​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

535
ចែករម្លែក
  • 25
    Shares
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីនខណៈមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ដោយៈ ម៉េង​ឆៃ​/ ភ្នំពេញៈ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង ក្នុងនោះ មាន​ព្រឹត្តិការណ៍​សំខាន់​មួយចំនួន ដូចជា សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ពី​ការមិន​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​កាត់ទោស​ប្រហារជីវិត​លើ​ជនល្មើស​រំលោភ​ចៅ កូន ប្អូន និង​រំលោភ​ក្មួយ ការចាប់​ឧកញ៉ា គិត ធាង ថៅកែ​រ៉ុ​ក ដាក់ពន្ធនាគារ ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿង​ញៀន ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ព្រមទាំង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​។​


​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា​មិន​ធ្វើ​វិ​សោ​នក​ម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បី​បើកផ្លូវ​អោយ​មានទោស​ប្រហារជីវិត ចំពោះ​ជនល្មើស​រំលោភបំពាន​ផ្លូវភេទ ដែលជា​ជីតា ឪពុក ជា​បង និង​ជា​ឪពុកមា​នោះទេ​។ តែ​ជំនួស​មកវិញ កម្ពុជា​ត្រូវ​អនុវត្តន៍​ច្បាប់ អោយបាន​តឹងរឹង​បំផុត គួបផ្សំ​នឹង​វិធានការ​អប់រំ ដែល​ចាំបាច់ ត្រូវមាន​ការចូលរួម​ទាំងអស់គ្នា​។​


​ ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ព្រឹក​ថ្ងៃទី​១១​មីនា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ បើក​ការស៊ីបអង្កេត​បន្ថែម ដើម្បី​ឈានទៅ​កំណត់​មុខសញ្ញា​មេក្លោង​ធំ ដែល​បាន​ចែកចាយ​គ្រឿងញៀន ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់​។ ក្រៅពី​បញ្ជា​អោយ​ក្រសួងមហាផ្ទៃ​ធ្វើការ​ងារ​នេះ​ឲ្យ​ដល់​ឫសគល់​នៃ​បញ្ហា សម្តេច​នាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​តុលាការ អនុវត្តន៍​នីតិវិធី ឆ្លើយតប​លើ​ករណី​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​មួយ​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​ផងដែរ​។ ក្រោយ​ការប្រកាស​នេះ នៅ​ល្ងាច​ថ្ងៃទី​១១ ខែមីនា អ្នកឧកញ៉ា គិត ធាង ដែលជា​ថៅកែ រ៉ក់ ត្រូវបាន​ប៉ូលិស​នាំខ្លួន​ពី​ផ្ទះ ទៅ​សាកសួរ​។ នៅ​ថ្ងៃទី​១២ មីនា អ្នកឧកញ៉ា គិត​ធាង​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ ប៉េ ហ្ស៊ី ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​។​


​ ​កាលពី​ថ្ងៃទី​១២ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ជួប​លោក ណូរី​អូ យ៉ាម៉ា​ហ្គូ​ឈិ (Norio Yamaguchi) អនុប្រធាន​ក្រុមប្រឹក្សា ផ្លាស់ប្ដូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន​។ ក្នុងជំនួប នៅ​វិមាន​សន្តិភាព ប្រតិភូ​វិនិយោគ​ជប៉ុន បានបង្ហាញ​គម្រោង​ក្នុងការ​ស្វែងយល់​ពី​ឱកាស​វិនិយោគ​បន្ថែម នៅ​កម្ពុជា​។ បើតាម​លោក ណូរី​អូ យ៉ាម៉ា​ហ្គូ​ឈិ វិនិយោគិន​ជប៉ុន ពិតជា​មានការ​ចាប់អារម្មណ៍​ចំពោះ​លក្ខខណ្ឌ​វិនិយោគ​នៅ​កម្ពុជា គ្រា​ដែល​រាជរដ្ឋាភិបាល​បាន​គាំទ្រ និង​យកចិត្តទុកដាក់​ជា​យ៉ាងខ្លាំង​ដល់​ការវិនិយោគ​របស់​បរ​ទេស​ដោយ​គ្មាន​ការរើសអើង រាប់ទាំង​អ្នកវិនិយោគ​គិ​ន ជប៉ុន​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លើយតប​ទៅកាន់​ប្រតិភូ​វិនិយោគិន​ជប៉ុន ថា រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ជួយ​គាំទ្រ​ដល់​ការវិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​។​


​ ​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងសុខាភិបាល កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បញ្ជា​ម្តងទៀត ឲ្យ​មន្ត្រី​ជំនាញ ស្រាវជ្រាវ​ជីក​ដល់​ឫសគល់ រក​មេខ្លោង ក្នុងករណី​ឧក្រិដ្ឋកម្ម គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់​។ តាម​សម្តេច​តេ​ជោ ហ៊ុន សែន ករណី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន នៅ​រ៉ក់ ដែល​ប៉ូលិស​បាន​ឆ្មក់​បង្ក្រាប កាលពី​យប់​ថ្ងៃទី​២២ ចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ត្រូវ​រក​មេខ្លោង យកមក​ផ្តន្ទាទោស ដោយ​គ្មាន​ការលើកលែង​ទេ​។ ភ្លាមៗ នៅ​រសៀល​ថ្ងៃទី​១២​មីនា តុលាការ បានសម្រេច​ចោទប្រកាន់ និង​បញ្ជូន​អ្នកឧកញ៉ា គិត​ធាង ថៅកែ រ៉ក់ ទៅ​ឃុំឃាំង​បណ្តោះអាសន្ន នៅ​ពន្ធនាគារ ប៉េ ហ្ស៊ី ។


​ ​កាលពី​ព្រឹក​ថ្ងៃទី​១៣​មីនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះ​សំណាល ជាមួយ​កម្មករ​កម្មការិនី នៅ​ខេត្តកោះកុង​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ បានប្រកាស​ពី​ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ កែប្រែ​ព្រំដែន ដែលជា​អតីត​តំបន់​អសន្តិសុខ និង​ជា​តំបន់​ប្រយុទ្ធ អោយ​ក្លាយជា​តំបន់​មាន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​។ បើតាម​សម្តេច​តេ​ជោ គោលនយោបាយ​នេះ សម្រេចបាន ៩០ ភាគរយ​ហើយ នាពេល​បច្ចុប្បន្ននេះ​។ ជាមួយគ្នានេះ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស រៀបចំ​នីតិវិធី ប្តឹង​អ្នក​ដែល​ប្រមាថ​ជីវិត​សម្តេច តាម​ហ្វេ​ស​ប៊ុ​ក​។


​ ​បន្ទាប់ពី​បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយនឹង​កម្មករនិយោជិត នៅ​រោងចក្រ​សហគ្រាស​នានា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្តដំណើរ អញ្ជើញ​ទៅ​កាត់​ខ្សែបូរ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា និង​សមិទ្ធផល​ថ្មី​ផ្សេងៗ​ទៀត នៅ​វិទ្យាល័យ ហ៊ុនសែន​-​ចាំ​យាម ស្ថិតនៅក្នុង​ស្រុក​ដងទង់ ខេត្តកោះកុង ជាប់​ព្រំដែន​ថៃ​។ អគារសិក្សា និង​សមិទ្ធផល​ថ្មី ដែល​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នេះ ចំណាយ​ថវិកា​ជាង ១,៧​លាន​ដុល្លារ​។​


​ ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ ចូលរួម​ពិធី​បិទ​សន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​កសិកម្ម និង​ត្រូវ​រិះរក​គ្រប់​វិធី​ក្នុង​ការបន្ថយ​តម្លៃ​ដើម ក្នុង​ការផលិត​ស្រូវ​អង្ករ ដើម្បី​បង្កើន​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង នៅលើ​ទីផ្សារ​អន្តរជាតិ​។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​អោយ​មហាសេដ្ឋី​កម្ពុជា ដែលមាន​ប្រាក់​ពាន់​លាន​ដុល្លារ ចូលរួម​វិនិយោគ​លើ​ការ​វិស័យ​កសិកម្ម ផងដែរ​។​


​ ​កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន និង​ភរិយា ព្រម​ប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច ៣​ថ្ងៃ នៅ​កម្ពុជា​។ នៅ​ព្រឹក​ថ្ងៃទី​១៥​មីនា លោក​ប្រធានាធិបតី​កូរ៉េ បាន​អញ្ជើញ​ចូលគាល់​ព្រះមហាក្សត្រ នៅ​ព្រះបរមរាជវាំង មុននឹង​លោក​ជួបចរចា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​ចំនួន ប្រាំ​ព្រមទាំង​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​។ ក្នុងនោះ កូរ៉េខាងត្បូង ក៏បាន​សម្រេច​ផ្តល់​ឥណទាន សម្បទាន​ដល់​កម្ពុជា ចំនួន ៧០០​លាន​ដុល្លារ​។ មុនពេល​ចាកចេញ​ពី​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែមីនា លោក​ប្រធានាធិបតី​កូរ៉េ បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ផងដែរ​។


​កាលពី​ថ្ងៃទី​១៥ ខែមីនា ពិធីបុណ្យ​ទន្លេ លើក​ទី​៥ រយៈពេល ៣​ថ្ងៃ បាន​ប្រារព្ធ​ឡើង នៅ​ខេត្តកំពង់ឆ្នាំង​។ នៅ​ព្រលប់​ថ្ងៃទី​១៦​មីនា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ ដូច​រៀងរាល់ឆ្នាំ​។ ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ចាប់តាំងពី​ឆ្នាំ​២០១៥ គឺធ្វើឡើង ក្នុង​គោលបំណង​បំផុស​មហាជន ឲ្យ​ចូលរួម​លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ទន្លេ​ឲ្យ​ប្រកបដោយ​និរន្ដរភាព ព្រមទាំង​ជាការ​ដឹងគុណ​ដល់​ទន្លេ ក្នុងការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​៕សរន




ទីតាំងផ្សាយពាណិជ្ជកម្ម