​ពលរដ្ឋ​ខេត្តព្រះវិហារ​អត់​ទឹក​ចាប់ផ្តើម​ដងទឹក​អូ​រយ​ក​ទៅប្រើ​ប្រាស់​

758
ចែករម្លែក
  • 156
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គ្រោះធម្មជាតិ​ពលរដ្ឋ​ខេត្តព្រះវិហារ​អត់​ទឹក​ចាប់ផ្តើម​ដងទឹក​អូ​រយ​ក​ទៅប្រើ​ប្រាស់​, មន្ត្រី​សុខាភិបាល អំពាវនាវ​ឲ្យ​ដាំទឹក​ជាមុនសិន មុននឹង​ទទួលទាន​ខ្លាច​ឆ្លង​រោគ​។

​លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព​អនាម័យ​ឲ្យ​បានល្អ ពិសេស​ប្រជាពលរដ្ឋ​ដែល​ដងទឹក​អូរ ទឹក​ព្រែក​យកទៅ​ទទួលទាន ត្រូវ​ដាំ​ឲ្យ​ពុះ​ជាមុន​។​

​ការអំពាវនាវ​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​រូបនេះ បាន​ធ្វើឡើង​ខណៈដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ទៅ​ដងទឹក​អូរ និង​ទឹក​ព្រែក យកទៅ​ប្រើប្រាស់ និង​ទទួលទាន​ប្រចាំថ្ងៃ​។ លោក​វេជ្ជបណ្ឌិត បាន​លើកឡើងថា​ប្រជាពលរដ្ឋ​មិនគួរ​ប្រើប្រាស់​ទឹក​ប្រភេទ​នេះ​ទេ​ព្រោះ​អាច​ប្រឈម​នឹង​ប​ញ្ហ​សុខភាព​។​

​លោក គួ​ង ឡូ បាន​ថ្លែង​បែបនេះ​ស្រប​ពេលដែល​អាកាសធាតុ​មានការ​ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​តំបន់​មួយចំនួន​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត​ប្រើប្រាស់ ធ្វើ​ឲ្យ​ពួកគាត់​បង្ខំចិត្ត​ទៅ​ដងទឹក​តាម​អូរ តាម​ព្រែក​យកទៅ​ប្រើប្រាស់ និង​ទទួលទាន​។ ទន្ទឹមនឹង​នោះដែរ លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ដងទឹក​អូរ ទឹក​ព្រែក​យកទៅ​ទទួលទាន សូម​ដាំ​ឲ្យ​ពុះ​ជាមុនសិន​។​

​សូម​បញ្ជាក់ដែរថា ក្នុង​រដូវប្រាំង​នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​ក្តី​ហួតហែង​ខ្លាំង ជាពិសេស​ក្នុងអំឡុង ខែមេសា និង​ឧសភា កម្តៅ​នឹង​ហក់​ឡើងដល់ ៤០ ទៅ​៤២​អង្សា ដោយសារតែ​ការរង​ដោយ​ប្រយោល​នៃ​ឥទ្ធិពល បាតុភូត​អែល​នី​ណូ (El Nino)​។

តាម​សារាចរ​ណែនាំ ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក ទុក​ទប់​ទល់នឹង​គ្រោះរាំងស្ងួត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ឥទ្ធិពល​អែល​ណូ​នី​នេះ ក៏​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន រដូវវស្សា​មកដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ ។​

​តាមរយៈ​សារាចរ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​វិធានការ សំខាន់ៗ​ចំនួន​៣ ដើម្បី​ទប់ទល់​ជាមួយ​បញ្ហា​នេះ​។ វិធានការ​ទាំង​៣​នោះ រួមមាន​៖១៖ ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​២០១៩​នេះ គឺអាច​ធ្វើ​បានតែ​១​ដង​ប៉ុណ្ណោះ ។ដោយ​មិន​អាចធ្វើ​ស្រូវប្រាំង​លើក​ទី​២​បានទេ បើទោះបីជា​ទឹក​នៅតាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយចំនួន ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​។​

២៖ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជាធម្មតា​ឡើងវិញ​។​
៣៖ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ត្រៀមលក្ខណៈ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​គ្រោះធម្មជាតិ​នានា​ដូចជា​ខ្យល់​កន្ត្រាក់​ជាដើម​៕S/​