ក្រុមហ៊ុន Volvo បង្ហាញ​រថយន្តក្រុង​អគ្គិសនី​គ្មាន​អ្នកបើកបរ​នៅ​សិង្ហ​បុរី​

725
ចែករម្លែក
  • 32
    Shares

​ក្រុមហ៊ុន Volvo និង​សាកលវិទ្យាល័យ​សិង្ហ​បុរី​មួយ​បានបង្ហាញ​រថយន្ដក្រុង​អគ្គិសនី​គ្មាន​អ្នកបើកបរ​នៅ​ថ្ងៃ​អង្គារ​ទី​៥​មីនា​នេះ ដែល​ឆាប់​នេះ​នឹងត្រូវ​ធ្វើតេស្ត​នៅ​រដ្ឋ​ទីក្រុង​មួយ​នេះ នៅក្នុង​ចំណាត់ការ​ថ្មី​ចុងក្រោយ​បំផុត​ឆ្ពោះទៅរក​ការបង្កើត​យានយន្ត​ស្វ័យប្រវត្តិ​សម្រាប់​ការដឹកជញ្ជូន​សាធារណៈ​។​

​ប្រទេស​សិង្ហ​បុរី​ដែលមាន​បច្ចេកវិជ្ជា​ខ្ពស់​បានក្លាយ​ទៅជា​កន្លែង​សាកល្បង​សម្រាប់​បច្ចេកវិជ្ជា​បើក​ដោយ​ស្វ័យប្រវត្តិ​ហើយ​រថយន្ត​តាក់ស៊ី​គ្មាន​អ្នកបើកបរ​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​បានចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ការសាកល្បង​ជា​សាធារណៈ​ក្នុង​កម្រិត​តូច​មួយ​នៅក្នុង​ប្រទេស​នេះ​កាលពី​ឆ្នាំ ២០១៦​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយ​អ៊ែត Volvo Buses និង​ដៃគូ​ក្នុងស្រុក​របស់ខ្លួន​គឺ​សាកលវិទ្យាល័យ​បច្ចេកវិជ្ជា​ណាន​យ៉ាង (NTU) បានបង្ហាញ​ពីអ្វី​ដែល​ពួកគេ​បាន​ពណ៌នា​ថា​ជា​រថយន្តក្រុង​អគ្គិសនី​ស្វ័យប្រវត្តិ​ទំហំ​ធំ និង​និយាយថា​រថយន្ត​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​បរិវេណ​ដ៏​ធំ​ទូលាយ​របស់​សាកលវិទ្យាល័យ​ឆាប់ៗ​នេះ​។​

​ក្រុមហ៊ុន Volvo និង​សាកលវិទ្យាល័យ NTU បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទិន្នន័យ​ពី​ការសាកល្បង​នេះ​នឹងត្រូវ​បាន​ប្រើ​ដើម្បី​កែលម្អ​បច្ចេកវិជ្ជា មុនពេល​រថយន្តក្រុង​គ្មាន​អ្នកបើក​នេះ​ត្រូវបាន​ធ្វើតេស្ត​លើផ្លូវ​សាធារណៈ​។​

​ប្រធាន​ក្រុមហ៊ុន Volvo Buses លោក​ហា​កាន់ អា​កណេ​វ៉​ល (Hakan Agnevall) បាន​និយាយថា រថយន្តក្រុង​នេះ​គឺជា “​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ចក្ខុវិស័យ​រប​ស់​យើង​សម្រាប់​ទីក្រុង​ស្អាត​ជាង​មុន មាន​សុវត្ថិភាព​ជាង​មុន និង​ឆ្លាត​វៃ​ជាង​មុន​”​។​

​រថយន្តក្រុង​នេះ​មាន​ប្រវែង ១២ ម៉ែត្រ និង​មាន​សមត្ថភាព​ដឹក​អ្នកដំណើរ​ជិត ៨០ នាក់​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា រថយន្ត​នេះ​ប្រើ​ថាមពល​តិចជាង ៨០ ភាគរយ​ធៀប​នឹង​រថយន្ដ​ប្រើប្រាស់​ប្រេងម៉ាស៊ូត​ដែលមាន​ទំហំ​ស្រដៀង​គ្នា​ហើយ​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ចាប់​សញ្ញា​និង​ឧបករណ៍​គ្រប់គ្រង​ទិសដៅ ដែល​បញ្ជា​ដោយ​ប្រព័ន្ធ AI៕ ដោយ៖ កញ្ញាដាលីស

រថយន្តក្រុង​អគ្គិសនី​របស់ Volvo នឹង​សាកល្បង​នៅ​បរិវេណ​សាកលវិទ្យាល័យ NTU របស់​សិង្ហ​បុរី មុននឹង​បើក​សាកល្បង​លើផ្លូវ​សាធារណៈ

ទីតាំងផ្សាយពាណិជ្ជកម្ម