សព្វថ្ងៃ ការងារ​មិន​ខ្វះ​ធ្វើ​ទេ​!

610
ចែករម្លែក
  • 1
    Share

​នៅ​ឆ្នាំ​២០១៨ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្កើត​ការងារ​បាន​ជិត​ប្រាំ​លាន​នាក់ ខណៈ​អត្រា​អ្នកមាន​ការងារ​ធ្វើ​នៅ​កម្ពុជា បាន​ឡើងដល់​ជាង ៩៩​ភាគរយ​។

​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៩ កាលពី​ព្រឹក ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ថា រហូតមកដល់​ពេលនេះ កម្ពុជា​បាន​បង្កើត​ការងារ​រហូត​ជិត​ប្រាំ​លាន​នាក់​។ ក្នុងនោះ ការងារ​នៅ ក្នុងប្រទេស មាន​ប្រមាណ ៣,៦​លាន​នាក់ ដោយ​ចែកជា​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ មាន​ចំនួន​ជាង ១,៤​លាន​នាក់ និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ ២,២​លាន​នាក់ ព្រមទាំង​ពលករ​ដែល​ធ្វើការ នៅក្រៅ​ប្រទេស មាន​ចំនួន​ប្រមាណ​ជាង ១,២​លាន​នាក់​។​

​បើតាម​របាយការណ៍​ដ​ដែល ប្រជាពលរដ្ឋ​ជាង ៩៩,៣​ភាគរយ មានការ​ងារ​ធ្វើ និង​អត្រា​អត់ ការងារ​ធ្វើ មានតែ ០,៧​ភាគរយ ប៉ុណ្ណោះ នៃ​កម្លាំង​ពលកម្ម​សរុប​របស់​ក​ម្ព​បុ​ជា​ជិត​១០​លាន​នាក់​។ ក្នុងនោះ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច ក្នុង​ប្រព័ន្ធ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ គិតដល់​ដើមឆ្នាំ​២០១៩ នេះ មាន​ចំនួន​ជាង ១២.០០០ កន្លែង ដែលមាន​កម្មករ និយោជិត​ចំនួន ១,៤​លាន​នាក់ និង​ទទួល​ប្រាក់​ឈ្នួល​ជា​មធ្យម​ជិត ៣.០០០​លាន​ដុល្លារ​អាម៉េរិក ក្នុង​មួយឆ្នាំ​។​
​ ​
ពាក់ព័ន្ធ​នឹង​កម្មករ​កាត់ដេរ​វិញ ក្រៅ​អំពី​អត្ថប្រយោជន៍​ជាច្រើន ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ឲ្យ​កម្មករ កាត់ដេរ ជា​ស្ត្រី នៅ​ឆ្នាំ​២០១៨ គឺ​ប្រាក់​ឈ្នួល​របស់​កម្មករ​កាត់ដេ​រ ក៏បាន​ដំឡើង​ពី ១៧០​ដុល្លារ ដល់ ១៨២​ដុល្លារ នៅ​ឆ្នាំ​២០១៩​នេះ​។ ជា​មធ្យម សរុប​ទាំង​ប្រាក់​អត្ថប្រយោជន៍​នានា កម្មករ​កាត់ដេរ​ម្នាក់ អាច​ទទួល​ប្រាក់​ឈ្នួល​ជាង ២០០​ដុល្លារ ទៅ ៣០០​ដុល្លារ ក្នុង មួយខែ​។​
​ ​
ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ប្រកាសថា ចំពោះ​ការងារ​ក្រៅប្រទេស ក្នុង មួយឆ្នាំៗ ពលករ​កម្ពុជា​បាន​ផ្ញើ​ថវិកា​ជូន​ក្រុមគ្រួសារ បាន​ប្រមាណ​ជាង ២.៣០០ លាន​ដុល្លារ ព្រមទាំង​ទទួលបាន​នូវ​មុខជំនាញ​វិជ្ជាជីវៈ ពេល​ត្រឡប់មកវិញ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ ប្រ​ទស​ជាតិ​។​

​បន្ថែម​លើ​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខាងលើនេះ យើង​គ្រាន់តែ​មើល​លើ​វិស័យ​សំណង់​តែមួយ​ប៉ុណ្ណោះ នៅពេល​បច្ចុប្បន្ន ពិសេស​នៅ​ភ្នំពេញ ការដ្ឋាន​សំណង់ផ្ទះ​ប្រជាពលរដ្ឋ អគារ សំណង់​បុរី​ផ្ទះល្វែង បើក​ដំណើរការ​យ៉ាង​មមាញឹក គ្រប់​ទីកន្លែង រហូតដល់​ការដ្ឋាន​នីមួយៗ រក​កម្មករ​ខ្មែរ ធ្វើ​មិនបាន​។ កម្មករ​បរទេស វៀតណាម និង​ចិន ជាដើម បាន​ចូលមក​ធ្វើ​ការងារ​សំណង់​យ៉ាង​មមាញឹក នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ក្រៅពីនោះ មុខរបរ​ជាច្រើន ត្រូវបាន​បង្កើតឡើង ជា​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាដើម ឬក៏​មុខរបរ​គ្រួសារ ដូចជា​ការលក់ដូរ​តាម​រទេះ​ចល័ត និង​ការលក់ដូរ​តាម​ចិញ្ចើមផ្លូវ ក៏​កំពុង​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ការងារ​នៅតាម​ក្រុមហ៊ុន​សហគ្រាស ក៏​ដូចគ្នា​។ សិស្ស​និស្សិត ជា​កូន​កសិករ​ក្រីក្រ ពិសេស​អ្នក​មកពី​តាម​បណ្តា​ខេត្ត ដែល​មក​រៀន​នៅ​ភ្នំពេញ ហើយ​ទើប​បញ្ចប់​ការសិក្សា​ជំនាញ​វគ្គ​ខ្លី ឬ​ថ្នាក់​បរិញ្ញាបត្រ​ជាដើម ក៏បាន​ចូលធ្វើ​ការងារ នៅតាម​ក្រុមហ៊ុន​សហគ្រាស ដែល​ទើប​បើក​ដំណើរការ ឬក៏​ជា​ក្រុមហ៊ុន​លក់​ផលិតផល ភេសជ្ជៈ​នានា​។​

​ទាំងអស់នេះ គឺជា​ការ​មមាញឹក​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​មុខរបរ និង​ការងារ​ប្រចាំថ្ងៃ​។ នៅពេល​ប្រជាជន​ជាង ៩៩​ភាគរយ មានការ​ងារ​ធ្វើ នាំ​ឲ្យ​ជីវភាព​របស់​ពួកគាត់ ក៏​រីកចម្រើន​ទៅតាម​នោះ​។ ក្រៅពីនោះ​ទៀត ការងារ​ចូលរួម​ធ្វើ​ការងារ​ស្ទើរតែ​គ្រប់គ្នា​នេះ ក៏​នាំ​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេសជាតិ និង​ការអភិវឌ្ឍ​សង្គម​កម្ពុជា ផងដែរ​។​

​ជារួម អ្នក​ពេញកម្លាំង មិន​ថា រៀន​បាន​ច្រើន ឬក៏​ឈប់រៀន​ទេ គឺ​ឲ្យ​តែ​ដាក់ចិត្ត​ថា ធ្វើ​ការងារ គឺមាន​ការងារ​ធ្វើ មិន​ថា​នៅ​ក្រុមហ៊ុន​សហគ្រាស ឬ​សិប្បកម្ម​នោះទេ​។ រីឯ​កសិករ និង​ប្រជាពលរដ្ឋ​នៅតាម​ស្រុក​ស្រែចំការ ក៏​ដូចគ្នា​។ ការងារ​ធ្វើស្រែ​ចំការ ដាំ​ដំណាំ​បន្លែបង្ការ ក៏​មិន​ខ្វះ ហើយ​អ្នក​ដែលថា មិនមាន​ដី​ដើម្បី​ប្រកប​របរ​កសិកម្ម ក៏​អាច​ត្រឹមតែ​ស៊ីឈ្នួល​គេ ក៏​មិន​ខ្វះ​ការងារ​ធ្វើ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ​នោះឡើយ ខណៈដែល​ប្រទេស​យើង កំពុងអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នាពេលនេះ​៕