ឱកាស​មាន​ហើយ នៅឡើយ​តែ​ការខិតខំ​ដោយផ្ទាល់​!

649
ចែករម្លែក
  • 3
    Shares

ជាគោលការណ៍​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ជ្រើសរើស​មន្ត្រីរាជការ​ទាំង​ក្នុង​ក្របខ័ណ្ឌ និង​មន្ត្រី​ជាប់កិច្ចសន្យា សរុប​ចំនួន ៥០.៥៤៩​នាក់ ( ក្របខ័ណ្ឌ​ថ្មី​មន្ត្រីរាជការ​ស៊ីវិល ចំនួន ៥.៩៩៦ កន្លែង និង​មន្ត្រី​ជាប់កិច្ចសន្យា ចំនួន ៤៤.៥៥៣​នាក់ ) ដើម្បី​ចូល​បម្រើ​ការងារនៅក្នុង​ក្រសួង និង​ស្ថាប័នរដ្ឋ ចំនួន ៣២ សម្រាប់​ឆ្នាំ​២០១៩​នេះ​។ ក្នុងចំណោម​មន្ត្រីរាជការ​ថ្មី និង​មន្ត្រី​ជាប់កិច្ចសន្យា​សរុប​ជាង ៥​ម៉ឺន​នាក់​នេះ ត្រូវមាន​បេ​ក្ខ​នារីជាប់​ជា​ស្ថាពរពី ២០​ភាគរយ​ទៅ ៥០​ភាគរយ​នៃ​ចំនួន​ក្របខ័ណ្ឌដែល​ទទួលបាន​ប្រចាំឆ្នាំ​។​

​ក្រសួង​មុខងារសាធារណ​: បានចេញ​លិខិត ចុះ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​ជម្រាបជូន​រដ្ឋមន្ត្រីគ្រប់​ក្រសួង និង​ស្ថាប័នរដ្ឋ សរុប​ចំនួន ៣២ ស្ថាប័ន អំពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ថ្មី​និង​មន្ត្រី​ជាប់កិច្ចសន្យា​ដោយបាន​ណែនាំ​ឲ្យ​ក្រសួង​ស្ថាប័ន​នីមួយៗ បើក​ឲ្យ​មានការ​ប្រឡងប្រជែងជ្រើសរើស​បេក្ខជន​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ឲ្យ​ចូល​បម្រើ​ការងារ ដើម្បី​បំពេញ​មុខតំណែងដែល​ទំនេរ និង​សេចក្តីត្រូវការ ដែល​មា​ន​ពិតប្រាកដ​នៅតាម​អង្គភាព​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​អង្គភាព ជំនាញ​រាជធានី ខេត្ត​។​
​ ​
​ដោយឡែក បើ​ពិនិត្យ​លើ​ស្ត្រីកាន់​តួនាទីក្នុង​វិស័យ​នយោបាយ និង​នៅ​មុខងារសាធារណៈ ក្នុង​តំណែង​ខ្ពស់ ជា​ថ្នាក់ដឹកនាំ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាសថា គិត​ត្រឹម​ដើមឆ្នាំ ២០១៩​នេះ ស្ត្រី​ជា​មន្ត្រីរាជការ បាន​កើនឡើង ខណៈដែល​ស្ត្រី​កាន់​តែមាន​ចំនួន​ច្រើនឡើងៗបាន​ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​កាន់តំណែង​ខ្ពស់ ជា​ថ្នាក់ដឹកនាំ នៅ​ថ្នាក់ជាតិ ក៏ដូចជានៅ​ថ្នាក់ក្រោម​ជាតិ​។

​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី បាន​លើកឡើងថា ក្នុង​កិច្ចការ​នយោបាយ នៅ​ស្ថាប័ន​រដ្ឋសភា មាន​ស្ត្រី​ជា​អ្នកតំណាងរាស្ត្រ ២០​ភាគរយ ក្នុងនោះ មាន​ស្ត្រី​ម្នាក់ ជា​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ស្ត្រីពីររូបជា​ប្រធាន​គណៈកម្មការ​ជំនាញ​។ ដោយឡែក នៅ​ព្រឹទ្ធសភា មាន​ស្ត្រី​ជា​សមាជិក ១៩​ភាគរយ ហើយ​ក្នុងនោះ មាន​សមាជិក​ស្ត្រីពីររូប ជា​ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​ព្រឹទ្ធសភា​។ ក្នុង​រាជរដ្ឋាភិបាល នៅ​អាណត្តិ​ទី​៦​នេះ ក៏មាន​ឧបនាយករដ្ឋមន្ត្រីជា​ស្ត្រីមួយរូប និង​រដ្ឋមន្ត្រីពីររូប​។ ​ក្រៅពីនេះ ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី នាពេលនេះ ក៏មាន​ស្ត្រី​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន និង​អនុប្រធាននាយកដ្ឋាន​តា​ម​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ រាប់រយ រាប់ពាន់​រូប​ផ្សេងទៀត​។​

​នៅក្នុង​វិស័យ​មុខងារសាធារណៈ គឺ​គិតពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៨ ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ បាន​កើនឡើង​ពី ៣៤​ភាគរយ ដល់​ជាង ៤១​ភាគរយ​។ ក្នុងនោះ ស្ត្រី​ជា​អភិបាលខេត្ត មានមួយរូប អភិបាលរង​រាជធានី​ខេត្ត មាន ២៦​រូប អភិបាលក្រុង​ស្រុក​ខណ្ឌ ៦​រូប និង​អភិបាលរងក្រុង​ស្រុក​ខណ្ឌ មាន ១៨៥​រូប ព្រមទាំង​ស្ត្រី​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​បរទេស មាន​បួនរូប​។​
​ ​
​ដូច្នេះ​សំអាង​តាម​សេចក្តីប្រកាស​ជ្រើសរើស​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា សម្រាប់​ឆ្នាំ​២០១៩ ដែលមាន​ដល់​ជាង ៥​ម៉ឺន​នាក់​នេះ គឺ​រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យជ្រើសរើស​ស្ត្រី ចូល​បម្រើ​ការងារ ក្នុង​ក្រសួង​ស្ថាប័ន​នីមួយៗ យ៉ាងហោចណាស់ក៏មាន ២០ ទៅ ៥០​ភាគរយ ដែរ​។ កៅអី ឬ​ប៉ុស្តិ៍ បានកំណត់​ច្បាស់​ហើយ សម្រាប់​ស្ត្រី​ដើម្បី​ក្លាយខ្លួនជា​មន្ត្រីរាជការ អីចឹង​នៅសល់តែ​ស្ត្រី​ខ្លួនឯង​ទេ ដើម្បី​ចាប់យក​កៅអី ឬ​ប៉ុស្តិ៍​ក្នុង​ក្របខ័ណ្ឌ មន្ត្រីរាជការ​ពេញសិទ្ធិ ឬក៏​ជាម​ន្ត្រី​ជាប់កិច្ចសន្យា​ទាំងនោះ​។​
​ ​
​ដើម្បី​ទទួលបាន​ក្របខ័ណ្ឌ​ជា​មន្ត្រីរាជការ​ថ្មី និង​ជាម​ន្ត្រី​ជាប់កិច្ចសន្យា ក៏​ទាល់តែ​ស្ត្រី ជា​បេក្ខជន មាន​សមត្ថភាព និង​ប្រឡង​ជាប់​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ដែរ ទើប​ទៅរួច​។ មិនមែន​ថា រាជរដ្ឋាភិបាល កំណត់​ជាគោលការណ៍​ហើយ គឺមាន​ពី ២០ ទៅ ៥០​ភាគរយ នៃ​ចំនួន​ក្របខណ្ឌ​មន្ត្រីរាជការ ដែល​ត្រូវ​ជ្រើសរើស​ថ្មី ដូច្នេះ​ឲ្យ​តែ​ដាក់ពាក្យ គឺជា​ប់បាន​ចូលធ្វើការ​នោះទេ​។​
​ ​
​មកដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កូនស្រី និង​កូនប្រុស មានឱកាស​ស្មើគ្នា ក្នុងការ​ចូលរៀន មិន​ថានៅ​ភ្នំពេញ នៅ​ទីប្រជុំជន ឬក៏​នៅ​ជនបទ​ដាច់ស្រយាល​នោះទេ​។ ពេលខ្លះ កូនស្រី ក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ឪពុកម្តាយ និង​អាណាព្យាបាល ថែម​ទៀតផង នៅពេល​ចេញពីផ្ទះ ទៅ​រៀន ក៏មាន​។​
​ ​
​រីឯ​តាម​ក្រសួង​មន្ទីរ​ស្ថាប័នរដ្ឋ ក៏ដូចជា ស្ថាប័នឯកជន ក៏​ត្រូវបាន​ផ្តល់ឱកាស និង​លើកទឹកចិត្ត​ដល់​ស្ត្រី ដើម្បី​បំពេញការងារ និង​កាន់​តួនាទី ដូច​បុរស​ដែរ​។​
​ ​
​ជារួម ឱកាស​សិក្សា​រៀនសូត្រ​ចំណេះវិជ្ជា ជំនាញ និង​ឱកាស​ទទួលបាន​ការងា​រ​ធ្វើ រវាង​ស្ត្រី និង​បុរស មាន​ដូចគ្នា ហើយ​ភាគច្រើន​ស្ត្រី​បានទទួល​នូវ​ការលើកទឹកចិត្ត​ច្រើនជាង បុរស​ក៏មាន​។ ដូច្នេះ ស្ត្រី​ត្រូវ​ពង្រឹង​ខ្លួនឯង បង្កើន​សមត្ថភាព ចំណេះ ជំនាញ​ឲ្យ​ស័ក្តិសមនឹង​ទទួលបាន​ឱកាស​ការងារ ហើយ​អ​ម្រែ​ក​គ្រួសារ ដែល​ពីមុន ពាក្យចាស់​ថា “​ស្ត្រី​បង្វិល ច​ង្ក្រា​នមិន​ជុំ​” ក៏​ត្រូវតែ​លុបបំបាត់ ព្រោះថា មកដល់​សម័យថ្មី​នេះ​ទៅហើយ កិច្ចការ​ផ្ទះ មិនមែនជា​ឧ​ប​ស័គ្គ និង​មិនមែនជា​អ​ម្រែ​កសម្រាប់តែ​ស្ត្រី​នោះទេ ពោលគឺ​បុរស​ក៏ត្រូវ​ជួយ ការងារ​ផ្ទះ ហើយ​រួមគ្នា​ធ្វើ​ដើម្បី​គ្រួសារ ដោយ​ទុក​ឱកាស​ឲ្យ​ស្ត្រី​បាន​បញ្ចេញសមត្ថភាព ក្នុង​ការងារ​ក្រៅ​ផ្ទះ ដូច​បុរស​ដែរ​។​

​សូម​ឧទ្ទិស ទិវា​សិទ្ធិនារី​អន្តរជាតិ ថ្ងៃ​៨​មីនា លើក​ទី​១០៨ នៅ​ឆ្នាំ​២០១៩​នេះ ក្រោម​ប្រធានបទ “​លើកកម្ពស់​សមភាព​យែ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​ការអភិវឌ្ឍ​ធនធានមនុស្ស​” ដើម្បី​ឲ្យ​ស្ត្រី​លើ​ពិភពលោក និយាយ​ជារួម និង​និយាយ​ដោយឡែក​ជាពិសេស​ជាងគេសម្រាប់​ស្ត្រី​កម្ពុជា ត្រូវ​បន្ត​ពង្រឹងសមត្ថភាព ដើម្បី​ធ្វើ​ការងារ​ដូច​បុរស ដូចគ្នា​ទៅនឹង​ការទាមទារ​សិទ្ធិ​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី​ដូច្នោះ​ដែរ​៕ ដោយៈ​ម៉េង​ឆៃ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម