ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​សរសើរ​កម្ពុជា​ អនុវត្ត​ន៍លក្ខខណ្ឌ​ការងារ​បានល្អ

418
ចែករម្លែក
  • 49
    Shares

ដោយ​:​ដេប៉ូ​/ភ្នំពេញ​ ៖​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ បានបង្ហាញ​នូវ​ការកោតសរសើរ​ដល់​ប្រទេស​កម្ពុជា​ ដែល​បាន​ចូលរួម​អនុវត្ត​ន៍នូវ​លក្ខខណ្ឌ​ការងារ សិទ្ធិ​ការងារ​បាន​យ៉ាង​ល្អនា​កន្លងមក ​ដែលជា​កត្តា​យ៉ាងសំខាន់​ដល់​ការបញ្ជា​ទិញ​ពី​សហភាព​អឺរ៉ុប ។​

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ចូល​សម្តែង​ការគួរសម និង​ជម្រាបលា លោក​អ៊ិត​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ (រូបថត : ដេប៉ូ)

ការបង្ហាញ​ពី​ការកើត​សរសើរ​ដល់​កម្ពុជា​នេះ​ បន្ទាប់ពី​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា ចូល​ជួបសម្តែង​ការគួរសម និង​ជម្រាបលាលោក​អ៊ិត ​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​រសៀល​ថ្ងៃទី​១៤​ ខែមីនា ​ឆ្នាំ២០១៩​កន្លងមក​។​

បើតាម​លោក George Edgar បានឲ្យដឹងថា ​នា​កន្លងមក​ដោយសារ​ក​ម្ពុ​ជា​បាន​អនុវត្ត​ន៍លើ​លក្ខខណ្ឌ​ការងារ​បានល្អ​នេះ បានធ្វើឲ្យ​អ្នកបញ្ជា​ទិញ​នៅ​សហភាព​អឺរ៉ុបដែល​បាន​ផ្តោត​សំខាន់​ទៅលើ​លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​នោះ​ទើប​មាន​ការបញ្ជាទិញ​ពី​កម្ពុជា​បាន​ច្រើន​និង​កិច្ច​សហការគ្នា​បានល្អ​ប្រសើរ​។​

ទ​ន្ទឹម​ជាមួយគ្នានេះ លោក George Edgar ដែល​បាន​បំពេញបេសកកម្ម​ការងា​រ​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា ក៏បាន​សម្តែង​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ទាំង​នៅ​ទីក្រុង និង​ជនបទ​។

ជាមួយគ្នា​លោក​បានបង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​ការបន្ត​សហប្រតិបត្តិកា​រ​ជាមួយគ្នា​បន្តទៀត ហើយ​បាន​សម្ដែង​នូវ​ការអបអរសាទរ ចំពោះ​ភាព​រីកចម្រើន និង​លទ្ធផល​ដ៏​ល្អប្រសើរ​បែបនេះ​។ វឌ្ឍនភាព និង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ជាមួយ​សហភាព​អឺរ៉ុប​កន្លងមក​ទទួល​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា និង​ជោគជ័យ​ធំធេង​។

ព្រម​ជាមួយគ្នានេះ​លោកឯកអគ្គរដ្ឋទូត ក៏បាន​ផ្ញើ​សារទៅ​ដៃគូនានា ដើម្បីឲ្យ​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នូវ​ការខិតខំ​អនុវត្ត​ន៍ល្អ​ក្នុងការ​លើកកម្ពស់​លក្ខ​ខណ្ឌ​ការងារ និង​សិទ្ធិ​ការងារ ព្រោះថា ដៃគូជាច្រើន​នៅតែ​សម្តែង​ការពេញចិត្ត​របស់​ពួកគេ​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ ក៏ដូចជា​បន្ត​បញ្ជា​ទិញ​ប្រភព​ទំនិញ​ពី​កម្ពុជា​។​

ក្នុងជំនួប​នេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ថ្លែងអំណរគុណ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជាចំពោះ​អ្វីដែល​ជាការ​ចូលរួមចំណែក​របស់​សហភាព​អឺរ៉ុបក្នុង​ដំណើរការ​អភិវឌ្ឍ​រប​ស់​កម្ពុជារយៈពេល​កន្លងមក ហើយ​លោករដ្ឋមន្ត្រី​ក៏បាន​លើកឡើងថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ យើង​បានរួម​ដោះស្រាយ​នូវ​ការងារ​ជាច្រើន ជាពិសេស​លើ​វិស័យ​ការងារ​ដែល​ពាក់ព័ន្ធ​ដល់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​ការងារ​ផងដែរ​។

លោក​បាន​មានប្រសាសន៍ថា «​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ពិតជា​មានការ​ខិតខំ​ប្រឹងប្រែង​ជំរុញ​កិច្ច​សហប្រតិបត្តិទៅលើ​ការវិវឌ្ឍ​រីកចម្រើន និង​វឌ្ឍនភាព មកដល់​កម្ពុជា ហើយ​សហភាព​អឺរ៉ុប​គឺជា​គោលដៅ​ទីផ្សារ​នាំចេញ​ទំនិញ​វាយ​ន​ភណ្ឌ​ទីមួយ​របស់​កម្ពុជា​។ កម្ពុជា​បាន​អនុវត្ត​យ៉ាង​ល្អប្រសើរ​ទៅតាម​បទដ្ឋាន​ការងារ​អន្តរជាតិ ជាពិសេស ខិតខំ​ឆ្លើយតបបាន​ពេញលេញ​ទៅតាម​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​មកកាន់​កម្ពុ​ជាកា​លពី​ខែកក្កដា ឆ្នាំ​២០១៨”​។

លោក​រដ្ឋមន្ត្រី​បន្តថា យើង​បាន​នឹង​កំពុង​សហ​ប្រតិ​ប​ត្ត​ការ​យ៉ាង​ល្អ​ជាមួយ​គម្រោង​នានា ជាពិសេស​គម្រោង​ពាក់ព័ន្ធ​នឹង​ការ​លក្ខខណ្ឌ​ការងារ សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ដូចជា​គម្រោង​រោងចក្រ​កាន់តែ​ប្រសើ​រ​នៅ​កម្ពុជា គម្រោង​កិច្ចព្រមព្រៀង​ជា​សកល​របស់​ស៊ុយអែត និង គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី (GIZ, SLSG)​ជាដើម​៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ