នៅ​ព្រឹក​ថ្ងៃនេះ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​សំណេះសំណាល​ជាមួយ​គ្រូ​និង​កុមារី​រងគ្រោះ

617
ចែករម្លែក
  • 20
    Shares

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៩​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​អញ្ជើញ​ចុះទៅ​ជួប​សំណេះសំណាល​ជាមួយ​គ្រូៗ​យុវនារី​និង​កុមារី​រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប ទុំ​ឌី​។
​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​ស្ដារនីតិសម្បទា​យុវនារី​អាហ្វេស៊ីប​ទុំ​ឌី​ស្ថិតនៅ​ភូមិ​២៤​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​នេះ គឺជា​កន្លែង​ជួយសង្គ្រោះ​ជួយ​ព្យាបាល​ផ្លូវចិត្ត និង​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ដល់​កុមារី និង​យុវនារី ដែល​រងគ្រោះ​ដោយ​ការរំលោភ​សេពសន្ថវៈ​។​

​មជ្ឈមណ្ឌល​នេះ មាន​គ្រូ​បុគ្គលិក​អ្នកស្ម័គ្រចិត្ត​ចំនួន​៤៤​នាក់​និង​មាន​កុមារី​យុវនារី​រងគ្រោះ​កំពុងស្នាក់នៅ និង​ទទួល​ការបណ្តុះបណ្តាល​ផ្សេងៗ​៨៩​នាក់​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អញ្ជើញ​ចុះទៅ​ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី​០៧​ខែមីនា​ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ស្វែងយល់​យ៉ាងច្បាស់​ពី​ទុក្ខវេទនា​របស់​កុមារី​និង​យុវនារី​រងគ្រោះ​នៅក្នុង​មជ្ឈមណ្ឌល​ព្រមទាំង​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​ឪពុក ជីតា និង​ជន​ល្មោភកាម​ទាំងឡាយ ដែល​បានធ្វើ​ទៅលើ​កុមារី និង​យុវនារី​ទាំងអស់នោះ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ថែមទាំង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​ត្រូវតែ​ស្វះ​ស្វែងរក​ចាប់​ក្រុម​ជន​ល្មោភកាម​ទាំងអស់នោះ​ឱ្យខាងតែបាន​ដើម្បី​យកមក​ផ្តន្ទាទោស​។​

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​នៅ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៩​សម្តេច​តេ​ជោ​ហ៊ុនសែន​បានឱ្យដឹងថា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានបង្ហាញ​ពី​ស្ថានភាព​របស់​មជ្ឈមណ្ឌល​មួយ​នេះ​ទាំង​ទឹកភ្នែក​ព្រោះតែ​ការអាណិតអាសូរ​របស់​កុមារ​និង​នារី​រងគ្រោះ​នៅក្នុង​មជ្ឈមណ្ឌល​នោះ​។​

សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាសថា​សម្តេច​ត្រូវតែ​ជួយ​ដល់​មជ្ឈមណ្ឌល​ដើម្បី​ធានា​ដល់​និរន្តរភាព​របស់​មជ្ឈមណ្ឌល​ក្នុង​ការជួយ​ដល់​កុមារ និង​នារី​រងគ្រោះ​ពី​ការរំលោភ​សេពសន្ថវៈ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម