នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ស្ថិត​នៅ​ហ្វីលីពីន​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក​ឌុយ​ទែត​អំពី​ដំណើរកា​រសន្តិភាព​កោះ​មីន​ដា​ណាវ​

622
ចែករម្លែក
  • 24
    Shares

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មូហា​ម៉ាដ បាន​ទៅ​ដល់​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ ដែលជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​​ទី​មួយ​ចាប់តាំងពី​លោក​បាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០១៨​។​

​លោក មហា​ធៀ មូហា​ម៉ាដ បានគ្រោង​នឹង​ជួប​ជាមួយ លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ប្រធានាធិបតី​ហ្វីលីពីន​និង​ក្រុម​មេដឹកនាំ​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មីនា​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត និង​លោក មហា​ធៀ មូហា​ម៉ា​ដត្រូវបាន​គេ​រំពឹងថា​នឹង​ពិភាក្សា​អំពី​មធ្យោបាយ​ដើម្បី​ពង្រឹង​ដំណើរការ​សន្តិភាព​នៅក្នុង​តំបន់​ភាគខាងត្បូង​នៃ​កោះ​​មីន​ដា​ណាវ​បន្ទាប់ពី​ច្បាប់​បង្កើត​តំបន់​ស្វ័យភាព​ថ្មី​មួយ ត្រូវបាន​ផ្តល់​សច្ចាប័ន កាលពី​ពេលមុន​នេះ​នៅក្នុង​ការធ្វើប្រជាមតិ​មួយ​។​

​លោក មហា​ធៀ មូហា​ម៉ាដ ជា​អ្នកគាំទ្រ​យ៉ាង​ខ្លាំង​លើ​ដំណើរការ​សន្តិភាព​នៅ​កោះ​មីន​ដា​ណាវ​។ ម៉ាឡេស៊ី បាន​ធ្វើជា​អ្នកសម្របសម្រួល​នៅក្នុង​ការចរចា​រវាង​រដ្ឋាភិបាល​ហ្វីលីពីន និង ​ក្រុម​ឧទ្ទាម​មូស្លីម​។​

​ការព្រួយបារម្ភ​អំពី​សន្តិសុខ​ក៏​មាន​នៅក្នុង​របៀបវារៈ​នេះ​ផង​ដែរ​ខណៈ​ដែល ម៉ាឡេស៊ី​និង​ហ្វីលីពីន មាន​ព្រំដែន​សមុទ្រ​រួម ជា​ទី​ដែល​ពួក​សកម្មប្រយុទ្ធ​មាន​សម្ពន្ធភាព​ជាមួយ​ក្រុម​​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS)​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី ធ្វើ​សកម្មភាព​។​

​លោក មហា​ធៀ មូហា​ម៉ាដ បាន​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ​១៩៨៧​និង​ឆ្នាំ​១៩៩៤ ដែល​កាលនោះ​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​។​

​ប្រទេស​នេះ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី​៤​របស់​ម៉ាឡេស៊ី​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ដោយ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​នេះ មាន​ទឹកប្រាក់​សរុប​៦,៤៥​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​៕ដោយ៖សុខា/sn

លោក មហា​ធៀ មូហា​ម៉ាដ មក​ដល់​ទីក្រុង​Pasay ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​៦​ខែ​មីនា សម្រាប់​ទស្សនកិច្ច​ផ្លូវការ​២​ថ្ងៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម