អាសូរ​ណាស់ ប្រពន្ធ​ស្លាប់​នៅនឹងកន្លែង ប្ដី​ស្លាប់​នៅ​មន្ទីរពេទ្យ កូនតូច​កំពុង​ត្រូវបាន​សង្គ្រោះ​ដោយសារតែ​ចោរឆក់​កាបូប

1558
ចែករម្លែក

(​ភ្នំពេញ​)៖ សព្វថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​ការ​ឆក់​កាបូប ទូរស័ព្ទ​និង​វត្ថុ​មាន​តំលៃ​នានា​កើតមាន​រាល់ថ្ងៃ​ស្ទើរ​គ្រប់​ខណ្ឌ​ទាំងអស់​ហើយ​វា​បាន​​បង្ក​ការភ័យខ្លាច​ជាង​អ្វីៗ​ទាំងអស់​សំរាប់​អ្នកដំណើរ​ថ្មើរជើង តាម​ទោច​ក្រ​ឬ​ត្រីចក្រយានយន្ត គឺ​ភ័យ​ជាង​ភេរវកម្ម​ទៅទៀត ហើយដោយ​​សារ​តែ​សកម្មភាព​ឆក់​នេះ​បានកើត​តាម​រ៉ាំរ៉ៃ​និង​រាល់ថ្ងៃ​វា​បង្កើតបានជា​រឿង​ប្លែកៗ ដូចជា​ជន​ត្រូវ​ចោរឆក់​ដួល​បែកក្បាល​ដែល​គេ​សន្មត​​ថា​ស្លាប់​ហើយ​បែរជា​រស់​វិញ​កាលពី​ពីរ​បី​ថ្ងៃ​មុននេះ​ជាដើម​។​

រឿង​ឆក់​ក្នុង​ក្រុងភ្នំពេញ​នេះ កើតមាន​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ សូម្បីតែ​មន្ត្រី​ខណ្ឌ តារា អ្នកកាសែត ជនបរទេស​…​លើកលែងតែ​អ្នកជិះ​​រថយន្ត​ដែលជា​អ្នកមាន​និង​មន្ត្រី​។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ពុធទី២៨មិថុនា​នេះ​ទៀត រឿង​សោកនាដកម្ម​ឆក់​ក្នុង​រាជធានី​ភ្នំពេញ​បានកើត​ចំពោះ​ប្តី​ប្រពន្ធ​មួយគូ រួមទាំង​កូនតូច​ម្នាក់​។ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​និង​កូន​ទៅផ្ទះ ខណ​:​ដែល​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​ចំការ​ដូង​(២១៧)​ត្រូវ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ឆក់​ខ្សែក​របស់​ ប្រពន្ធ​ដែល​អង្គុយ​នៅ​កៅអី​ក្រោយ ហើយ​ភ្លាមនោះ​បុរស​ជា​ប្តី​ក៏​ព្យាយាម​ជិះ​ម៉ូតូ​ដេញតាម​ម៉ូតូ​ជនសង្ស័យ​យ៉ាង​លឿន តែ​ជា​អកុសល​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​មួយគ្រឿង​ដែល​កំពុងបើក​ស្រប​ទិសដៅ​គ្នា បណ្តាលអោយ​ជនរងគ្រោះ​ជា​ប្រពន្ធ​បោក​ក្បាល​ស្លាប់​នៅ​​កន្លែងកើតហេតុ ហើយ​ចំណែក​ប្តី​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​តែ​ដោយ​អកុសល់​បុរស​នោះបាន​ស្លាប់​ពេល​បញ្ជូន​​ដល់​មន្ទីរពេទ្យ​ហើយ​កូនតូច​រងរបួស​ធ្ងន់​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​ចោរឆក់​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​ផងដែរ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​ដែលជា​ចោរឆក់​ទាំង​២​នាក់​យកទៅ​សួរ​នាំនៅ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌដង្កោរ ទើប​ប្រគល់អោយ​សមត្ថកិច្ច​មាន​ជ័យ​វិញ​ព្រោះ​ទីតាំង​ឆក់​ក្នុង​ទឹកដី​ខណ្ឌមានជ័យ​។​

​សព​ប្តី​ត្រូវបាន​គេ​ស្គាល់ឈ្មោះ មាន ពិសី អាយុ​២៨​ឆ្នាំ​ចំណែក​ប្រពន្ធ​និង​កូនប្រុស​មិនត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​សព​ទាំង​២​នាក់​ប្តី​​ប្រពន្ធ​ខាងលើ​ត្រូវបាន​ត្រូវបាន​រៀបចំ​ឯកសារ​ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់ថា សកម្មភាព​ឆក់​បង្ក​ការភ័យខ្លាច​ទូទាំង​ទីក្រុង​ភ្នំពេញ​នេះ​បាន​កើតមាន​មួយឆ្នាំ​ពីរ​ឆ្នាំ​មកហើយ ចំពេល​ថ្នាំញៀន​វាយលុក​​ចូល​ស្រទាប់​យុវវ័យ​យ៉ាង​ខ្លាំងក្លា​ផងដែរ​។​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដែលមាន​ជីវភាព​ក្រីក្រ​ឬ​បង្គួរ​ដែល​ច្រើន​ធ្វើដំណើរ​តាម​ម៉ូតូ​ឬ​រឺ​ម៉ក​កង់​​បី តែង​នាំគ្នា​បង្ហាញ​ការព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ធំៗ​ដែល​បើកបរ​លឿនៗ​ដោយ​អ្នកបើក​ក្មេងៗ​និង​ចោរឆក់ រហូត​លែង​ហ៊ាន​ឈរ​និយាយ​ទូរស័ព្ទ​តាម​ចិញ្ចើមថ្នល់​ឬ​ពាក់​គ្រឿងអលង្ការ​ជិះ​ម៉ូតូ​។​ពួកគេ​ស្នើអោយ​ថ្នាក់លើៗ​របស់​ប៉ូលិស​​បង្កើន​ការដាក់​កម្លាំង​តាមឃ្លាំមើល​និង​បង្ក្រាប ព្រោះ​ក្រុមខ្មែរក្រហម​អាច​កម្ចាត់​ចោល​អោយ​រលាយ​រលត់​បាន រឿង​អី​ត្រឹម​ចោរ​ក្មេងៗ​​បង្ក្រាប​មិនបាន។

សង្ឃឹមថាលោកអភិបាលក្រុងថ្មីនឹងបង្ហាញស្នាដៃអោយឃើញការប្រែប្រួលប្រសើរជាងមុន៕

ប្តីប្រពន្ធស្លាប់ កូនរបួសធ្ងន់ដោយសារចោរឆក់កាលពីយប់ថ្ងៃ២៨មិថុនា

ទីតាំងផ្សាយពាណិជ្ជកម្ម