បុណ្យ​ទន្លេ​ជិត​មកដល់ៈ​ទៅ​ស្វែងយល់​ពី​សាវតា​ខេត្តកំពង់ឆ្នាំង​

1086
ចែករម្លែក
  • 179
    Shares
ភ្នំនាងកង្រី និមិត្តរូបនៃខេត្តកំពង់ឆ្នាំង(រូបក្រសួងទេសចរណ៍)

ដោយៈ​ច្រាយ ចំណាន​,​មូល សម្បត្តិ​/​កំពង់ឆ្នាំងៈ កំពង់ឆ្នាំង ជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ភាគ​កណ្តាល នៃ​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​៩១​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ខេត្ត​នេះ​មាន​ខេត្ត​ចំនួន​បួន​នៅ​ព័ទ្ធជុំវិញ​។​ខាងកើត​ជាប់​ខេត្តកំពង់ចាម​, ខាងជើង​ជាប់​ខេត្តកំពង់ធំ ,​ខាងលិច​ជាប់​ខេត្តពោធិ៍សាត់ ហើយ​ខាងត្បូង​មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ស្ពឺ និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាមរយៈ​សិប្បកម្ម​ស្មូន ក្អម ថូ និង​ឆ្នាំងដី ដោយ​ដៃ​យ៉ាង​ល្អ​វិចិត្រ​។

​ខេត្ត​ដែលជា​ប់​ជាមួយ​សាវតា​រឿងព្រេង​ភ្នំ​នាង​ក​ង្រី​នេះ មាន​ផ្ទៃដី​៥៥២.១០០​ហិកតា និង​មាន​ក្រុង​ចំនួន​មួយ ស្រុក​ចំនួន​ប្រាំពីរ​ឃុំ​ចំនួន​៦៩​និង​៥៦៥​ភូមិ​។​ខេត្តកំពង់ឆ្នាំង​ក្រៅពី​មាន​ភាពល្បីល្បាញ​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ​នៃ​បន្ទាយលង្វែក ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រឡាច ដែលជា​អតីត​រាជធានី​របស់​ខ្មែរ​កាលពី​សតវត្សរ៍​ទី​១៥​នោះ ខេត្ត​មួយ​នេះ​ក៏មាន​តំបន់​ទេសចរណ៍​កម្សាន្ត​ជាច្រើន​កន្លែង ដែល​ក្នុងនោះ​រួមមាន​តំបន់​ប្រាសាទបុរាណ​ចំនួន​១១ តំបន់ភ្នំ​ចំនួន​១១ ទីប្រជុំជន​ផ្សារ​ចំនួន​១៥ និង​វត្ត​អារាម​ចំនួន​២៩​។ តំបន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនជាងគេ គឺ​តំបន់​ភូមិ​បណ្ដែត​ទឹក​ចំនួន​២ ស្ថិតនៅលើ​ផ្ទៃ​ទន្លេសាប​ដ៏​ធំ​ល្វឹងល្វើយ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ លោក​ឈួ​រ ចាន់​ឌឿ​ន ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នាពេល​បច្ចុប្បន្ននេះ​។

​ជាមួយនឹង​ភាពល្បីល្បាញ ខេត្តកំពង់ឆ្នាំង​ក៏មាន​បទ​ចម្រៀង​ជាច្រើន​បទ ដែល​ត្រូវបាន​អ្នកនិពន្ធ​តាក់តែងឡើង ដើម្បី​បង្អួត​ពី​សម្រស់​ដ៏​ត្រកាល​នៃ​តំបន់​នានា ដែល​ក្នុងនោះ​រួមមាន​ដូចជា​បទ កំពង់ឆ្នាំង​ដែល​ខ្ញុំ​ស្រមៃ​, កំពង់ឆ្នាំង​ជា​ស្រុកកំណើត​, ចំប៉ា​ផ្សារលើ​, រំដួល​លង្វែក ,​ផ្នូរ​នាង​ក​ង្រី​, ពង្រ​ស្វាយជ្រុំ​, បុប្ផា​កំពង់​ហាវ ភ្នំ​ក្រាំង​ដី​មាស​។​ល​។

​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ទាំងមូល​វិញ ភាគច្រើន ប្រជាជន​ប្រមាណ​ជាង​៨៥​ភាគរយ​ប្រកបមុខរបរ​ជា កសិករ​បង្កបង្កើនផល​លើ​វិស័យ​កសិកម្ម​។ ប្រមាណ​ជាង​ប្រាំពីរ​ភាគរយ ជា​ពាណិជ្ជករ ។​ជាង​ប្រាំមួយ​ភាគរយ ជា​អ្នកនេសាទ និង​មួយ​ភាគរយ ជា​មន្ត្រីរាជការ​។

​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩​នេះ ភាព​ទាក់ទាញ​របស់​ខេត្តកំពង់ឆ្នាំង​ត្រូវបាន​ក្រសួងទេសចរណ៍​សម្រេច ជ្រើស​យក​ធ្វើជា​ទីតាំង​ប្រារព្ធ​បុណ្យ​ទន្លេ​លើក​ទី​៥ ដែលមាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥-១៦-១៧ ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ដោយមាន​ការចូលរួម​ពី​សំណាក់​សម្ដេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​សម្ដេច កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយ​នឹង​បណ្តា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។
​ការបង្កើតឱ្យមាន​ពិធីបុណ្យ​ទន្លេ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​លើកកម្ពស់​នៃ​ការយល់ដឹង​សាធារណៈ អំពី​ភាព​ស្អាត និង​បៃតង ការថែរក្សា​បរិស្ថាន​ទន្លេ បរិស្ថាន​ទីក្រុង សណ្តាប់ធ្នាប់​ល្អ លើកកម្ពស់​គុណភាព​ផលិតផល និង​សេវា​ទេសចរណ៍​ឱ្យបាន​ល្អ​ដើម្បី​ធ្វើយ៉ាងណា​អូសទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យមក​កម្សាន្ត​នៅក្នុង​ខេត្តកំពង់ឆ្នាំង​កាន់តែច្រើន​។

​លោក​សេង​សាលី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ក៏បាន​បញ្ជាក់​ពី​ការយកចិត្​តទុកដាក់​ខ្ពស់​ទៅលើ​ការរៀបចំ​មហា​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ប្រចាំឆ្នាំ​២០១៩ នេះ ដែល​ធ្វើយ៉ាងណា​ឱ្យ​ពិធី​មួយ​នេះ​មានដំណើរ​ការប្រកប​ដោយ​ភាពរលូន និង​មាន​ភាព​ទាក់ទាញ​បំផុត​។​

​ដោយឡែក លោក ឈួ​រ ចាន់​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​បង្ហាញ​ពី​មោទន​ភាព​របស់​ខេត្តកំពង់ឆ្នាំង ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​បុណ្យ​ទន្លេ​ប្រចាំឆ្នាំ​២០១៩​លើក​ទី​៥​ផងដែរ​។​

ខេត្តកំពង់ឆ្នាំង​កំពុង​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​(​រូបថត​ក្រសួងទេសចរណ៍​)

​ជាការ​ត្រៀមខ្លួន​ស្វាគមន៍​ពិធី​ដ៏​ធំ​ប្រចាំឆ្នាំ និង​ជា​លើកដំបូង​របស់ខ្លួន​គ​ណៈ​គ្រប់គ្រង​ខេត្ត និង​គណៈ​អភិបាលខេត្ត បានរួម​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រៀបចំ​សណ្ដាប់ធ្នាប់ តុបតែង​លម្អ​ក្រុង​ទាំងមូល​ដែលជា​ទីកន្លែង​ប្រារព្ធ​ពិធី រួមមាន​ការ​លម្អ​សួនច្បារ​តាម​ដង​វិថី​នានា​ការរៀបចំ​លម្អ​ដោយ​ពន្លឺ​ភ្លើងពណ៌​នាពេល​រាត្រី​ជាពិសេស​ការតុបតែង​រៀបចំ​ជា​ខ្លោងទ្វារ​នៅ​ច្រកចូល​ក្រុង​ក្នុង​រូប​ភាពជា​ឆ្នាំងដី​យ៉ាង​ស្រស់ស្អាត​និង​គួរ​ជាទី​ទាក់ទាញ​ក្រោម​ការប្រឹក្សា​ផ្តល់យោបល់​ពី​សំណាក់​ក្រុមហ៊ុន អ្នកជំនាញ​ផ្នែក​រៀបចំ​មហា​ព្រឹត្តិការណ៍​នានា ព័ត៌មាន សកម្មភាព​(Media Action) ។ បន្ថែម​ពីនេះ ក៏មាន​ការបែងចែក​ទីតាំង​ផ្សេងៗ​ទៀត​ជាច្រើន ដូចជា ទីតាំង​សម្រាប់​ការដាក់​តាំង​បង្ហាញ​ផលិតផល និង​ទំនិញ​ផ្សេងៗ ដែល​បង្ហាញ​ពី​សក្ដានុពល​ក្នុងស្រុក​(​ភូមិ​មួយ​ផលិតផល​មួយ​)​ដែលជា​ប្រភេទ​កសិផល​ក៏ដូចជា​ផលិតផល​សិប្បកម្ម​ដែល​ធ្វើឡើង​ដោយ​ដៃ​ជាដើម ហើយ​ក៏មាន​ទីតាំង​សម្រាប់​ការប្រគំ​តន្ត្រី រាំ​របាំ ការបង្ហាញ​ម៉ូត​បែប​បុរាណ​-​ទាន់សម័យ និង​ទីតាំង​សម្រាប់​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​គ្រប់​បណ្តា​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​សុទ្ធតែ​អាច​ចូលរួម​កម្សាន្ដ​បាន​ទាំងអស់​។​

ខេត្តកំពង់ឆ្នាំង​កំពុង​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​(​រូបថត​ក្រសួងទេសចរណ៍​)

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន​បាន​មានប្រសាសន៍ថា ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​ដែល​នឹង​ចាប់ ផ្តើម​ពីថ្ងៃ​ទី​១៥​ដល់​១៧​មីនា​ខាងមុខនេះ រំពឹងថា​នឹងមាន​មនុស្ស​ចូលរួម​ប្រមាណ​៥០​ម៉ឺន​នាក់ នឹង​មកលេង​បុណ្យ​នេះ​។​
​ផេ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​បានសរសេរថា​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធីបុណ្យ​បានរៀបចំ​កិច្ចការងារ​របស់ខ្លួន​រួចជាស្រេច​ហើយ ក្នុងការ​ស្វាគមន៍​វត្ត​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​។​

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​ទ​ន្លេៈ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។​ពេលនេះ​ ​ការតុបតែង​លម្អ​នៅតាម​​ដងផ្លូវ​នៃ​​​​ក្រុង​កំពង់ឆ្នាំង ពិត​ជាមាន​ភាពស្រស់ស្អាត​គួរឱ្យ​ទាក់ទាញ​មែនទែន រីឯ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក៏​បានមក​ទស្សនា​កម្សាន្ត​បណ្ដើរៗ​ផងដែរ​។​

​ការងារ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​នេះ​បាន​ឆ្លងកាត់​ការប្រជុំ​ត្រួតពិនិត្យ​ជាច្រើនលើក​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​ភាពរលូន ប្រកបដោយ​ភាព​អធិក​អ​ធ័​ម​។ តួយ៉ាង​នា​ថ្ងៃទី​១១ ខែមីនា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមជាមួយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី ដោក សទ្ធា​ប្រធាន ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ចុងក្រោយ​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​សង្កត់ធ្ងន់​អំពី​ការពង្រឹង​សុវត្ថិភាព​ទូទៅ សុវត្ថិភាព​ចរាចរណ៍ សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ពិធី​និង​ទូទាំង​ក្រុង​កំពង់ឆ្នាំង​ពិសេស​គឺ​ត្រូវ​សម្រួល​ចរាចរណ៍​និង​ថែរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និង​គណៈអធិបតី​ឱ្យបាន​ល្អប្រសើរ​។​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បន្ថែម​ការតុបតែង​ភ្លើង​លម្អ នៅ​កន្លែង​មួយចំនួនទៀត​ពិសេស​ភ្លើង​លម្អ​នៅតាម​ដើមឈើ​ទីសាធារណៈ​ជាដើម​ខណៈ​ការតុបតែង​លម្អ​នៅ​កន្លែង​នានា ក្រុមការងារ​ក៏បាន​ខិតខំ​ធ្វើ​យ៉ាង​ល្អប្រសើរ​មកហើយ​ដែរ​។​ពិសេស​លើសពីនេះ​លោក​រដ្ឋមន្ត្រី​ថោង​ខុន​ក៏បាន​ស្នើ​ដល់​អគ្គិសនី​កម្ពុជា សូមកុំ​ឱ្យមាន​ការ​ដាច់​ភ្លើងអគ្គិសនី​ក្នុងពេល​ពិធីបុណ្យ​ទន្លេ រយៈពេល​បី​ថ្ងៃនោះ​ឱ្យសោះ​។​

​ចំពោះ​កម្មវិធី​សម្ដែង​សិល្បៈ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាដើម​នោះ​គឺមាន​ការត្រៀម​រួចរាល់​អស់​ខណៈដែល​ក្រុមការងារ​នៅតែ​ហាត់​សម​រៀល់ថ្ងៃ​ដើម្បី​ញ៉ាំង​បរិយាកាស​ក្នុង​ពិធីបុណ្យ​ទន្លេ​ខាងមុខ​នោះ​ឱ្យ​កាន់តែ​អធិកអធម​។​ការរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​នេះ​ទៀតសោត​ក៏មាន​ការសម្ដែង​សិល្បៈ​ពី​ក្រុម​សិល្បករ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី​។​

​លោក​ដ្ឋ​មន្ត្រី​បាន​ណែនាំ​ដល់​ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន​ទាំងអស់​ក្នុង​ក្រុង​កំពង់ឆ្នាំង​ត្រូវ​ស្លៀកពាក​ក​ឯកសណ្ឋាន​ឱ្យបាន​ស្អាតបាត​ត្រឹមត្រូវ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​ព្រមទាំង​សូម​ចូលរួម​ក្នុង​យុទ្ធនាការ​«​គ្មាន​សំរាម​ក្រោម​តុ​នៅតាម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​»​ឱ្យបាន​សស្រោកសស្រាំ​ង​។​លោក​រដ្ឋមន្ត្រី​នៅតែ​ជំរុញ​ឱ្យ​យុវជន ក៏ដូចជា​អ្នកមាន​គូស្រករ គប្បី​ចូលរួម​ដាំ​ដើមឈើ​ក្នុង​ពិធីបុណ្យ​ទន្លេ ទុកជា​អនុស្សាវរីយ៍​ឱ្យបាន​កុះករ ដើម្បី​ចូលរួម​ដល់​ការការពារ​បរិស្ថាន​៕​សរន​

ខេត្តកំពង់ឆ្នាំង​កំពុង​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​(​រូបថត​ក្រសួងទេសចរណ៍​)

ទីតាំងផ្សាយពាណិជ្ជកម្ម