម្មតាៗ និង​ខា​នី​វ៉​ល​ផ្លូវការ ដែលជា​ការប្រកួតប្រជែង​រវាង​សាលា​សាំ​បា​ល្អ​បំផុត​នៅ​ទូទាំងប្រទេស​អាមេរិក​ឡា​ទីន​មួយ​នេះ​។ យោងតាម​ការប៉ាន់ប្រមាណ​ជាបឋម​ដោយ​អ្នកចាត់ចែង​ព្រឹត្តិការណ៍​នេះ​បានឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស ៧ លាន​នាក់​នឹងចូលរួម​ពិធីបុណ្យ​ខា​នី​វ៉​ល​នៅ​ទីក្រុង​រី​យ៉ូ​ដេ​ជេ​នី​រ៉ូ រួមទាំង​អ្នកទេសចរ​យ៉ាងតិច ១,៥ លាន​នាក់​។​

​ពិធីបុណ្យ​ហែ​ក្បួន​សិល្បៈ​ចម្រុះ​ពណ៌​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រេ​ស៊ី​ល​នេះ​កំពុង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​រី​យ៉ូ ទីក្រុង​សៅ​ប៉ូ​ឡូ ក៏ដូចជា​នៅ​ទីក្រុង​អែល​សាល់​វ៉ា​ឌ័​រ និង​ទីក្រុង​រី​ស៊ី​ហ្វេ​នៅ​ភាគ​ឦសាន​៕ ដោយ៖ កញ្ញាដាលីស