កងទ័ព​មី​យ៉ាន់​ម៉ា ប៉ះទង្គិច​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​តំបន់​ដែល​ក្រុមអ្នកកាសែត​ច្រើន​នាក់​ត្រូវបាន​ឃុំខ្លួន​

1201
ចែករម្លែក

បណ្តាញសារព័ត៌មាន​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី​២៨​ខែមិថុនា​ថា កងទ័ព​មី​យ៉ាន់​ម៉ា បាន​ប៉ះទង្គិច​ខ្លាំង​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច នៅ​តំបន់​ឦសាន​នៃ​ប្រទេស​នេះ កាលពី​សប្តាហ៍​មុន ស្រប​ពេលដែល​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​ចំពោះ​អ្នកកាសែត​ចំនួន​៣​នាក់​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​​នៅក្នុង​តំបន់​នេះ​។​

​អ្នកកាសែត​ទាំងនេះ ត្រូវបាន​ចាប់ខ្លួន​យកទៅ​ឃុំឃាំង​នៅ​កន្លែង​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​នេះ​នៅ​រដ្ឋ​សាន ភាគ​ខាងជើង កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​បានធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ព្រឹ​ត្ត​ការណ៍​នៃ​ការដុត​បំផ្លាញ​គ្រឿងញៀន ដែល​ត្រូវ​បានរៀបចំ​ធ្វើ​ដោយ​ក្រុម​ឧទ្ទាម​តា​អាង (Ta’ang) រំដោះជាតិ (TNLA) ដែល​ទាមទារ​ស្វ័យភាព​បន្ថែមទៀត​សម្រាប់​ក្រុម​ជនជាតិភាគតិច​តា​អាង​។​

​ការឃុំខ្លួន​អ្នកកាសែត​ទាំងនេះ បានកើត​ឡើង ចំពេល​មានការ​ព្រួយបារម្ភ​កើនឡើង​ដែលថា សេរីភាព​សារព័ត៌​មានបាន​ចុះថយ នៅ​មី​យ៉ាន់​ម៉ា ទោះបីជា មានការ​ផ្លាស់ប្តូរ​ពី​របប​គ្រប់គ្រង​ទាំងស្រុង​ដោយ​យោធា និង នៅក្រោម​ការមើល​ការខុសត្រូវ​របស់លោក​ស្រី អ៊ុង សាន ស៊ូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា ដែល​ព្យាយាម​សម្រេច​សន្តិភាព​ក៏ដោយ ។​

ការប៉ះទង្គិច​រវាង​ក​ង​ទ័ព​រដ្ឋាភិបាល​និង ក្រុម​ឧទ្ទាម នៅ​ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា​ជាមួយ​ចិន​នោះបាន​រុញច្រាន​ការចរចា​សន្តិភាព​ឱ្យ​ដើរ​ថយក្រោយ​វិញ ដែល​ការចរចា​សន្តិភាព​នេះ ត្រូវបាន​ចាត់ជា​អាទិភាព​ដោយ លោកស្រី អ៊ុង សាន ស៊ូ​ជី ដែល​បាន​កាន់អំណាច​កាលពី​ឆ្នាំមុន​។​

​កាសែត Global New Light of Myanmar បាន​និយាយថា កងទ័ព​រដ្ឋាភិបាល បាន​ប៉ះទង្គិច​ចំនួន​៥​លើក​ជាមួយ​ក្រុម​ឧទ្ទាម ចាប់តាំងពី​កងទ័ព​បាន​រកឃើញ​ជំរំ​ហ្វឹកហាត់​មួយ​របស់​ក្រុម TNLA កាលពី​ថ្ងៃទី​២០​ខែមិថុនា​។​

កាសែត​នេះ បាន​និយាយថា “​ក្នុងអំឡុង​ការ​វាយ​ប្រយុទ្ធ​នោះ មន្ត្រី​និង​កងទ័ព​រដ្ឋាភិបាល​ច្រើន​នាក់​ត្រូវបាន​សម្លាប់ ហើយ​មនុស្ស​មួយចំនួន​បាន​រងរបួស ។ សាកសព​ចំនួន​៤​នាក់​នៃ​ក្រុម​ឧទ្ទាម ក៏ត្រូវ​បាន​រកឃើញ​ផងដែរ​។ ការប៉ះទង្គិច​នេះ បានកើត​ឡើង ខណៈដែល អ្នកកាសែត​ទាំង​៣​នាក់​នេះ បាន​ស្ថិតនៅ​តំបន់​របស់​ក្រុម TNLA សម្រាប់​ការធ្វើ​សេចក្តីរាយការណ៍​អំពី​ការដុត​បំផ្លាញ​គ្រឿង​ញៀ​នេះ​។​

​កងទ័ព​រដ្ឋាភិបាល មិនបាន​រកឃើញ​កន្លែង​ឃុំខ្លួន​អ្នកកាសែត​ទាំង​៣​នាក់​នេះ​នៅឡើយ​ទេ ។ នេះ​បើ​យោងតាម​លោក ឡា​វី វេ​ង អ្នក​សែត របស់ ទស្សនា​វ​ដ្តី Irrawaddy៕

កងទ័ព​មី​យ៉ាន់​ម៉ា​ក្នុងពេល​ប៉ះទង្គិច​ជាមួយ​ឧទ្ទាម​នាពេល​កន្លងមក

ទីតាំងផ្សាយពាណិជ្ជកម្ម