លោក សៀង ណាំ ចូលរួម កាត់​ឫស​សីមា សម្ពោធ​ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយ ក្នុងស្រុក​បន្ទាយស្រី

534
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប​ ៖ ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយ ស្ថិតក្នុង​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដែល​បានចាប់ផ្ដើម​កសាង​នៅ​ចុងឆ្នាំ​២០១២ រហូតដល់​ចុងឆ្នាំ​២០១៨​នេះ ចំណាយ​ថវិកា​អស់​ចំនួន ៣២៥.០០០ដុល្លារ​អាមេរិក ជា​ថវិកា​សន្សំ​អស់​ជាច្រើន​ឆ្នាំ​ពី​កម្មវិធី​បុណ្យទាន​ផ្សេងៗ និងបានមកពី​ការចូលរួម​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឬ​សសី​មា សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​. កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ។

លោក ពិន ប្រាកដ អភិបាលរង បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត​ស្រះ​ដូន​រីករាយ​និង អាជ្ញាធរ​ដែនដី បងប្អូន​ប្រជា​ពលរដ្ឋ ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​សាមគ្គី​ចូលរួមចំណែក​ជា​កម្លាំង​កាយ កម្លាំងចិត្ត និង​ទ្រព្យធន​ធ្វើ​ឲ្យ​ការកសាង​ព្រះវិហារ​នេះ​បានសម្រេច​រួចរាល់​ជា​ស្ថាពរ ហើយ​តាមរយៈ​សមិទ្ធផល​នេះ គឺជា​មោទនភាព​របស់​យើងទាំងអស់គ្នា ទាំង​ព្រះសង្ឃ និង​គ្រហស្ថ ពិសេស​ការរួមចំណែក គាំទ្រ​ជួយឧបត្ថម្ភ​ពី​ពុទ្ធបរិស័ទ​សប្បុរស​ជន​ជិត​ឆ្ងាយ​នានា ដែល​ទើប​ធ្វើឱ្យ​វិស័យ​ពុទ្ធចក្រ​នៅ​ខេត្តសៀមរាប មានការ​ដុះដាល​ដូច​ពេលនេះ​។​

អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា សមិទ្ធផល​ថ្មី​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​រួមចំណែក​ក្នុងការ​រីកចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ព្រះ​ពុ​ទ្ឋ​សាសនា​ជា​សាសនា​របស់​រដ្ឋ ប៉ុន្តែ​វិស័យ​ពុ​ទ្ឋ​ចក្រ​និង​វិស័យ​អាណាចក្រ បាន​ដើរ​ទន្ទឹមគ្នា​ពុំ​អាច​ខ្វះ​មួយណា​បានឡើយ ដើម្បី​ចូលរួម​ជួយ​ស្តារ និង​អភិវឌ្ឍន៍​សង្គមជាតិ​ឱ្យបាន​រីកចម្រើន ខណៈ​ក្នុងសម័យ​របប ប៉ុល ពត គ្រប់​​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​សង្គមជាតិ រួមទាំង​វត្ត​អារាម​ផង ត្រូវ​ទទួលរង​នូវ​ការបំផ្លិច​បំផ្លាញ​ស្ទើរតែ​សូន្យ សូម្បីតែ​ព្រះសង្ឃ ក៏ត្រូវ​ទទួលរង​នូវ​ការកាប់សម្លាប់​ផងដែរ ។​

លោក សៀង ណាំ បាន​និយាយថា ប៉ុន្តែ​ដោយសារ​ថ្ងៃជ័យ​ជំនះ ៧ មករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​បាន​រំដោះ​រួច​ផុតពី​គ្រោះ​ប្រល័យពូជសាសន៍ និង​ផ្តើមចេញពី​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទូទាំងប្រទេស ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ។​

អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍​ទៀតថា វត្ត​អារាម​មិន​គ្រាន់តែ​ជាទី​សក្ការៈ សម្រាប់​គោរពបូជា​តាមផ្លូវ​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ តែ​ជា​ថ្នាល​បណ្តុះបណ្តាល​ចំណេះដឹង បញ្ញាញាណ តម្លៃ​សីលធម៌ និង​ស្មារតី រួមរស់​សាមគ្គី​គ្នា​តាមផ្លូវ​ពុទ្ធចក្រ និង​អាណាចក្រ​ទៀតផង ពិសេស​វត្ត​អារាម​ជាច្រើន បានផ្តល់​ជាទី​តាំង​សាលារៀន កន្លែង​ផ្តល់​សេវា​សុខាភិបាល មណ្ឌល​សង្គ្រោះ​ក្មេង​កំព្រា មនុស្ស​អនាថា​គ្មាន​ទីពឹង និង​ជា​កន្លែង​ជួយ​អប់រំ​កែប្រែ​ដល់​អ្នកញៀន​គ្រឿងញៀន​ជាដើម ដូច្នេះ វត្ត​អារាម មាន​តួនាទី​យ៉ាងសំខាន់​ក្នុងសង្គម​កម្ពុជា៕B/

លោក សៀង ណាំ ចូលរួម កាត់​ឫស​សីមា សម្ពោធ ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយ ក្នុងស្រុក​បន្ទាយស្រី (រូបភាព ៖ គូលែន)