ចិន​ព្រមាន​អំពី​កំហុស​ប្រវត្តិសាស្ត្រ​ច្រំ​ដែលជា​មួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

566
ចែករម្លែក
  • 210
    Shares

​អ្នកការទូត​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចិន​បានចេញ​សេចក្តី​ព្រមាន​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មីនា​ប្រឆាំងនឹង​ការជ្រៀតជ្រែក​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឬ​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រជាជាតិ​អាមេរិក​ខាងត្បូង​មួយ​នេះ ដោយ​និយាយថា ប្រ​វ​ត្ដិ​សាស្ដ្រ​បានផ្តល់​មេរៀន​យ៉ាងច្បាស់​អំពី​ការមិន​ត្រូវ​ដើរ​តាមផ្លូវ​គ្រោះមហន្តរាយ​ចាស់​ដូច​ពីមុន​។​

​ចិន​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​អ្នក​ខាងក្រៅ​កុំ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​បាន​គាំទ្រ​ខាង​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​ប្រជាជាតិ​លោកខាងលិច​ភាគច្រើន​បានទទួល​ស្គាល់​មេដឹកនាំ​ប្រឆាំង​ហ្វ័​ន ក្វា​យ​ដូ​ជា​ប្រមុខរដ្ឋ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​សហរដ្ឋអាមេរិក​បាន​សន្យា​ពង្រីក​ការដាក់ទណ្ឌកម្ម​លើ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រួមទាំង​ទណ្ឌកម្ម​បន្ថែម​លើ​ធនាគារ​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់​ម៉ា​ឌូ​រ៉ូ​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​ថា​តើ​ចិន​នៅតែ​ទទួលស្គាល់​លោក​ម៉ា​ឌូ​រ៉ូ​ឬ​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​គណ​បក្សប្រឆាំង​ឬ​អត់ ទីប្រឹក្សា​រដ្ឋ​លោក​វ៉ាង យី​បាន​និយាយថា អធិបតេយ្យភាព​និង​ឯករាជ្យភាព​នៃ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​គួរតែ​ត្រូវបាន​គោរព​។​

​លោក​វ៉ាង​បាន​និយាយ​នៅឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​របស់លោក​នៅក្រៅ​កិច្ចប្រជុំសភា​ចិន​ថា “​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នីមួយៗ​គួរតែ​ត្រូវបាន​សម្រេច​ដោយ​ប្រជាជន​ផ្ទាល់​របស់​ពួកគេ​។ ការជ្រៀតជ្រែក​និង​ការដាក់ទណ្ឌកម្ម​ខាងក្រៅ​នឹង​ធ្វើឱ្យ​ស្ថានភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​និង​អនុញ្ញាតឱ្យ​ច្បាប់​ព្រៃ​កើតឡើង​ជាថ្មី​ម្តងទៀត​។ មាន​មេរៀន​របៀបនេះ​គ្រប់គ្រាន់​ហើយពី​ប្រវត្តិសាស្ត្រ ហើយ​ផ្លូវ​គ្រោះថ្នាក់​ចាស់​ដូច​ពីមុន​ក៏​មិនគួរ​ដើរ​តាម​ដែរ​”​។​

​លោក​វ៉ាង​បាន​និយាយ​បន្ថែមទៀតថា​ប្រទេស​ចិន​បន្ត​គាំទ្រ​បក្សប្រឆាំង​និង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​តាមរយៈ​ការសន្ទនា​ដោយ​សន្តិវិធី​ដើម្បី​ធានា​ស្ថិរភាព​របស់​ប្រទេស​និង​សុវត្ថិភាព​ប្រជាជន​។​

​គួររំលឹកថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានផ្តល់​ប្រាក់កម្ចី​ជាង ៥០ ពាន់​លាន​ដុល្លារ​ដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តាមរយៈ​កិច្ចព្រមព្រៀង​កម្ចី​ប្រេងកាត​កាលពី​ជាង​មួយ​ទសវត្សរ៍​កន្លងទៅ​ដើម្បី​ធានា​ការផ្គត់ផ្គង់​ថាមពល​សម្រាប់​សេដ្ឋកិច្ច​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី

ទីតាំងផ្សាយពាណិជ្ជកម្ម