លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ ជាប់​បម្រាម​មិន​ឲ្យ​ជាន់​ទីលាន​ពីរ​ប្រកួត បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ អាជ្ញាកណ្តាល ម៉ា​យ ឌី​ន​

599
ចែករម្លែក

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)​នឹង​ជាប់​បម្រាម​មិន​ឲ្យ​ជាន់​ទីលាន​សម្រាប់ ការប្រកួត​របស់​ក្រុម​ស្ពឺរ​( Spurs) ជាមួយ​ក្រុម សៅ​ហេម​តុ​ន​(Southampton) និង​ការប្រកួត ជាមួយ​ក្រុម លី​វឺ​ភូ​ល​(Liverpool) និង​ត្រូវ​ពិន័យ​ប្រាក់​១០.០០០​ផោន​ផងដែរ​។

​សហព័ន្ធ​បាល់​ទាង់​អង់គ្លេស​បានបញ្ជាក់​ពី​ការដាក់ទណ្ឌកម្ម​នេះ​កាលពី​ថ្ងៃ​ពុធ តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ក្រុម Spurs ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដោយ​យកឈ្នះ​ក្រុម ឌូ​ម៉ាន់​(Dortmund )៤-០ សរុប​គ្រាប់​បាល់​ទាំងពីរ​ជើង​។

​លោក ប៉ូ​ចេ​តទី​ណូ ទទួលយក​ការចោទប្រកាន់​ពី​ករណី​នៃ​ការប្រព្រឹត្តិ​មិន​សមរម្យ​បន្ទាប់ពី​ប៉ះទង្គិច ទាំង​កំហឹង​ជាមួយ​អាជ្ញាកណ្តាល ម៉ា​យ ឌី​ន (Mike Dean ) នៅលើ​ទីលាន​ប្រកួត​ហើយ​នៅ ក្បែរ​ច្រកចេញ បន្ទាប់ពី​ចាញ់​ក្រុម ប៊ឺ​ន​លី​(Burnley) ២-១ កាលពី​ខែ​មុន​។

​បម្រាម​ចំពោះ​លោក ប៉ូ​ចេ​តទី​ណូ មានន័យថា លោក​មិនអាច​ចូល​ឬ​នៅក្បែរ​កន្លែង​អង្គុយ​របស់ កីឡាករ ឬ​តំបន់​បច្ចេកទេស​ទេ ប៉ុន្តែ​លោក​អាច​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​របស់លោក តាម​ទូរស័ព្ទ​។

​ដោយសារតែ​នេះ​គឺជា​បម្រាម​ដំណាក់កាល​ទី​១ ហើយ​ជា​លើកដំបូង​នៅ​រដូវ​កាល​នេះ ដូច្នេះ​លោក​អាច​ជួប​ប្រាស្រ័យ​ជាមួយ​កីឡាករ​នៅ​បន្ទប់​សម្រាក​មុន​ការប្រកួត​និង​ចប់​តង់​ទី​១​។

​លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​ខ្ញុំ​ចង់​សូម​អភ័យទោស​ជា​សាធារណៈ​។ ការ​សូម​អភ័យទោស ជា​លក្ខណៈ​ឯកជន​មិន​សំខាន់​ទេ ពីព្រោះ​វា​កើត​ឡើងជា​សាធារណៈ ហើយ​ខ្ញុំ​ត្រូវ​សូម​អភ័យទោស ចំពោះ​គាត់​និង​មន្ត្រី​របស់គាត់​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)

ទីតាំងផ្សាយពាណិជ្ជកម្ម