ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ នឹង​មកដល់​កម្ពុជា​នៅ​រសៀល​នេះ

553
ចែករម្លែក
  • 7
    Shares

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) នឹង​អញ្ជើញ​មកដល់​កម្ពុជា នៅវេលា​ម៉ោងជាង៣​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ នេះ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ គឺ​​ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមីនា ឆ្នាំ​២០១៩​។

តាម​កម្មវិធី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ជួប​ធ្វើ​សវនាការចុះហត្ថលេខា និង​ប្រកាស​ព័​ត៌​មាន​រួមជាមួយ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​វិមាន​ស​សន្តិភាព​។ ចំណែក​នៅពេល​រសៀល សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ អញ្ជើញ​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​រ៉េ នៅ​វិមាន​សន្តិភាព​។ នៅ​យប់​ល្ងាច​ថ្ងៃ​ដដែល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ អញ្ជើញ​ចូលគាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុង​ព្រះបរមរាជវាំង និង​លាង​សាយភោជន៍​ជូន​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នៅក្នុង​ព្រះបរមរាជវាំង​។

បន្ទាប់ពី​បញ្ចប់​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ នឹងធ្វើ​មាតុភូមិនិវត្តន៍​ចាក​ចេញពី​កម្ពុជា​។​

បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែម​ទៀត ហើយក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់ពី​បញ្ចប់​ជំនួប ប្រមុខដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

លោក​ប្រធានាធិបតី​កូរ៉េ និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​រំពឹងថា ​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។​


​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​របស់លោក​ប្រធានាធិបតី​មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹ​តិ្ត​ការណ៍ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​៕​B/Ha

លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​)