បើកសវនាការ​សំណុំ​ឃាតកម្ម​គិតទុក​ជាមុន ពាក់ព័ន្ធ​ករណី​បោក​គ្រាប់បែក​ក្រោម​រថយន្ត​សម្លាប់​ប្រុស​ស្នេហ៍​

1398
ចែករម្លែក

(​ភ្នំពេញ​) ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន និង​ឃាតកម្ម​គិតទុក​ជាមុន ពាក់ព័ន្ធ​ករណី​បោក​គ្រាប់បែក​សម្លាប់​ប្រុស​ស្នេហ៍​ក្បត់ចិត្ត​។​

​សវនាការ​បាន​សួរដេញដោល​ជនជាប់ចោទ​ទី​១.​ឈ្មោះ សុខ គឹម​លី ភេទ​ស្រី អាយុ ៤១​ឆ្នាំ ជា​មេខ្លោង​ក្នុង​អំពើ​ឃាតកម្ម​នេះ បាន​ឆ្លើយ​បដិសេធថា ខ្លួន​មិនបាន​បញ្ជា​ឲ្យ​ពួក​ជនជាប់ចោទ​ទាំងនេះ ទៅ​បោក​គ្រាប់បែក​ទេ​។ ជនជាប់ចោទ​ទី​២.​ឈ្មោះ ប៊ុន ភក្តី ហៅ​ភ​ក្ត្រ័ ហៅ​វ័​ន្ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​, ជនជាប់ចោទ​ទី​៣.​ឈ្មោះ ប៊ូ សុភាព ភេទ​ស្រី អាយុ ២៥​ឆ្នាំ​, ជនជាប់ចោទ​ទី​៤.​ឈ្មោះ នូ សំបាន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ អ្នករត់ម៉ូតូឌុប​។​

ចំពោះ​សវនាការ​នេះ មិនទាន់​សួរ​ជនជាប់ចោទ​ទាំងអស់​ទេ នៅ​ឈ្មោះ សាក់ ម៉ាប់ ហៅ​ចាប​មាស​មួយទៀត ដោយសារ​អស់ម៉ោង​រដ្ឋបាល លោក​ចៅក្រម សម្រេច​បន្ត​សវនាការ​រឿងក្តី​ខាងលើនេះ នៅ​ថ្ងៃទី​១៨ ខែសីហា ស្អែក​នេះ​បន្តទៀត​។​

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ជនសង្ស័យ ៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅលើ​ផ្លូវ​១៦៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ពន្ធនាគារ​ព្រៃ​សនឹង​ពន្ធនាគារ PJ ក្រោម​ការចោទប្រកាន់​ពីរ​បទល្មើស​គឺ​បទ ឃាតកម្ម​គិតទុក​ជាមុន​៕L ដោយ៖ លីនណា