វ៉េ​ណេ​ស៊ុយ​អេ​ឡា​បណ្តេញ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ពីបទ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ឃុំខ្លួន​អ្នកកាសែត​អាមេរិក​ម្នាក់​

554
ចែករម្លែក
  • 44
    Shares

​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ ទី​៦​មីនា ខណៈ​ក្រុម​អ្នកតស៊ូ​មតិ​ដើម្បី​សារព័ត៌មាន​មួយក្រុម​បាន​និយាយថា អ្នកសារព័ត៌មាន​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ខណៈដែល​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ កំពុង​បង្ក្រាប​លើ​អ្នក​ដែល​ចង់​ប្រជែង​អំណាច​របស់គាត់​។​

​ឯកអគ្គរដ្ឋទូត​លោក​ដា​នី​ញែ​ល គ្រី​ន័​រ ត្រូវបាន​បណ្តេញចេញ ពីរ​ថ្ងៃ​បន្ទាប់ពី​គាត់​និង​អ្នកការទូត​មកពី​ស្ថានទូត​ដទៃទៀត​បាន​ស្វាគមន៍​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ​នៅ​ព្រលានយន្តហោះ​ក្រុង​កា​រ៉ា​កាស​។​

​រដ្ឋាភិបាល​បានប្រកាសថា​លោក​គ្រី​ន័​រ​ជា​បុគ្គល​មិន​ត្រូវបាន​ស្វាគមន៍ និង​បានផ្តល់​ពេល​ឱ្យ​លោក ៤៨ ម៉ោង​ដើម្បី​ចាក​ចេញពី​ប្រទេស ដោយ​ចោទប្រកាន់​លោក​ពីបទ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ជាក់លាក់​ទេ​។​

​រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចាត់ទុក​វា​ជា​ទង្វើ​មិនអាច​ទទួលយកបាន ដែល​អ្នកការទូត​បរ​ទេស​ធ្វើការ​នៅក្នុង​ទឹកដី​របស់ខ្លួន​ក្នុងតួនាទី​សាធារណៈ ដែល​ជិតស្និទ្ធ​នឹង​មេដឹកនាំ​នយោបាយ​មួយរូប ស្របទៅតាម​របៀបវារៈ​នៃ​ក្រុម​ជ្រុល​និយមនៃ​គណបក្សប្រឆាំង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​”​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាល្លឺម៉ង់​ម្នាក់​បាន​អះអាងថា​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ពិតជា​បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ហើយ​ថា​ក្រសួង​កំពុង​ពិគ្រោះ​ជាមួយ​សម្ព័ន្ធមិត្តរ​បស់​ខ្លួន​អំពី​របៀប​ឆ្លើយតប​។​

​បណ្តា​ប្រទេស​លោកខាងលិច​ភាគច្រើន​រួមទាំង​ប្រទេស​អាល្លឺម៉ង់​បានទទួល​ស្គាល់​លោក​ក្វា​យ​ដូ​ជា​ប្រមុខរដ្ឋ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​បាន​គាំទ្រ​ផែនការ​របស់លោក​ក្នុង​ការបង្កើត​រដ្ឋាភិបាល​អន្តរកាល​មុន​ការបោះឆ្នោត​ដោយ​សេរី​៕ ដោយ៖ កញ្ញាដាលីស

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក​ដា​នី​ញែ​ល គ្រី​ន័​រ ត្រូវបាន​បណ្តេញចេញ​វ៉េ​ណេ​ស៊ុយ​អេ​ឡា