មន្ត្រីជាន់ខ្ពស់​សង្គម​កិ​ច្ចៈ អ្នកធ្វើការ​សង្គមកិច្ច ត្រូវតែ​បាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

497
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក តូច ចាន់នី បានលើកឡើង​ពី​វិធានការ​ចាំបាច់​របស់​ក្រសួង​ចំពោះ​អ្នកធ្វើការ​លើ​វិស័យ​សង្គមកិច្ច​ថា នេះ​គឹជា​កាតព្វកិច្ច​ដ៏​សំខាន់ និង ចាំបាច់​បំផុត​មួយ ! មិន​ថា​បុគ្គល ឬ ស្ថាប័ន​ណា​មាន​ធនធាន​ប៉ុណ្ណា មានបទពិសោធន៍​យូរ​ឆ្នាំ​ប៉ុណ្ណា ឬ អ្នក​ដែលមាន​បំណង​នឹង​ចូលធ្វើការ​ក្នុង​វិស័យ​សង្គមកិច្ច ពួកគេ​ចាំបាច់​ត្រូវតែ​ឆ្លងកាត់​ការបណ្តុះបណ្តាល បទដ្ឋាន​វិជ្ជាជីវៈ​សង្គមកិច្ច​ឱ្យបាន​ត្រឹមត្រូវ និង គ្រប់ៗ​គ្នា ដោយ​រួមទាំង​មន្ត្រី​រដ្ឋាភិបាល និង មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ផង ។ ពុំ​នោះទេ ពួកគេ​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រតិបត្តិ​ការងារ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​វិស័យ​សង្គមកិច្ច​ឡើយ


​លោក តូច ចាន់នី បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ នេះ​ថា បទដ្ឋាន​វិជ្ជាជីវៈ​សង្គមកិច្ច គឺជា ក្រម​ប្រតិបត្តិ​សម្រាប់​ផ្តល់​សេវា​សង្គមកិច្ច​ប្រក​ដោយ​វិ​ជ្ចា​ជីវៈ និង ស្តង់ដា ដែល​ក្រម​នេះ នឹង​ផ្តល់នូវ​ម​គ្គុ​ទេស និង កម្រិត ឬ បទដ្ឋាន​គោល ឬ ជាការ​តម្រូវឱ្យ​អនុវត្ត ដល់​អ្នកពាក់ព័ន្ធ​ក្នុង​ការផ្តល់សេវា​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សង្គមកិច្ច ។


​ក្រម​ប្រតិបត្តិ ឬ បទដ្ឋាន​វិជ្ជាជីវៈ​សង្គមកិច្ច នេះ​គ្រោង​នឹង​ដាក់ឱ្យអនុវត្ត​ក្នុង​រយៈពេល ២ ទ ៣ សប្តាហ៍​ខាងមុខនេះ ដែល​នេះ​គឺជា​វឌ្ឍន​មួយ​ជំហាន​ទៀត ក្នុង​វិស័យ​ផ្តល់​សេវា​សង្គមកិច្ច ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក តូច ចាន់នី ។​


​នៅពេល​សួរថា តើ​វិធានការ​នេះ អាចជា​ការធ្វើឱ្យ​ស្មុគស្មាញ ឬ មានការ​លំបាក​ដល់​អ​ង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ដែល​ក្រសួង​សង្គមកិច្ច តែងតែ​និយាយ​ជា​ញឹកញាប់​ថា ជា​ដៃគូ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ដែរ ឬ យ៉ាងណា​នោះ លោក តូច ចាន់នី បាន​បញ្ជាក់ថា ការដាក់ឱ្យ​អនុវត្ត​ជា​ចាំបាច់ ពោលគឺ​ការ​តម្រូវឱ្យ​ឆ្លងកាត់​ការបណ្តុះបណ្តាល​នូវ បទដ្ឋាន​វិជ្ជាជីវៈ​សង្គមកិច្ច នេះ មិនមែន​ជាការ​រឹតបន្តឹង​ចំពោះ​ស្ថាប័ន​ក្នុង​វិស័យ​សង្គមកិច្ច​នេះឡើយ ប៉ុន្តែ​វា​គឺជា​វិធានការ​មួយ​ដ៏​សំខាន់​ក្នុងការ​ពង្រឹងគុណភាព នៃ ការផ្តល់សេវា​សង្គមកិច្ច ដែល​នេះ​គឺជា​ឆន្ទៈ​របស់​ក្រសួង​សង្គមកិច្ច​តាំងពី​យូរណាស់​មកហើយ ។​


​មន្ត្រីជាន់ខ្ពស់​រូបនេះ បន្ថែមថា តាមពិតទៅ បទដ្ឋាន​វិជ្ជាជីវៈ​សង្គមកិច្ច មិន​ត្រឹមតែ​មិនមែនជា​វិធានការ​រឹតបន្តឹង​អ្នកពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ជំនួយ​គោល​ដ៏​សំខាន់ ឬ រួមមួយ​សម្រាប់​ស្ថាប័ន​ដែលមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ប្រតិបត្តិ​ការងា​រ​វិស័យ​សង្គមកិច្ច ពីព្រោះ​ក្រសួង​សង្គមកិច្ច និង ដៃគូ​ពិតប្រាកដ តែងតែមាន​ឆន្ទៈ​ចង់​ធ្វើឱ្យ​វិស័យ​សង្គមកិច្ច​នេះ ល្អប្រសើរ​ឡើងជា​លំដាប់ ឆ្ពោះទៅរក​ស្តង់ដា​គោល​មួយ ហើយ​ឥឡូវនេះ គឺជា​ពេលវេលា​ដ៏​សមរម្យ​ហើយ ក្នុងការ​ពង្រឹង ឬ ធ្វើឱ្យ​វិស័យ​សេវា​សង្គមកិច្ច​មាន​ស្តង់ដា​មួយ​របស់ខ្លួន ៕ Kh

លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម