វៀតណាម​ស្នើសុំ​ម៉ាឡេស៊ី​ដោះលែង​ជនសង្ស័យ ​ក្នុង​ឃាតកម្ម​លោក​គីម ជុង​ណា​ម​

556
ចែករម្លែក
  • 55
    Shares

​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា បាន​ស្នើសុំ​ម៉ាឡេស៊ី​ឲ្យ​ដោះលែង​ស្ត្រី​វៀតណាម ដែល​ជាប់ចោទ​ពី​បទ​ធ្វើឃាត​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង​ដែលមាន​ឪពុក​តែ​មួយ​តែ​​ម្តាយ​ទីទៃ​នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ នៅ​មួយថ្ងៃ​បន្ទាប់​ពី​សហ​ចុង​ចម្លើយ​សញ្ជាតិ​ឥណ្ឌូណេស៊ី ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ដោះលែង​។​

​ស្ត្រី​វៀតណាម ឈ្មោះ​ឌ័ន ធី​ហឿង កំពុង​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​នៅ​ម៉ាឡេស៊ី​ដើម្បី​រង់ចាំ​សវនាការ​ចំពោះ​ឃាតកម្ម​ស្ទីល​សង្គ្រាមត្រជាក់​នៅ​ម៉ាឡេស៊ី លើ​រូប​លោក​គីម ជុង​ណា​ម នៅ​​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ឆ្នាំ​២០១៧​។​

​ហឿង ត្រូវបាន​ចោទប្រកាន់​ជាមួយស្ត្រី​ឥណ្ឌូណេស៊ី នាង ស៊ីទិ អា​យ​ស៍យ៉ាស ដែល​ទើប​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​កាលពី​ថ្ងៃ​ចន្ទ​។​

​រដ្ឋមន្ត្រីការបរទេស​វៀតណាម ផាំ ប៊ិញ​មិញ កាលពី​ថ្ងៃ​អង្គារ បាន​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​ម៉ាឡេស៊ី ដោយ​ស្នើសុំ​ដោះលែង​នាង​ហឿង​ផងដែរ​។​

​វិទ្យុ​សំឡេង​វៀតណាម បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា​« លោក​បាន​ស្នើ​ម៉ាឡេស៊ី​ឲ្យធានា​សវនាការ​ដោយ​យុត្ត​ធម៌​មួយ និង​ដោះលែង​នាង​ធ័ន ធី ហឿង​»​។​

​ហឿង គ្រោង​នឹង​ឡើង​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​មីនា ក្រោយ​ពី​មេធាវី​របស់​នាង​ស្នើសុំ​អគ្គ​រដ្ឋអាជ្ញា​ម៉ាឡេស៊ី​ដក​ការចោទប្រកាន់​ឃាតកម្ម​លើ​រូបនាង​។​ក្រុម​រដ្ឋអាជ្ញា​អាច​ពិ​ចារ​​ណា​និង​ជូន​ព័ត៌មាន​ទៅកាន់​តុលាការ​។​

​វា​ជា​សំណើ​សាធារណៈ​ដ៏​កម្រ​និង​មិន​ធ្លាប់​មាន​មកពី​រដ្ឋាភិបាល​ក្រុង​ហាណូយ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​របស់​ពលរដ្ឋ​ខ្លួន​នៅ​បរទេស​។​វៀតណាម​បាន​ផ្តល់​មេធាវី​ការពារ​ក្តី​ទៅឲ្យ​​នាង​ហឿង ​តែ​អត់ធ្មត់​មិន​បាន​ធ្វើការ​បញ្ចុះបញ្ចូល​ជា​សាធារណៈ​ដើម្បី​ឲ្យមាន​ការដោះលែង​រូប​នាង​រហូត​ទាល់តែ​ថ្ងៃ​អង្គារ​ទី​១២​មីនា​។​

​ការដោះលែង​ស្ត្រី​ឥណ្ឌូណេស៊ី​នាំឲ្យមាន​ការ​ចោទ​ជា​សំណួរ​អំពី​ការជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ម៉ាឡេស៊ី ជាពិសេស​បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​បង្ហើប​ឲ្យ​ដឹងថា​​ខ្លួន​បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្រុង​គូ​ឡា​ឡាំ​ពួរ​សម្រាប់​ការដោះលែង​នេះ តែ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី កាលពី​ថ្ងៃ​អង្គារ​បាន​អះអាងថា ការ​សំម្រេចចិត្ត​នេះ​ស្រប​តាម​«​នីតិរដ្ឋ​»​។​

​ហឿង​និង​ស៊ីទិច ​បាន​បដិសេធ​ការចោទប្រកាន់​ឃាតកម្ម និង​ថា​ពួកគេ​ត្រូវបាន​បោក​បញ្ឆោត​ឲ្យសម្លាប់​មនុស្ស ដោយ​ប្រើ​ភ្នាក់ងារ​គីមី​ពុល​ម្យ៉ាង​៕​ដោយ​៖​វាសនា​/Ha

​ស្ត្រី​វៀតណាម ឌ័ន ធី​ហឿង (​កណ្តាល​)​ត្រូវបាន​នាំ​ខ្លួន​នៅ​តុលាការ​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​១១​មីនា ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម