គីម ជុង អ៊ុន ទៅដល់​កូរ៉េខាងជើង​វិញ បន្ទាប់​ពី​កិច្ច​ជំនួប​ជាមួយ​ដូណាល់​ត្រាំ

585
ចែករម្លែក
  • 42
    Shares

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​រប​ស់​កូរ៉េ​ខាងជើង​បាន​និយាយថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ទៅ​ដល់​ប្រទេស​កូរ៉េខាងជើង​វិញ កាលពី​ថ្ងៃ​អង្គារ​ទី​៥​មីនា​បន្ទាប់​ពី​បាន​​បញ្ចប់​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​របស់លោក ដោយ​កាត់​តាម​ប្រទេស​ចិន បន្ទាប់​ពី​ជំនួប​កំពូល​របស់​លោក​ជាមួយ​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​ទីក្រុង​ហាណូយ​​ប្រទេស​វៀតណាម ដែល​បាន​បញ្ចប់​ទៅ​ដោយ​មិន​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​។​

​ការវិលត្រឡប់​របស់ លោក គីម ជុង​អ៊ុន ទៅ​ដល់​ក្រុង​ព្យុង​យ៉ាង​វិញ បានបញ្ចប់​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ដ៏​វែង​៤.០០០​គីឡូម៉ែត្រ​ពី​ប្រទេស​វៀតណាម ជា​ទី​ដែល កិច្ច​ជំនួប​កំពូល​លើក​ទី​២​របស់​លោក​ជា​មួយ​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ចប់​ទៅ​ភ្លាមៗ កាលពី​សប្តាហ៍​មុន​។​

​ទីភ្នាក់សារ​ព័ត៌មាន KCNA បាន​និយាយថា លោក គីម ជុង​អ៊ុន បាន​មក​ដល់​ប្រទេស​វិញ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​ទៅ​ប្រទេស​​វៀតណាម​។​វា​ជា​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​វៀតណាម ជា​ទី​ដែល​លោក គីម ជុង​អ៊ុន បាន​សម្តែង​ការគោរព​ចំពោះ សព​លោក ហូ ជី​មិញ​មេដឹកនាំ​បដិវត្តន៍​​វៀតណាម​។​

​ទីភ្នាក់សារ​ព័ត៌មាន​នេះ បាន​និយាយថា ” នៅ​ម៉ោង​៣​ព្រឹក ថ្ងៃ​អង្គារ រថភ្លើង​របស់​លោក​បាន​ចូល​ដល់​ស្ថានីយ​រថភ្លើង​ក្រុង​ព្យុងយ៉ាង​”​។​

​លោក គីម ជុង​អ៊ុន បាន​ធ្វើ​ទស្សនកិច្ច​ចំនួន​៤​លើក​នៅ​ប្រទេស​ចិន​ដែល​ជា​អ្នកការពារ​ផ្នែក​ទូត​ការទូត​និង​ជា​អ្នកផ្តល់ជំនួយ​និង​ធ្វើ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​​ហើយ​វា​ត្រូវបាន​គេ​គិត​ថា​លោក​ប្រហែលជា​បាន​ឈប់​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​ក្នុង​ដំណើរ​តាម​រថភ្លើង​វិល​មក​ស្រុក​វិញ​នេះ​៕​ដោយ​៖​សុខា​/sn

លោក គីម ជុង អ៊ុន លើ​ដៃ​គ្រវី នៅ​មុនពេល​ឡើង​ជិះ​រថភ្លើង​នៅ​ទីក្រុង​Lang Son​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២​ខែ​មីនា​ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម