ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​ដើម្បី​បញ្ចប់​ការគាំទ្រ​សង្គ្រាម​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងប្រទេស​យេ​ម៉ែន​

505
ចែករម្លែក

​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ទី​១៣​មីនា​ដើម្បី​បញ្ចប់​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សង្គ្រាម​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅក្នុង​ប្រទេស​យេ​ម៉ែន ដោយ​នាំឱ្យ​សភា​ឈាន​មួយ​ជំហាន​ទៀត​ខិត​ទៅរក​ការស្តីបន្ទោស​មិន​ធ្លាប់មាន​ពីមុន​មកលើ​គោលនយោបាយ​ការបរទេស​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​ពួក​សមាជិកសភា​និង​ព្រឹទ្ធសភា​មិនដែល​លើកឡើង​ពីមុនមក​ទេ​អំពី​សេចក្តីសម្រេចចិត្ត​ស្តីពី​អំណាច​សង្គ្រាម​ចំណាស់​រាប់​ទសវត្សរ៍​ដើម្បី​បញ្ឈប់​ជម្លោះ​នៅ​បរទេស ប៉ុន្តែ​ពួកគេ​បាន​ត្រៀមខ្លួន​ធ្វើ​ដូច្នេះ​ដើម្បី​កាត់ផ្តាច់​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​សង្គ្រាម​ដែល​បាន​បង្កឱ្យមាន​គ្រោះមហន្តរាយ​មនុស្សធម៌​។​

​ការបោះឆ្នោត​នេះ​បានដាក់​សភា​ឱ្យ​ស្ថិត​លើផ្លូវ​ប៉ះទង្គិច​ជាមួយ​លោក​ត្រាំ ដែល​បាន​គំរាម​រួចមកហើយ​ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេចចិត្ត​នេះ ដែល​សេត​វិមាន​និយាយថា​បាន​បង្កើន “​ការបារម្ភ​អំពី​រដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ​”​។​

​វិធានការ​នេះ​ត្រូវបាន​គាំទ្រ​រួមគ្នា​ដោយ​ព្រឹទ្ធសមាជិក​លោក​បឺ​នី សាន់​ឌ័​រ និង​លោក​ម៉ៃ លី​។ បន្ទាប់មក វិធានការ​នេះ​នឹង​រុញ​ទៅ​សភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ កន្លែង​ដែល​គេ​រំពឹងថា​វា​នឹងត្រូវ​បានអនុម័ត​។​

​សេចក្តីសម្រេចចិត្ត​នេះ​ត្រូវបាន​អនុម័ត​ដោយ​សំឡេងគាំទ្រ ៥៤ ទល់ ៤៦ ជាមួយ​ព្រឹទ្ធសមាជិក​បក្ស​សាធារណរដ្ឋ​ចំនួន ៧ រូប​បាន​ដក​ដៃ​ចេញពី​លោក​ត្រាំ​ដើម្បី​គាំទ្រ​សេចក្តីសម្រេច​នេះ ក្នុងនោះ​រួមមាន លោកស្រី​ស៊ូ​សាន ខូ​ល​លីន នៃ​រដ្ឋ​មេន លោក​ស្ទី​វ ដេ​ន នៃ​រដ្ឋ​ម៉ុង​តា​ណា លោក​ម៉ៃ លី នៃ​រដ្ឋ​យូ​ថា លោក​ជើ​រី ម៉ូ​រ៉ា​ន់ នៃ​រដ្ឋ​កាន់​សាស លោកស្រី​លី​សា មួ​កូវ​ស្គី នៃ​រដ្ឋ​អា​ឡា​ស្កា លោក​រ៉ា​ន់ ផូ​ល នៃ​រដ្ឋ​កេ​ន​ថាក់​គី និង​លោក​ថូដ យ៉ាំង នៃ​រដ្ឋ​អ៊ី​ន​ឌីយ៉ាណា​។​

​លោក​សាន់​ឌ័​រ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ពី​ក្នុង​អគារ​ព្រឹទ្ធសភា​ថា “​ចំណុច​សំខាន់​គឺថា​សហរដ្ឋអាមេរិក​មិនគួរ​គាំទ្រ​សង្គ្រាម​ដ៏​មហិមា​ដែល​ដឹកនាំ​ដោយ​របប​ផ្តាច់ការនិយម ជាមួយ​គោលនយោបាយ​ការបរទេស​គ្មាន​ការទទួលខុសត្រូវ​នោះទេ​” ។ លោក​បាន​និយាយថា ការបោះឆ្នោត​គាំទ្រ​វិធានការ​នេះ​នឹង “​ចាប់ផ្តើម​ដំណើរការ​ទាមទារ​សិទ្ធិអំណាច​រដ្ឋធម្មនុញ្ញ​របស់​យើង​មកវិញ ដោយ​បញ្ចប់​ការចូលរួម​ពាក់ព័ន្ធ​របស់​អាមេរិក​នៅក្នុង​សង្គ្រាម ដែល​មិនត្រូវ​បានអនុញ្ញាត​ដោយ​សភា និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​”៕ ដោយ៖ កញ្ញាដាលីស

ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេចចិត្ត​មួយ​ដើម្បី​បញ្ឈប់​សង្គ្រាម​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែន

ទីតាំងផ្សាយពាណិជ្ជកម្ម