អំពើហិង្សា និង រំលោភបំពាន​លើ​ស្ត្រី ក្មេងស្រី នៅតែ​ជា​បញ្ហា​ប្រឈម​

699
ចែករម្លែក
  • 13
    Shares

ដោយ​: ម៉េង​ឆៃ​ ភ្នំពេញ : ថ្ងៃនេះ​គឺ​គម្រប់​ខួប​ទី​១០៨ ​នៃ​ទិវា​នារី​អន្តរជាតិ​។​ស្របពេល​ក្រឡេក​មក​មើល​របាយការណ៍​របស់​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញថា ទោះបី​ជាមាន​ភាព​រីកចម្រើន​នូវ​វិស័យសេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា តែ​បញ្ហា​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​នៅ​កម្ពុជា នៅតែ​ជា​កត្តា​ប្រឈម​នៅឡើយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអប់រំ សុខភាព អភិឌ្ឍន៍​សេដ្ឋកិច្ច សន្តិសុខ និង​សន្តិភាព​របស់​ពួកគេ រួមទាំង​គ្រួសារ សហគមន៍ និង​ការអភិវឌ្ឍន៍ សង្គមជាតិ​។​

​ការស្ទង់មតិ​ជាតិ​ស្តីពី​សុខភាព​របស់​ស្ត្រី និង​បទពិសោធន៍​ជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើឡើង​ដោយក្រសួងផែនការ និង​ក្រសួង​កិច្ចការនារី បាន​បង្ហាញថា ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់​នៃ​ស្ត្រី​អាយុចន្លោះ​ពី ១៥-៦៤​ឆ្នាំ បាន​រាយការណ៍​ថា មានបទពិសោធន៍​ទទួលរង​នូវ​អំពើហិង្សាផ្លូវកាយ​/​ផ្លូវភេទ ដោយ​ដៃគូ​ស្និទ្ធស្នាល​នៅក្នុង​ជីវិត​របស់​ពួកគេ​ហើយ​ភាគច្រើន​នៃ​ពួកគេនិយាយថា អំពើហិង្សា​ទាំងនោះកើត​ឡើងជា​ញឹកញាប់​មិនមែន​កើត​តែម្តង​នោះទេ​។

​របាយការណ៍​ស្ទង់​មតិ​ដដែល​បង្ហាញថា ស្ត្រី​២០​ភាគរយ​បាន​រាយការណ៍​ថា ការ​រួមភេទ​លើកដំបូង គឺមាន​ការបង្ខិតបង្ខំ​ពី​ដៃគូ​។ ស្ត្រី ៤៩​ភាគរយ ដែលមាន​បទពិសោធន៍​នៃ​អំពើហិង្សា​ពី​សំណាក់ដៃគូ​ស្និទ្ធស្នាល បាន​រាយការណ៍​ថា ពួកគេ​មិនបាន​ប្រាប់​អ្នកដទៃ​ពី​អំពើហិង្សា​ដែល​កើតមានឡើងនោះទេ​។

​ស្ថានភាព​នៃ​អំពើហិង្សា និង​ផលប៉ះពាល់ ក៏ត្រូវ​បាន​ក្រសួង​ទាំងពីរ​លើកឡើងថា កាន់​តែមានសភាព​ធ្ងន់ធ្ងរ និង​យូរអង្វែង​សម្រាប់​ស្ត្រីដែលមាន​ពិការភាព​។ ក្នុងនោះ ក្រសួង​ទាំងពីរ ក៏បាន​សង្កេតឃើញថា ជនរងគ្រោះនៃ​អំពើហិង្សា​ផ្លូវភេទ និង​ការរំលោភ​ផ្លូវភេទ​ដែល​ភាគច្រើន លើសលប់​ជា​ស្ត្រី និង​ក្មេងស្រី បន្ត​ទទួលរង​អំពើហិង្សា និង​ការរើសអើង​រំលោភ​សិទ្ធ​បន្ត​ពី​សង្គម ដោយ​ទទួល​នូវ​ការ​ទម្លាក់កំហុស ស្តីបន្ទោស និង​ពុំ​ទទួលបាន​យុត្តិធម៌​សមស្រប​ទៅតាម​ផ្លូវច្បាប់ ពេញលេញ​នៅឡើយ​។​

​ដោយឡែក​អង្គការសិទ្ធិមនុស្ស​លីកាដូ ក៏បាន​លើកឡើង​បង្ហាញថា អត្រា​នៃ​អំពើហិង្សា​ផ្លូវភេទ​ទៅលើ​ស្ត្រី និង​ក្មេងស្រី ដែលជា​កត្តា​គំរាម​កំហែង​ទៅ​លើការអនុវត្តន៍ និង​ការការពារ​សិទ្ធិ​ឲ្យ​បានពេញលេញសម្រាប់​ស្ត្រី និង​ក្មេងស្រី នៅតែមាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។

​របាយការណ៍​របស់​អង្គការ​លីកាដូ បង្ហាញថា នៅ​ឆ្នាំ​២០១៧ មាន​ករណី​អំពើហិង្សា​ផ្លូវភេទ កើតឡើង​ចំនួន ១៤៧​ករណី​។ ក្នុងនោះ មាន ១២៥​ករណី ជា​ករណី​រំលោភ​សេពសន្ថវៈ និងប្រាំមួយ​ករណី​ជា​ករណី​រំលោភ​សម្លាប់ ដែល​ជនរងគ្រោះ​ទាំងអស់ ជា​ស្ត្រី និង​ក្មេងស្រី​។ បើ​គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០១៨ មាន​ករណី​ហិង្សា​លើ​ក្មេងស្រី​ប្រមាណ ១១០ ករណី​។ ក្នុងនោះ​មាន​ករណី​រំលោភ​សេពសន្ថវៈ​មាន ៩០​ករណី និង​រំលោភ​សម្លាប់​មាន ៨​ករណី​។
​ ​
​របាយការណ៍​របស់​រា​ជ​រដ្ឋាភិបាល និង​អង្គការសិទ្ធិមនុស្ស ខាងលើនេះ ត្រូវបាន​លើក​បង្ហាញក្នុង​វេទិកា​ស្តីពី​អំពើហិង្សា​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារី ដែល​រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​បណ្តាញ​យេនឌ័រ និង​អភិវឌ្ឍន៍ កាលពី​រសៀល​ថ្ងៃទី​៥ ខែមីនា​នៅ​សណ្ឋាគារ សាន់វ៉េ ក្នុង​រាជធានី​ភ្នំពេញ​។​

​ចំពោះ​បញ្ហា​អំពើហិង្សា និង​ការរំលោភ​ផ្លូវភេទ​លើ​ស្ត្រី និង​ក្មេងស្រី​នៅ​កម្ពុជា នៅតែ​ជា​កត្តាប្រឈម​ធ្ងន់ធ្ងរ​នេះ ត្រូវបាន​មតិ​មួយចំនួនលើកឡើងថា ករណី​ទាំងនោះ កើតឡើង មកពី​ជនរងគ្រោះ ពិសេស​ការតុបតែង​ខ្លួន និង​ស្លៀកពាក់​ស៊ិ​ច​ស៊ី ជាដើម​។​

​ក៏ប៉ុន្តែ​ការយល់ឃើញ​បែបនេះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិលដែល​ធ្វើការ​ខាង​ជួយ​ជនរងគ្រោះ បានស្នើ​ឲ្យ​បញ្ចប់​ការទម្លាក់​កំហុស និង​បន្ទោស​ទៅលើ​ជនរងគ្រោះ នៃ​អំពើហិង្សា​ផ្លូវភេទ ជាពិសេស​ជនរងគ្រោះនៃ​ការរំលោភ​សេពសន្ថវៈ​។ ក្នុងនោះ ការផ្សព្វផ្សាយ​ព័ត៌មាន​ក៏ត្រូវ​លើកកម្ពស់​វិជ្ជាជីវៈ ដែល​ប្រកបដោយ​ក្រមសីលធម៌ បន្ត​ពង្រឹង​ការលើកកម្ពស់​ការយល់​ដឹង ដល់​មន្ត្រី​ដែលមាន​តួនាទី និង​ប្រជាពលរដ្ឋ​ទូទៅ​។​

​តំណាង​អង្គការ​សង្គម​ស៊ីវិល ក៏បាន​ប្រកាសថា បទល្មើស​នៃ​ការរំលោភ​សេពសន្ថវៈ​មិនមែនជាកំហុស​របស់​ជនរងគ្រោះ​ទេ តែ​ជា​កំហុស​របស់​ជន​ប្រព្រឹត្ត​តែមួយគត់​។ ក្នុងនោះ តុលាការត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ព្រហ្មទណ្ឌ ឲ្យ​មាន​ប្រសិទ្ធភាព​ដែល​ត្រូវ​ផ្តល់នូវ​យុត្តិធម៌ ដល់​ជនរងគ្រោះ​។​

​ជារួម​ការរំលោភបំពាន​លើ​ស្ត្រីភេទ ទាំង​អំពើហិង្សា ជាពិសេស​ការរំលោភបំពាន​ផ្លូវភេទ លើ​ស្ត្រី និង​កុមារ ដែល​នៅតែ​ជា​បញ្ហា​ប្រឈម ក្នុងសង្គម​កម្ពុជា គឺ​ត្រូវការ​នូវ​ការ​រួមគ្នា ដើម្បី​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​បញ្ហា​នេះ​។ ក្នុងនោះ សារព័ត៌មាន ក៏មាន​តួនាទី និង​រួមចំណែក​យ៉ាង សំខាន់​ក្នុងការ​លើកកម្ពស់​តម្លៃ​ស្ត្រី​ខ្មែរ​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​តុលាការ​ត្រូវអនុវត្ត​ច្បាប់ ឲ្យ​បាន​តឹងរឹង​លើ​ជនល្មើស ដោយ​គ្មាន​ការលើកលែង​។​

​ជនល្មើស ជា​បុរស​នោះ​ទៀតសោត ក៏​សូម​គិតថា ស្ត្រីជា​ម្តាយ ជា​បង​ជា​ប្អូន ជា​កូន និង​ជា​ភរិយា​របស់ខ្លួន បើសិនជា​ប្រព្រឹត្ត​អំពើហិង្សា ឬក៏​រំលោភ​ផ្លូវភេទ​ជាដើម លើ​ស្ត្រី និង​កុមារ គឺ​ប្រៀបដូចជា​ការប្រព្រឹត្ត​បទល្មើស​លើ​ស្ត្រី ដែលជា​ម្តាយ ជា​បង​ជា​ប្អូន ជា​កូន និង​ជា​ភរិយា របស់ខ្លួន​ដូច្នោះ​ដែរ​។​

​រីឯ​អាណាព្យាបាល ឪពុកម្តាយ​របស់​ស្ត្រី និង​កុមារី ក៏​ត្រូវតែ​មើលថែ​កូនចៅ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ស្ត្រី និង​កុមារី នៅតែ​ឯង​ងាយ​នឹង​ទទួលរង​នូវ​ការ​ធ្វើបាប ពី​ជនល្មើស ឬក៏​ការ​លួងលោម បោក​បញ្ឆោត ហើយ​ចុងក្រោយ​ឈានដល់​ការប្រើប្រាស់ អំពើហិង្សា​។​

​ការ​បណ្តោយ​ឲ្យ​ក្មេងស្រីប្រើប្រាស់​ទូរស័ព្ទដៃ និង​ប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​មិនមាន​ការ តមដាន ការណែនាំ ការជូន​យោបល់​ល្អៗ​ក៏​ជាហេតុ​មួយដែល​នាំ​ឲ្យ​ក្មេងស្រី​នោះ​ងាយ​នឹងត្រូវ​ជនល្មើស​លួងលោម បោក​បញ្ឆោត ធ្វើបាប និង​ឈានដល់​ការរំលោភបំពាន​ផ្លូវភេទ និង​បង្ក​អំពើហិង្សា​ផងដែរ​។ ករណីបែបនេះ​បានកើត​ឡើង​រួចមកហើយ​៕ ​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ