ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

618
ចែករម្លែក
  • 20
    Shares
សម្តេចតេជោហ៊ុនសែនក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតក្រសួងការបរទេស

ដោយៈ ម៉េង​ឆៃ​/ភ្នំពេញៈ​នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ ជាច្រើន​បានកើត​ឡើង​។ ក្នុងនោះ ព្រឹត្តិការណ៍​ជាតិ​លេចធ្លោ​ជាងគេ គឺ​បេសកកម្ម​ការងារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អញ្ជើញ​សម្ពោធ​បើក​ការដ្ឋាន​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ដំណាក់កាល​ទី​៤ នៅក្នុង​រាជធានី​ភ្នំពេញ ការអញ្ជើញ​ចូលរួម​អបអរ​ទិវា​នារី​អន្តរជាតិ ៨​មីនា ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣​មីនា ព្រមទាំង​ជួបជុំ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​សិល្បករ​សិល្បការិនី និង​ក្រុម​អ្នកធាក់ស៊ីក្លូ​។​

​ ​ការធ្វើជំរឿន​ប្រជាជន ឆ្នាំ​២០១៩ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមីនា ។ ក៏ប៉ុន្តែ​បន្ទាប់ពី​ដំណើរការ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រសួងផែនការ បានប្រកាសថា ការធ្វើជំរឿន​ប្រជាជន ឆ្នាំ​២០១៩ នឹងត្រូវ​ពន្យារពេល ២​ថ្ងៃ​ទៀត ពោលគឺ​រហូតដល់​ថ្ងៃទី​១៥ ខែមីនា ទើប​បញ្ចប់​។ មូលហេតុ ដោយសារតែ​ប្រជាពលរដ្ឋ មាន​កំណើន ខុសពី​ការគិត​ទុក​។ រីឯ​មន្ត្រី​ធ្វើការ​ងារ​ជំរឿន​នេះ មាន​ចំនួន​តិច​។​

​ដោយឡែក​គម្រោង​ការពា​រ​ទឹកជំនន់​និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​។ គម្រោង​នេះ រួមមាន ការដាក់​បណ្តាញ​លូ​មេ ការសាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថាន​យ៍​បូមទឹក ជាដើម ដែល​ចំណាយ​ថវិកា​ប្រមាណ ៣៦​លាន​ដុល្លារ​អាម៉េរិក ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​។

​នៅក្នុង​ឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​សាជាថ្មី ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ទាំងអស់គ្នា ក្នុង​ការផ្តល់​ទិន្នន័យ​ជំរឿន​ប្រជាជន ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​១៣ ខែមីនា​។ ក្នុង​ពិធី​នេះ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស ព្រមាន​បិទទ្វារ ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅ​ពាក់កណ្តាល​ខែមេសា ដោយ​មិន​អនុញ្ញាត​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទេ​។​

​កាលពី​ថ្ងៃទី​៤ ខែមីនា រដ្ឋសភា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៩​មីនា ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ក្រោម​អធិបតីភាព​សម្ដេច​ប្រធានរដ្ឋសភា​។ រដ្ឋមន្ត្រី​កិច្ចការនារី បាន​ថ្លែង​ជូន​អង្គពិធី​អំពី​កំណើន​ស្ត្រី​ក្នុង​កិច្ចការ​នយោបាយ ហើយ​សម្ដេច​ប្រធានរដ្ឋសភា បានផ្ដល់​ការលើកទឹកចិត្ត​ថា​រដ្ឋសភា​នឹង​គាំទ្រ​រាល់​ច្បាប់ និង​គោលនយោបាយ​ពាក់ព័ន្ធ​ស្ត្រី​។ នោះ​គឺ នៅក្នុង​វិស័យ​មុខងារសាធារណៈ ពី​ឆ្នាំ​២០០៩ ដល់​២០១៨ ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ បាន​កើនឡើង​ពី ៣៤​ភាគរយ ដល់​ច្រើនជាង ៤១​ភាគរយ ក្នុងនោះ បើតាម​លោកជំទាវ​រដ្ឋមន្ត្រី ស្ត្រី​ជា​អភិបាលខេត្ត​មាន ១​រូប អភិបាលរង​រាជធានី​ខេត្ត មាន ២៦​រូប អភិបាលក្រុង​ស្រុក​ខណ្ឌ ៦​រូប និង​អភិបាលរងក្រុង​ស្រុក​ខណ្ឌ មាន ១៨៥​រូប ក្នុងនោះ ស្ត្រី​ជា​អគ្គរាជទូត​មាន ៤​រូប​។ រីឯ​ស្ត្រី ក្នុង​កិច្ចការ​នយោបាយ​វិញ នៅ​ស្ថាប័ន​រដ្ឋសភា មាន​ស្ត្រី​ជា​អ្នកតំណាងរាស្ត្រ ២០​ភាគរយ ក្នុងនោះ មាន​ស្ត្រី​ម្នាក់ ជា​អនុប្រធាន​ទី​២ រដ្ឋសភា ស្ត្រី ២​រូប ជា​ប្រធាន​គណៈកម្មការ​ជំនាញ​។ ដោយឡែក​ព្រឹទ្ធសភា មាន​ស្ត្រី​ជា​សមាជិក ១៩​ភាគរយ ក្នុ​នោះ មាន​សមាជិក​ស្ត្រី ២​រូប ជា​ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​ព្រឹទ្ធសភា​។

​គ​.​ជ​.​ប​. បានប្រកាសថា កាលពី​ថ្ងៃទី​៤ ខែមីនា គឺជា​ថ្ងៃ​ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣​។ ការចុះឈ្មោះ​បោះឆ្នោត​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ គឺមាន​រយៈពេល ១៣ ថ្ងៃ ដោយ​មិន​រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ផ្លូវការ​ទេ​។
ការចុះឈ្មោះ​អ្នកបោះឆ្នោត​នេះ ធ្វើឡើង​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ចំនួន ១៦៤៦ នៅ​ទូទាំងប្រទេស ពោលគឺ​នៅតាម​សាលាឃុំ​សង្កាត់​ទូទាំង ១៦៤៦ ឃុំ​សង្កាត់ ព្រោះ​អ្នកបោះឆ្នោត គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ សរុប​ជាង ១១.០០០​នាក់​។​

​ ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា នេះ ត្រូវបាន​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​កិច្ចការនារី រៀបចំ​ជា​ផ្លូវការ នា​ថ្ងៃទី​៥ ខែមីនា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា ចាប់ពី​ឆ្នាំនេះ​តទៅ ពិធី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​មិនា នឹងត្រូវ​រៀបចំ​នៅមុន​ថ្ងៃទី​៨ ខែមីនា ដើ​ម្ប​ទុក​ឱកាស​ដល់​នារី​ទាំងអស់ អាច​ដើរលេង​កម្សាន្ត ជួបជុំ​ក្រុមគ្រួសារ នៅ​ថ្ងៃ​សម្រាក​។

​ ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ជាថ្មី​ម្តងទៀត ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១០៨ ដែល​បាន​ប្រារព្វ​ធ្វើ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា សម្តេច​បានដាក់​បទបញ្ជា​ឲ្យ​ក្រសួង​កិច្ចការនារី និង​ក្រសួងយុត្តិធម៌ សហការ​ជាមួយ​ស្ថាប័ន​គ្រប់គ្រង​ពន្ធនាគារ ដើម្បី​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​របស់​ទ​ណ្ឌិ​ត​ជា​ស្ត្រី ដើម្បី​បើកផ្លូវ​អោយមាន​ការបន្ធូរបន្ថយ ឬ​ឈានទៅ​លើកលែងទោស​តែម្តង ដោយ​មិន​តម្រូវអោយមាន​ការរង់ចាំ​រហូតដល់​ពី​ធី​បុណ្យទាន​នោះទេ​។ ការប្រកាស​របស់​សម្តេច នាយករដ្ឋមន្ត្រី​ដូច្នេះ ជាការ​គិតគូរ​សម្រួល​ដល់​ស្ត្រី ដែល​កំពុង​ប្រឈម​នឹង​ការលំបាក​ក្នុង​ពន្ធនាគារ ដែល​បាន​អនុវត្តន៍​ទោស​ត្រឹមត្រូវ និង​បាន​កែប្រែ​ខ្លួន តាមរយៈ​ការរៀនសូត្រ​ពី​កំហុស​របស់ខ្លួន នៅក្នុង​ពន្ធនាគារ​ក្នុងអំឡុងពេល​ជាប់ឃុំ​។​

.​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ភរិយា ក្នុង​ទិវា​វប្បធម៌​ជាតិ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

​ ​កាលពី​ព្រលប់​ថ្ងៃទី​៦ ខែមីនា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២១ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​ទ្រង់ទ្រាយ​ធំ​។ ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមាន​ទាំង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុ​វជ​ទូទាំងប្រទេស និង​ពិធី​សំណេះសំណាល ព្រមទាំង​ទទួលទាន​អាហារ​សាមី​រវាង​នាយករដ្ឋមន្ត្រី និង​សិល្បករ​សិល្បការិនី ផងដែរ​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ភាពយន្ត​ខ្មែរ ដោយ​សម្តេច​ប្រកាស​លើកលែង​ពន្ធ​លើ​ក្រុមហ៊ុន​ភាពយន្ត​ខ្មែរ រយៈពេល ៥​ឆ្នាំ​បន្តទៀត ពោលគឺ​រហូតដល់​ឆ្នាំ​២០២៣ ហើយ​បើ​ដរាបណា​សម្តេច នៅតែ​ជា​នាយករដ្ឋមន្ត្រី នោះ​រាជរដ្ឋាភិបាល ក៏​នៅតែ​បន្ត​លើកលែង​ពន្ធ​ដល់​វិស័យ​ភាពយន្ត​ខ្មែរ​ជានិច្ច​។​

​ ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​សន្និបាត​ក្រសួងការបរទេស​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ បានប្រកាស​យ៉ាង​ម៉ឺងម៉ាត់ បន្ត​អនុវត្តន៍​នយោបាយ​ការបរទេស​អ​ព្យា​ក្រឹត្យ​អចិន្ត្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ ស្រប​ពេលដែល​សភាពការណ៍​ពិភពលោក កំពុង​វិវត្តន៍​ក្នុងស្ថានភាព​ស្មុគស្មាញ និង​គ្រោះថ្នាក់​។ បើតាម​សម្តេច​តេ​ជោ សភាពការណ៍​ការទូត​របស់​ពិភពលោក​ដែល​កំពុង​ប្តូរ​មុខព្រួញ ទៅជា​មហាអំណាច​ពហុ​ប៉ូល និង​ការ​ផ្តាស់​ប្តូរ​ការអនុវត្តន៍​គោលនយោបាយ​ពី​ប្រព័ន្ធ​ពហុភាគី​និយម ទៅជា​ឯកតោភាគី​និយម និង​គាំពារ​និយម កំពុង​គំរាម​ដល់​ប្រព័ន្ធ​សណ្តាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន ដែល​ទាមទារ​ឲ្យ​កម្ពុជា​កាច់​ច​ង្កួ​ត​ប្រទេស ដោយ​កា​ររ​ថ្លឹងថ្លែង និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។

​ ​ដើម្បី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ថ្ងៃ​៨​មីនា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ ដោយ​ព្រះអង្គ បាន​អំពាវនាវ​ឲ្យ​កូនចៅ មាតា បិតា អាណាព្យាបាល ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម វប្បធម៌​អហិង្សា​នៅក្នុង​គ្រួសារ​។ ទិវា​នារី​អន្តរជាតិ​៨​មីនា ខួប​លើក​ទី​១០៨ នៅ​ឆ្នាំនេះ ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ “​លើកកម្ពស់​សមភាព​យែ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”​។​

​ ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមីនា សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើល​ពី​ការរស់នៅ ព្រមទាំង​ផ្តល់​អំណោយ​មនុស្សធម៌ និង​អាហារ​ដល់​កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្ត​បរទេស​សរុប​ចំនួន ១៣៣​នាក់ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប ទុំ​ឌី ដែល​ស្ថិតនៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្នុងឱកាស​នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាស​ប្រឆាំង​ដាច់ខាត​នូវ​អំពើ​ព្រៃផ្សៃ អសីលធម៌ និង​ការរំលោភបំពាន​លើ​ស្ត្រី​ខ្មែរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមីនា ជា​ទិវា​នារី​អន្តរជាតិ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល និង​ស្រស់ស្រូប​អាហារ ជាមួយ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ជាង ៣០០​នាក់​។ ពិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នេះ គឺជា​កាយវិការ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​អ្នកធាក់ស៊ីក្លូ ដែល​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ចាត់ទុកជា​របរ ដែល​ផុយស្រួយ និង​ងាយ​រងគ្រោះ នៅ​កម្ពុជា​។ ក្នុងនោះ​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា នៅតែ​បន្ត​គាំទ្រ និង​ផ្តល់​ការឧបត្ថម្ភ​ដល់​សមាជិក​សកម្ម ជា​អ្នកធាក់ស៊ីក្លូ នូវ​របប​ប្រចាំថ្ងៃ ៧​ពាន់​រៀល ការពិនិត្យ​ព្យាបាល​សុខភាព ដោយ​មិន​គិតថ្លៃ ព្រមទាំង​ប្រាក់ឧបត្ថម្ភ​មរណភាព ជាង ១​លាន​រៀល ជាដើម​។
​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នៅតែ​បន្ត​ឧបត្ថម្ភ ២៤​ម៉ឺន​ដុល្លារ ក្នុង មួយឆ្នាំ ហើយ​សប្បុរសជន និង​ឧកញ៉ា​ជាច្រើន ក៏បាន​ចូលរួម​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំឆ្នាំ ដល់​មូលនិធិ​ស៊ីក្លូ ដែល​បាន​បង្កើតឡើង​កាលពី​ខែមករា ឆ្នាំ​២០១៨ ផងដែរ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម